មន្ត្រី​ថា​ស្ត្រី​ជាតិ​អេស្ប៉ាញ​រូប​នេះ ចេះ​«ជិះ​អំបោស​ហោះ​ធ្វើ​អំពើ​ធ្មប់»

ជាការអះអាង ដែលបង្កឲ្យម្ចាស់ខ្លួន គឺអ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ (Marga Bujosa Segado) អស់​សំណើច។ បន្ទាប់ពីអ្នកស្រី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា សង្គ្រាម​តតាំង​ពាក្យ​សំដី​គ្នា រវាង​អ្នកស្រី​និង​ក្រុម​អាជ្ញាធរ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ អ្នកស្រី​បាន​ចោទ​ក្រុម​មន្ត្រី​ទាំង​នោះ ថា​បាន​វាយដំ​ប្រើ​ហិង្សា​មក​លើ​អ្នកស្រី ខណៈក្រុម​មន្ត្រី​បាន​តប​មក​វិញ​ថា អំពើហិង្សា​បាន​កើត​ឡើង​មែន តែ​ដោយ​សារ​ពួកគេ​បារម្ភ​ថា អ្នកស្រី​ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ ចេះ​ធ្វើអំពើ​ធ្មប់។
មន្ត្រី​ថា​ស្ត្រី​ជាតិ​អេស្ប៉ាញ​រូប​នេះ ចេះ​«ជិះ​អំបោស​ហោះ​ធ្វើ​អំពើ​ធ្មប់»

អ្នកស្រីជាតិអេស្ប៉ាញ ឈ្មោះ ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ នៅពេលត្រូវបានចាប់ខ្លួន។ (រូបថតសហការី)

ការចោទប្រកាន់ថា ក្រុមមន្ត្រីអន្តោប្រវេសន៍ បានធ្វើការវាយដំមកលើរាងកាយអ្នកស្រី បានទទួលប្រតិកម្ម​តប​វិញ យ៉ាង«ចម្លែក»។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត នៅនាយកដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធថា​មិនបានធ្វើការវាយដំ លើអ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ (Marga Bujosa Segado) នោះទេ។

ស្ត្រីអ្នកស្រាវជ្រាវ​ជាតិអេស្ប៉ាញរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែ​សីហា​កន្លង​ទៅ ខណៈ​​ពេល​​ធ្វើការ​តវ៉ា ទាមទារ​ឱ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជន​សហគមន៍​បឹងកក់។

លោក អ៊ុក ហៃសិលា បានវាយបកទៅវិញថា គឺស្ត្រីជាតិអេស្ប៉ាញរូបនេះទៅវិញទេ ដែលបានព្យាយាម​«ចេញ​ក្បាច់​​គុន» ដល់ក្រុមមន្ត្រីរបស់លោក។ លោកឧត្ដមសេនីយ៍ទោ បានពន្យល់ប្រាប់សារព័ត៌មាន «ខេមបូឌា​ដេល្លី» ថា នៅពេលដែលក្រុមមន្ត្រីរបស់លោក កំពុងធ្វើរបាយការណ៍ អ្នកស្រី សេហ្គាដូ បានថត​រូបក្រុម​មន្ត្រី​របស់​​​លោក និងមិនព្រមចុះហត្ថលេខា នៅលើរបាយការណ៍នោះឡើយ។ លោកថ្លែងឡើងថា៖ «គាត់បាន​ធ្វើ​កាយវិការ​ច្រងេង​ច្រងាង ហើយធ្វើសញ្ញា ឲ្យក្តមកពួកយើងទៀតផង»។

ប្រធានផ្នែកស៊ើបអង្កេតរូបនេះ បានបន្តទៀតថា មន្ត្រីរបស់លោកបានសុំ ឲ្យអ្នកស្រីជាតិអេស្ប៉ាញ​លប់រូបថត​នោះ​ចេញ​វិញ តែ​អ្នក​ស្រី​បានបដិសេធ ខណៈរូបថតដែលថតបាននោះ បានបង្កការព្រួយបារម្ភ ដល់ក្រុមមន្ត្រីរបស់​នាយកដ្ឋាន​មួយនេះ។

លោក ហៃសិលា បាន​បញ្ជាក់ថា គឺមន្ត្រីរបស់លោក ជាអ្នកលប់រូបថតទាំងនោះ ដោយ​សារ​ខ្លាច​អ្នកស្រី សេហ្គាដូ យករូបថត ទៅធ្វើអំពើឲ្យ«ចុកពោះ»។ លោកថ្លែងថា៖ «គាត់ប្រហែលជាចេះ​អំពើ​អាប​ធ្មប់ ហើយ​បន្ទាប់​មក យក​រូបថតទាំងនោះ ទៅធ្វើអំពើឱ្យពួកយើងចុកពោះ ក៏ថាបាន។ មនុស្សគ្រប់​គ្នា​ដឹង​ថា ជនជាតិ​អេស្ប៉ាញ​​រូប​នេះ​​ចេះអំពើ។ ពួកគេចេះជិះអំបោសហោះ។»។

នៅចំពោះការចោទប្រកាន់​«ដ៏ចម្លែក»នេះ អ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ បានថ្លែងបដិសេធ ថាអ្នកស្រី​មិន​ចេះ​ធ្វើអំពើ ចេះក្បាច់គុន ឬប្រើគ្រឿញៀនអ្វីឡើយ។ ស្ត្រីជាតិអេស្ប៉ាញអាយុ ៣៨ឆ្នាំ បានរៀបរាប់ប្រាប់​សារ​ព័ត៌មាន​ដដែលថា ក្រុមមន្ត្រីនៅក្នុងនាយកដ្ឋាននេះ បានទាត់ធាក់អ្នកស្រីត្រូវត្រង់ពោះ និងចំដងខ្លួន នៅក្នុង​អំឡុង​ពេល​នៃការឃុំខ្លួននោះ។

ស្ត្រីអ្នកស្រាវជ្រាវរូបនេះ បានចំអកត្រឡប់ ទៅនាយកដ្ឋាន​អន្តោប្រវេសន៍​វិញ​ថា៖ «ខ្ញុំគិតថា អ្នកដែលប្រើប្រាស់​គ្រឿង​ញៀន គឺរូបគាត់ទៅវិញទេ។ ​ខ្ញុំ​ចង់​មាន​ន័យ​ថា វាជាការគួរឱ្យអស់សំណើច។»៕