ពិតជាសោកស្តាយ!​ ម្ចាស់​បទ ​«​ស្រី​ខ្មៅ​មាសបង​» ​​​ទទួល​មរ​ណ​ភាព​ព្រឹកមិញ

រាជធានីភ្នំពេញ ៖ លោក​កុ​ល សែ​ម ម្ចាស់​បទ ​«​ស្រី​ខ្មៅ​មាសបង​» បាន​ទទួល​មរ​ណភាព​​ហើយ ​កាលពី​​ម៉ោង​១០ និង៣០​ព្រឹក​​ថ្ងៃ​​ទី ០៥​ កញ្ញា ​២០១៦ នេះ​ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​ ដោយ​ជំងឺ​ចាស់ជរា (​តម្រងនោម និង​ជំងឺ​ទាក់ទង​នឹង​ឈាម​) ​ដែលសព​របស់​លោក​កំពុងតម្កល់​​​នៅផ្ទះ​កូនចៅ​ ​​ស្ថិតនៅ​ម្តុំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ 

ម្ចាស់​បទ​ចម្រៀង «មាន់​រងាវ» ដែល​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​អ្នកស្រីរស់ សិរី​សុទ្ធា គឺ​លោកកុ​ល សែ​ម ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​លោក​បាន​ទទួល​រង​​ជំងឺលើសឈាម និង​តម្រង់​នោម​ នៅ​មន្ទីរពេទ្យ​ព្រះ​ព្រះ​កុ​សម​: ។

កូនស្រី​របស់​លោកកុ​ល សែ​ម ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ឪពុក​របស់​អ្នកស្រី​មាន​ជំងឺលើសឈាម និង​តម្រង​នោម​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ អាកា​រៈ​បាន​រើ​ឡើង​វិញ​គួរ​ឱ្យ​​ព្រួយបារម្ភ​ ទើប​​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ ។

អ្នកស្រី​គិត​ថា ជំងឺ​ឪពុក​អ្នកស្រី​បាន​ធ្លាក់​ដល់​សភាព​ធ្ងន់ធ្ងរ​នា​ពេល​នេះ ក៏​ជា​មូលហេតុ​នៃ​ភាព​ចាស់ជរា​ផង​ដែរ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ លោក​មាន​វ័យ​៧២​ឆ្នាំ​ហើយ​ ។ អ្នកស្រី​​បន្ថែម​ថា មុន​នឹង​ធ្លាក់ខ្លួន​ឈឺ​នេះ ឪពុក​អ្នកស្រី​ គឺជា​មន្ត្រី​មួយ​រូប​ផង​ដែរ​ នៅ​មន្ទីរ​​វប្បធម៌​​រាជធានី​ភ្នំពេញ ខណៈ​ពេល​​ដែល​ស្នាដៃ​បន្តបន្ទាប់​​របស់​លោក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​អ្នកស្រី​មិន​បាន​ដឹង​ច្បាស់​ឡើយ ក្រៅ​តែ​ពី​បទ «មាន់រងាវ និង​​ខ្មៅ​មាសបង» ​។

លោកកុ​ល សែ​ម មាន​ដើម​កំណើត​នៅ​ខេត្តកណ្តាល ហើយ​លោក​បាន​រៀប​មង្គលការ និង​មានកូន​ចំនួន​៨​នាក់ ខ​ណះ​ពេល​ដែល​កូន​ទាំងអស់​របស់​លោក​មិន​មាន​អ្នក​ណា​ម្នាក់​មាន​ទេព​កោសល្យ​ផ្នែក​សិ​ល្បះ​ដូច​ជា​រូប​លោក​ឡើយ​។លោក កុ​ល សែ​ម បាន​សាង​ភាព​លេចធ្លោរ​កាលពី​អំឡុង​ឆ្នាំ​១៩៦០ ជាមួយនឹង​បទ «​ស្រី​ខ្មៅ​មាសបង​» «​តា​វ៉ៅ​យំ​ឆ្លង​» ដែល​លោក​បកស្រាយ​ជាមួយ​អ្នកស្រី រស់ សេរី​សុទ្ធា រួម​ទាំង​បទ «​សត្វ​ចាប​យំ​ចេ​ប​» ជាដើម​។ បើ​តាម​សៀវភៅ «​នគរ​ស្រោបមាស​» ភាគ​៧  របស់​លោក សេង តារា បទ​ចម្រៀង​ជា​ច្រើន​របស់​លោក កុ​ល សែ​ម ត្រូវ​បាន​បំផ្លាញ និង​បាត់បង់​នៅ​សម័យ​ខ្មែរក្រហម​។

ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​ចាប់តាំងពី​ចុងឆ្នាំ​១៩៥០​មក លោកកុ​ល សែ​ម ជា​មិត្ត​រួម​ជំនាន់​របស់​សិល្បករ តន្ត្រីករ និង​អ្នកចម្រៀង​ជា​ច្រើន ដូច​ជា​អ្នកស្រីម៉ៅ សា​រ៉េ​ត លោកសូ ផូ​ត្រា ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ កូ​ឡា​ឆាត និង​ជា​ពិសេស​តន្ត្រីករអ៊ុំ ដ​រ៉ា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​មាន​ការងារ​ធ្វើ​ក្រោយ​របប​ខ្មែរក្រហម​៕