ការ​នាំ​ចេញ​អង្ករ​លើក​ទី​2 ទៅ​ប្រទេស​ចិន​នឹង​ចាប់ផ្តើម​ឆាប់​ៗ

ប្រទេស​ថៃ ៖ ថៃ​នឹង​ចាប់ផ្តើម​នាំ​ចេញ​អង្ករ​១​លាន​តោន​លើក​ទី​២ នៅ​ក្រោម​កិច្ចសន្យា​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​នេះ​បាន​ពន្យារពេល​ការ​នាំ​ចូល​អស់​រយៈពេល​២-៣​ខែ ដោយសារ​ថៃ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​នាំ​ចេញ ។

លោកស្រី Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​លើក​ដំបូង​នៅ​ក្រោម​កិច្ចព្រមព្រៀង ត្រូវ​បាន​បញ្ចប់​កាលពី​ពាក់កណ្តាល​ឆ្នាំ​។ បន្ទាប់​ពី​ចិន​ស្នើ​សុំ​ផ្អាក​ការ​នាំ​ចូល​អង្ករ ឥឡូវនេះ​ថៃ​ហាក់ដូចជា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​នាំ​ចេញ​ជា​លើក​ទី​២ ។ លោកស្រី​និយាយ​ថា ៖ «​រដ្ឋាភិបាល​ថៃ​នឹង​បន្ត​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​តូច​ចំនួន​១០​ម៉ឺន​តោន​ក្នុង​១​ខែ​ដូច​កាលពីមុន ។ មន្ត្រី​ចិន និង​ថៃ​កំពុង​ពិភាក្សា​អំពី​សេចក្តី​លម្អិត​នៃ​ការ​នាំ​ចេញ ហើយ​អាច​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ » ។

លោកស្រី Duangporn បន្ត​ថា ក្នុង​អំឡុង​ការ​នាំ​ចេញ​លើក​ទី​២ ថៃ​រំពឹង​ថា ចិន​នឹង​ចរចា​ក្នុង​ការ​នាំ​ចូល​អង្ករ​១​លាន​តោន​បន្ថែម​ទៀត​ពី​ថៃ នា​ពេល​អនាគត ។

ទន្ទឹម​នឹង​នេះ ក្រសួងពាណិជ្ជកម្ម​មាន​ទំនុកចិត្ត​ក្នុង​ការ​បញ្ចប់​ឯកសារ​ទាំងអស់​មុន​ពេល​កំណត់​ក្នុង​ខែកុម្ភៈ​ខាង​មុខ សម្រាប់​ការ​ទាមទារ​សំណង​តាម​វិធានការ​ផ្លូវច្បាប់​ពី​អ្នកនយោបាយ​៤​រូប និង​អតីតមន្ត្រី​រដ្ឋាភិបាល​២​រូប ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អង្ករ​ក្លែងក្លាយ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​មួយ​ផ្សេង​ទៀត ។

លោកស្រី Duangporn បន្ត​ថា ៖ « ក្រសួង​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ក្នុង​ការ​សិក្សា​អំពី​នីតិវិធី​ច្បាប់​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​ជា​ករណី​ដ៏​គួរ​ឲ្យ​រសើប​មួយ​ដែល​ទាក់ទង​នឹង​ភ្នាក់ងារ​មួយ​ចំនួន » ។

ក្រសួង​បាន​រាយការណ៍​ថា ឈ្មួញ​អង្ករ​១៣​នាក់​បាន​ចូលរួម​ការ​ដេញថ្លៃ​អង្ករ​ប្រចាំឆ្នាំ ចំនួន​៧៥​ម៉ឺន​តោន​លើក​ទី​៥ ។ ប្រសិនបើ​រដ្ឋាភិបាល​ទទួលយក​ការ​ដេញថ្លៃ​របស់​ពួក​គេ និង​លក់​ភាគហ៊ុន​នោះ រដ្ឋាភិបាល​នឹង​ទទួល​បាន​៧,៤​ប៊ី​លាន​បាត​ក្នុង​តម្លៃ​លក់ ។

លើស​ពី​នេះ​ទៀត អ្នក​ដេញថ្លៃ​១០​នាក់​បាន​ចូលរួម​ការ​ដេញថ្លៃ​អង្ករ​មានគុណ​ភាព​ទាប​ចំនួន​២៥៥​ពាន់​តោន​សម្រាប់​វិស័យ​ឧស្សាហកម្ម​។ ក្រសួង​នឹង​ពិចារណា​ការ​ដេញថ្លៃ​របស់​ពួក​គេ​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ ។

អង្ករ​មាន​ប្រហែល​៩,១​លាន​តោន​ក្នុង​ស្តុក​របស់​រដ្ឋាភិបាល រួម​ទាំង​បរិមាណ​ចុង​ក្រោយ​បំផុត​ដែល​បាន​ដាក់​ដេញថ្លៃ ។ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៦ សីហា ថៃ​បាន​នាំ​ចេញ​អង្ករ​៦,៣​លាន​តោន​នៅ​ឆ្នាំ​នេះ ស្មើនឹង​៩៩​ប៊ី​លាន​បាត ពោល​គឺ​កើនឡើង​៨,២%​ក្នុង​បរិមាណ និង​៦%​ក្នុង​តម្លៃ​នៃ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕