បុរសម្នាក់ សន្សំកាក់ ១ដុល្លារ បានយ៉ាងសន្ធឹក រយៈពេល២ឆ្នាំ ដើម្បីសុំមិត្តស្រីរៀបការ ប៉ុន្តែ…

សិង្ហបុរី៖ បុរសម្នាក់បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកបានធ្វើការបង្ហោះចូលបណ្តាញសង្គម នូវរូបថតរបស់គាត់ជាមួយប្រាក់កាក់ ដែលគាត់បានសន្សំ។

លោក Muhammad Helmy Kamid អាយុ២៦ឆ្នាំ សន្សំលុយបានជាង៦,០០០ដុល្លារ ពីកាក់១ដុល្លារ អស់រយៈពេល២ឆ្នាំ ដើម្បីទុកសុំមិត្តស្រីរៀបការ។ ប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍នោះ គឺលោកបាននិយាយថា លោកមិនទាន់មានមិត្តស្រីនៅឡើយទេ ហើយគាត់គ្រោងនឹងប្រើប្រាក់នេះជាផ្នែកមួយនៃការចំណាយក្នុងពិធីមង្គលការរបស់គាត់ នាពេលអនាគត់។

នៅពេលដែលគាត់បានបង្ហោះរូបភាពនោះដំបូង ទៅលើបណ្តាញសង្គម Facebook មានអ្នកចុច Like និង Share ជាង ១,០០០ ព្រមទាំងមានអ្នកចូលបញ្ចេញមតិយោបល់ លើរូបភាពលោកចំនួន ២០០ ដោយក្នុងនោះមាននារី ៣នាក់បានផ្ញើសារសុំរៀបការជាមួយគាត់ទៀតផង។

លោក Helmy បានប្រាប់សារព័ត៌មានមួយដែលបានសម្ភាសន៍លោកថា «មាននារីជនជាតិម៉ាឡេស៊ី ៣នាក់ បានផ្ញើសារមកលោក ដើម្បីសុំឲ្យរៀបការជាមួយពួកនាង បន្ទាប់ពីពួកគេបានឃើញលោកបង្ហោះរូបភាព​ នៅលើអ៊ិនធើណេត»។ លោកបន្តថា «នៅពេលដែលខ្ញុំអានសារទាំងអស់នោះដំបូង ខ្ញុំបានគិតថាពួកគេប្រហែលអាចធ្វើអ្វីម្យ៉ាងដើម្បីប្រាក់» ប៉ុន្តែលោកមិនបានឆ្លើយតបសារនោះឲ្យធ្ងន់ធ្ងរនោះទេ។ លោកបានបដិសេធដោយគួរសមទៅពួកគេវិញ។

លោក Helmy បានចាប់ផ្តើមសន្សំកាក់១ដុល្លារទាំងនេះ តាំងពីពាក់កណ្តាលឆ្នាំ២០១៤ ក្រោយពីមានការលើកទឹកចិត្តពីពូរបស់លោក គឺលោក Anuar Ahmad ។ លោក Anuar Ahmad បាននិយាយថា «ការសន្សំប្រាក់បានជួយខ្ញុំច្រើន ពេលខ្ញុំចង់រៀបការ ដូច្នេះខ្ញុំគិតថាវាក៏នឹងជួយក្មួយប្រុសខ្ញុំផងដែរ»។ លោកបន្ថែមថា «ខ្ញុំសប្បាយចិត្តដែលក្មួយប្រុសស្តាប់សម្តីខ្ញុំបែបនេះ ហើយគាត់ឧស្សាហ៍ជាងខ្ញុំទៅទៀត»

Helmy បាននិយាយថា នៅពេលលោករាប់លុយដែលលោកសន្សំកាលពីខែមុន លោកមិនចង់ជឿទេថា លោកអាចសន្សំបានច្រើនបែបនេះ។ បើទោះបីពេលនោះលោកមិនទាន់មានមិត្តស្រី ប៉ុន្តែលោកបានរៀបចំផែនការរួចជាស្រេច សម្រាប់ថ្ងៃដ៏សំខាន់ក្នុងមួយជីវិតរបស់លោក។ លោកថា «ជាមួយនឹងប្រាក់ដែលខ្ញុំសន្សំ ខ្ញុំបានត្រៀមសម្រាប់ថ្លៃបណ្តាការ និងថ្លៃចំណាយផ្សេងៗ លើការរៀបអាពាហ៍ពិពាហ៍។ វានឹងប្រាប់អនាគតម្តាយក្មេកខ្ញុំថា ខ្ញុំបានរៀបចំ និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរៀបការជាមួយកូនស្រីរបស់គាត់»៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ សន្សំកាក់ ១ដុល្លារ បានយ៉ាងសន្ធឹក រយៈពេល២ឆ្នាំ ដើម្បីសុំមិត្តស្រីរៀបការ ប៉ុន្តែ...