​ឈ្មួញ​ឈើ​ចោទ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំចាយមារ ថា​គាប​យកលុយ​ពី​ពួកគាត់​

​លោក ផឹង ឃី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ឈ្មួញ​ឈើ​ចោទ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំចាយមារ ថា​គាប​យកលុយ​ពី​ពួកគាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​នៅ​ខេត្តព្រៃវែង​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​របស់​ប្រជាពលរដ្ឋ ឬ​ជា​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ តែបើ​ឈ្មួញ​ធំ ឬ​ឧក​ញ្ញ៉ា​មាន​ឥទ្ធិពល​ខ្លាំង ពួកគេ​មិនដែល​ហ៊ាន​ប៉ះពាល់​នោះទេ ហើយ​ថែមទាំង​ជួយ​បិទបាំង​ដើម្បី​ទទួលបាន​ប្រាក់​សំណូក​ក្រាស់ក្រែល​ទៅវិញ​។​

លោក សៅ ទូច ដែលជា​កម្មករ​ស៊ីឈ្នួល​បើករថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ដែលមាន​ដូចជា គ្រោងទ្វារ បង្អួច និង​ឈើ​មួយចំនួន​ផង​ពី​ខេត្តមណ្ឌលគិរី បាន​និយាយថា ពេល​ខ្លួន​បើករថយន្ត​តាមផ្លូវ​ជាតិ​លេខ​៨ មកដល់​ចំណុច​ភូមិ​សាមគ្គី ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ក៏ត្រូវ​បាន​មេព្រៃ​ចាប់​តែម្តង ដោយ​មេព្រៃ​បាន​ជំរិត​ទារលុយ​ខ្លួន​ចំនួន​២០​ម៉ឺន​រៀល តែ​ដោយ​ថា​ខ្លួន​មិន​ឲ្យ​លុយ​ទើប​យក​រថយន្ត​មក​ស្នាក់ការ​តែម្តង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ដែល​ឃាត់​រថយន្ត​របស់គាត់ គឺជា​ក្រុម​របស់លោក ផឹង ឃី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំចាយមារ​។​

ឈ្មួញ​រកស៊ី​គ្រឿង​លក់​សង្ហា​រឹម ពី​ខេត្តក្រចេះ កំពង់ចាម មណ្ឌលគិរី និង​ស្ទឹងត្រែង ដែល​តែងតែ​ដឹក​គ្រឿង​សង្ហា​រឹម​មក​លក់​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តព្រៃវែង​បានបញ្ជាក់​ថា ពួកគាត់​តែងតែ​ត្រូវបាន​មន្ត្រី​ជំនាញ​តាមផ្លូវ​គាប​យកលុយ​បណ្តាក់​គ្នា​ដូច​ខ្យង​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផលចំណេញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​មិនបាន​បំពេញការងារ​តាម​ជំនាញ​នោះទេ តែ​ផ្ទុយទៅវិញ​ប្រើ​អំណាច​ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ​ទៅវិញ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ឈ្មួញ​រកស៊ី​គ្រឿង​លក់​សង្ហា​រឹម បាន​រិះគន់ថា​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ក៏មាន​ករណី​ដឹកឈើ​ប្រណីត​ដែល​មិនទាន់​កែច្នៃ​តាម​រថយន្ត​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារព្រំដែន​ច្រើន​ករណី​ផងដែរ តែ​មន្ត្រី​ជំនាញ​មិន​បង្ក្រាប និង​ករណីខ្លះ​មិន​ហ៊ាន​បង្ក្រាប​នោះទេ តែ​ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ​បែរជា​មក​គាបសង្កត់​ឈ្មួញ​រកស៊ី​លក់​គ្រឿង​សង្ហា​រឹម ឬ​ឈើ​បន្តិចបន្តួច​យកមកប្រើ​ប្រាស់​លក្ខណៈ​គ្រួសារ ឬ​ក្នុង​ទ្រង់ទ្រាយ​តូច​ទៅវិញ​៕

១១(5)