កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​3​គ្រាប់​ទៀត​ទៅ​សមុទ្រ​ខាងកើត

យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង JCS ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់​ទៅ​កាន់​ដែនទឹក​ឆ្នេរសមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន ។

ក្នុង​សារ​មួយ JCS ថ្លែង​ថា នា​ថ្ងៃ​ទី​៥ កញ្ញា ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់​ចេញពី HWANGJU ខេត្ត HWANGHAE ខាងជើង​នា​វេលា​ម៉ោង​ប្រមាណ​ជា​១២​និង​១៤​នាទី ។ ប្រភេទ​មី​ស៊ី​ល​ទាំង​៣ និង​ចម្ងាយ​នៃ​ការ​ហោះហើរ​ពុំ​ទាន់​លាតត្រដាង​នៅឡើយ ។ ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ធ្វើ​ឡើង​៣​ថ្ងៃ មុន​ខួប​លើក​ទី​៦៨ នៃ​ការ​បង្កើត​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ថ្ងៃ​ទី​៩ កញ្ញា ។ មន្ត្រី​ម្នាក់​របស់ JCS ថ្លែង​ថា យើង​ធ្វើការ​វិភាគ​លើ​ប្រភេទ​នៃ​មី​ស៊ី​ល និង​ចម្ងាយ​ហោះហើរ ។ កងទ័ព​កូរ៉េ​ខាងត្បូង​តាមដាន​ការ​ធ្វើ​ចលនា​បង្កហេតុ​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង​ពេល​ជិត​ដល់​ខួប​បង្កើត​កូរ៉េ​ខាងជើង ។

នា​ដើមខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុង​ព្យុ​ង​យ៉ាង​បាន​បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់ ។ ការ​បាញ់​មី​ស៊ី​ល​ថ្មី​ទាំងនេះ​របស់​កូរ៉េ​ខាងជើង​ធ្វើ​ឡើង​ប្រហែល​ដើម្បី​តវ៉ា​ប្រឆាំង​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ។ ច្បាប់​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​អាក្រក់​នៃ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង ។ ការ​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​នេះ ក៏​អាច​ជា​ការ​ឆ្លើយ​តប​ដែរ​ចំពោះ​កិច្ចប្រជុំ​កំពូល G-20 ។

ទោះបី​យ៉ាងណា​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់ JCS បញ្ជាក់​ថា មី​ស៊ី​ល​ទាំងនោះ​ជា​មី​ស៊ី​ល​រយៈ​មធ្យម​ធុន RODONG ដែល​អាច​ហោះហើរ​បាន​ក្នុង​ចម្ងាយ​១០០០​គ​.​ម ។ មី​ស៊ី​ល​ទាំងនោះ​ប្រហែលជា​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន​ហើយ​ការ​បាញ់​នេះ​ត្រូវ​បាន​ក្រសួងការពារជាតិ​ជប៉ុន​ថ្លែង​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជប៉ុន ។

ការ​បាញ់​សាកល្បង​មី​ស៊ី​បាលី​ស្ទីក​ទាំង​៣​គ្រាប់​ធ្វើ​ឡើង​ពេល​កំពុង​មាន​កិច្ចប្រជុំ​កំពូល G-20 នៅ​ទីក្រុង HANGZHOU ប្រទេស​ចិន ។ ក្រោយ​ការ​បាញ់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី  PARK GEUN HYE បាន​ជួប​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​G-20 ហើយ​បាន​ព្រមព្រៀង​គ្នា បង្កើន​កិច្ច​សហប្រតិបត្តិការ​សំដៅ​ប្រឈម​មុខ​នឹង​ការ​បាញ់​មី​ស៊ី​ល ដោយ​ក្រុង​ព្យុ​ង​យ៉ាង ។

ទន្ទឹម​នឹង​នេះ​ដែរ ចិន​បាន​សម្តែង​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ដាក់​ពង្រាយ​ដោយ​ក្រុង​សេ​អ៊ូ​ល នូវ​មី​ស៊ី​ល​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD របស់​សហរដ្ឋអាមេរិក ។ ពេល​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី PARK GEUN HYE ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G-20 ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង អះអាង​ថា​ដំណោះស្រាយ​មិន​ត្រឹមត្រូវ​នៃ​បញ្ហា​នឹង​ពុំ​ជួយ​ដល់​ការ​ធានា​ស្ថិរភាព​យុទ្ធសាស្ត្រ​ក្នុង​តំបន់ ហើយនឹង​អាច​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ជម្លោះ​បច្ចុប្បន្ន ៕