៨​ចំណុច​សំខាន់​​គួរ​ត្រៀម​ជា​ស្រេច​​ សម្រាប់​ដាក់​អាហារូបករណ៍​

ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ សម្រាប់​បំពេញ​លក្ខខណ្ឌ​​​ប្រកួត​ប្រជែង​សុំ​អាហារូបករណ៍ ជា​ចំណុច​អាទិភាព​មួយ​ដែល​ជួយ​ឲ្យ​បេក្ខជន​​​ឆាប់​ជាប់។ សម្រាប់​អ្នក​មាន​បទពិសោធន៍​​ដាក់​អាហារូបករណ៍​នានា​ប្រហែលជា​ធ្លាប់​ដឹង​បាន​ច្រើន ប៉ុន្តែ​សិស្ស​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​អាច​​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ឡើយ ថា​គួរ​ត្រៀម​ខ្លួន​បែប​ណា​ខ្លះ។  តើ​ចំណុច​​សំខាន់​គួរ​ត្រៀម​ខ្លួន​នោះ​មាន​អ្វី​ខ្លះ​ទៅ?

 

៨​ចំណុច​សំខាន់​​គួរ​ត្រៀម​ជា​ស្រេច​​ សម្រាប់​ដាក់​អាហារូបករណ៍​

 

នៅ​ក្នុង​​ឱកាស​ សន្និសីទ​អាហារូបករណ៍​លើក​ទី​ ៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(តិចណូ)ដើម្បី​ជា​ការ​ចែក​រំលែក លោក​ សេង ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន ANUSSA ដែល​រៀប​​ចំ​កម្មវិធី​នោះ​ឡើង​បាន​លើក​ឡើង​ ពី​​ចំណុច​​​សំខាន់​​ៗ​​រួម​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​ អ្នក​ដាក់​ពាក្យ​គួរ​ត្រៀម​ខ្លួន​​​ជា​ស្រេច​សម្រាប់​ការ​ដាក់​ពាក្យ​អាហារូបករណ៍​ដូច​ខាង​ក្រោម៖ ​​​​​​​​

 

*** ១.ស្រាវជ្រាវ​​ពី​​ប្រភេទ​អាហារូបករណ៍​​៖ អាហារូបករណ៍​មាន​ច្រើន​ប្រភេទ​​អាស្រ័យ​តាម​ស្ថាប័ន​ដែល​ផ្ដល់​​ឲ្យ។ អាហារូបករណ៍​ដែល​ជា​លុយ​ចេញ​ថ្លៃ​សិក្សា​ តែង​មាន​លក្ខខណ្ឌ​ច្បាស់​លាស់​​មួយ​ចំនួន​តម្រូវ​​ឲ្យ​បេក្ខជន​មាន។ ដូច​នេះ​​ លោក​ ពិសិដ្ឋ​បាន​លើក​ឡើង​ថា អ្នក​ចង់​ដាក់​ពាក្យ​អាហារូបករណ៍​គប្បី​ស្វែង​យល់​ឲ្យ​ច្បាស់ និង​បំពេញ​​​តាម​អ្វី​ដែល​គេ​ចង់​បាន។

 

បន្ថែម​ពី​នោះ លោក​ ពិសិដ្ឋ​ក៏​បាន​​ណែ​នាំ​​​ដល់​ អ្នក​ដាក់​ពាក្យ​​​អាហារូបករណ៍​​ឧស្សាហ៍​ស្រាវជ្រាវ​តាម​​គេហទំព័រ​សាកលវិទ្យាល័យ​ដែល​ចង់​ទៅ​រៀន គួរ​ពិនិត្យ​​មើល​លើ​គុណភាព​​​​​របស់​សាកលវិទ្យាល័យ​ទាំង​នោះ​ផង​ដែរ។ សាលា​ដែល​​​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ និង​មាន​ទំនាក់​ទំនង​ល្អ ធ្វើ​ឲ្យ​​អ្នក​ដាក់​ពាក្យ​​មាន​ទំនុក​ចិត្ត។

 

៨​ចំណុច​សំខាន់​​គួរ​ត្រៀម​ជា​ស្រេច​​ សម្រាប់​ដាក់​អាហារូបករណ៍​​​​​​​

លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន ANUSSA

 

*** ២.GPA ៖ GPA (​ Grade Point Averages)៖ ​ជា​​ពិន្ទុ​សរុប​ជា​មធ្យម​ដែល​បង្ហាញ​ពី​កម្រិត​នៃ​​ការ​សិក្សា​របស់​និស្សិត​សាកលវិទ្យាល័យ​ ។ ជា​មួយ​ពិន្ទុ​នេះ​ អ្នក​​ជ្រើស​រើស​បេក្ខជន​អាហារូបករណ៍​អាច​ដឹង​​ពី លក្ខណ​សម្បត្តិ​ ​​ប្រវត្តិ​សិក្សា​ និង​ស្នាដៃ​របស់​​និស្សិត​​អំឡុង​ពេល​សិក្សា​របស់​ពួក​​គេ​។

 

​លោក​ពិសិដ្ឋ​បាន​លើក​ឡើង​ថា GPA ​ដែល​​អាហារូបករណ៍​ភាគ​ច្រើន​​​ត្រូវ​ការ​​ គឺ​យ៉ាង​ហោច​ណាស់​ពី​3.0 ឡើង​ទៅ ​។ សម្រាប់​​អ្នក​កំពុង​សិក្សា​​មាន​ពិន្ទុ​ទាប លោក​​ក៏​បាន​ណែ​នាំ​ថា​​គប្បី​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​​ថែម​ទៀត​ដើម្បី​សម្រេច​​បំពេញ​​លក្ខខណ្ឌ​នោះ។

 

“បើ​សិន​បើ​អ្នក​ទាំង​អស់​គ្នា ឥលូវ​ទើប​តែ​បាន​ 2.0 ឬ​ក៏2.5 ជា​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា ត្រូវ​រៀន​បន្ថែម​ដើម្បី​ឲ្យ​ GPA យើង​នៅ​សាលា​​បាន​ 3.0 ឡើង​ អា​ហ្នឹង​ជា​ Requirement មួយ​”។ នេះ​ជា​​ការ​លើក​ឡើង​របស់​លោក សេង​ ពិសិដ្ឋ​។

 

*** ៣.ពិន្ទុ​ IELTS ឬ TOEFL ៖ ​ជា​ពិន្ទុ​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​ស្តង់​ដា​មួយ ដែល​​លក្ខខណ្ឌ​អាហារូបករណ៍​​ជា​ច្រើន​ទាម​ទារ។ សម្រាប់​​ចំណុច​នេះ​ នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន ANUSSA បាន​លើក​ឡើង​ថា៖ “…ភាសា​អង់គ្លេស​របស់​យើង ថា​តើ​​មាន​ដែល​បាន​ធ្វើ​តេស្ត TOEFL ឬ​ IELTS ឬ​ទេ? ហើយ​យើង​បាន​ប៉ុន្មាន? ជា​ធម្មតា​គេ​ត្រូវ​ការ 6.5 ឬ​7.0 ឬ​មួយ​ក៏ 88 90 ឡើង​ទៅ”។ ​

 

*** ៤.ការងារ​ជួយ​សង្គម៖ ​ការ​ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍​ ការងារ​ស្ម័គ្រ​ចិត្ត​ មិន​ត្រឹម​តែ​​ជា​ប្រយោជន៍​​រួម​ចំណែក​ជួយ​ដល់​សង្គម​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​បទ​ពិសោធ​​ទាំង​នោះ​​គឺ​ជា​​ឱកាស​​មួយ​​ជួយ​ឲ្យ​សិស្ស​និស្សិត​​​ដណ្ដើម​យក​បាន​អាហារូបករណ៍​​។

 

លោក ពិសិដ្ឋ​​បាន​​និយាយ​ថា អ្នក​ជ្រើស​រើស​អាហារូបករណ៍​ក្រៅ​ប្រទេស​​ជា​ច្រើន​ រំពឹង​ចង់​បាន​បេក្ខជន​ដែល​មាន​ការ​យល់​ដឹង​ទូ​លំ​ទូលាយ ចេះ​​ស្រលាញ់​​ឈឺ​ឆ្អាល​​​ក្នុង​​សង្គម។ បទ​ពិសោធន៍​ទាំង​នោះ បង្ហាញ​ថា​បេក្ខជន​​​​មាន​ឆន្ទៈ​​​​​មួយ​​​ដែល​យក​​ចំណេះ​ដឹង​មក​ជួយ​អភិវឌ្ឍ​ជាតិ​មាតុភូមិ​របស់​​ពួក​គេ​។

 

*** ៥.ស្នាដៃ​ដែល​​​សម្រេច​បាន៖ ​​សមិទ្ធផល​ផ្សេង​ៗ​ដែល​មាន​ ​ដូច​​ការ​ជាប់​ជ័យ​លាភី​ក្នុង​ការ​​ប្រកួត​ប្រជែង​និយាយ​ភាសា​អង់គ្លេស​ ធ្លាប់​ជាប់​ជា​​សិស្ស​ពូកែ​ ធ្លាប់​​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​សរសេរ​តែង​សេចក្ដី​។ ទាំង​​នោះ​សុទ្ធ​សឹង​តែ​​​​​ជួយ​ឲ្យ​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​​របស់​បេក្ខជន​មាន​ភាព​ទាក់​ទាញ​ដល់​​អ្នក​ផ្ដល់​អាហារូបករណ៍​។
​​​
*** ៦.ផែន​ការ​សិក្សា ៖ ​អ្នក​ផ្ដល់​អាហារូបករណ៍​តែង​ប្រាថ្នា​​ចង់​បាន បេក្ខជន​​​ដែល​មាន​គោល​បំណង​​សិក្សា​ច្បាស់​លាស់។ ដូច​នេះ​ហើយ នៅ​ក្នុង​ពាក្យ​អាហារូបករណ៍​ តែង​មាន​សំណួរ​មួយ​ចំនួន​ សម្រាប់​បេក្ខជន​ ដើម្បី​ជា​​​ការ​សរសេរ សេចក្ដី​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន(Personal Statement) ដូច​ជា​ ហេតុ​អ្វី​បាន​ជា​ជ្រើស​រើស​​មុខ​វិជ្ជា​សិក្សា​​នោះ? ហេតុ​អ្វី​បាន​ជា​រើស​យក​សាលា​នោះ? ក្រោយ​ពេល​រៀន​ចប់ យក​ចំណេះ​ដឹង​នោះ​មក​ធ្វើ​អ្វី? នឹង​មាន​ឆន្ទៈ​អភិវឌ្ឍ​​សង្គម​ជាតិ​របស់​ខ្លួន​តាម​រូប​ភាព​បែប​ណា?

 

ចំពោះ​​ចំណុច​នេះ​លោក ពិសិដ្ឋ​បាន​និយាយ​ថា ដើម្បី​ឆ្លើយ​សំណួរ​នោះ​បាន បេក្ខជន​​ត្រូវ​​​មាន​ចំណេះ​ដឹង​ទូលំទូលាយ។ ​ ការ​​​ស្រាវជ្រាវ​តាម​ប្រភព​​ឯកសារ​ផ្សេង​ៗ មាន​​គំនិត​ដោះ​ស្រាយ​បញ្ហា និង​មាន​ផែនការ​សិក្សា​​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ដល់​អាហារូបករណ៍​អាច​ទុក​ចិត្ត​បាន។ ​​​​​

 

*** ៧.ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្រូ៖ លោក​គ្រូ​ អ្នក​គ្រូ និង​សាស្ត្រាចារ្យ​គឺ​ជា​អ្នក​សរសេរ​​លិខិត​ឧទ្ទេសនាម​ ឬ​លិខិត​ផ្ដល់​អនុសាសន៍​ពី​គ្រូ ឬ​សាស្ត្រាចារ្យ​ (Recommendation ) ដល់​​សិស្ស​ និស្សិត​ ដែល​ជា​​​តម្រូវ​ការ​សំខាន់​មួយ​​នៅ​ក្នុង​លក្ខខណ្ឌ​​​អាហារូបករណ៍។ ដូច​នេះ​​​​ ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​​លោក​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ​របស់​ខ្លួន សកម្មភាព​​ល្អ​ៗ នៅ​ក្នុង​ថ្នាក់​រៀន ​ជា​អ្វី​ដែល​ សិស្ស​ និស្សិត គួរ​ត្រៀម​ខ្លួន​​ជា​និច្ច​​​សម្រាប់​ការ​ដាក់​ពាក្យ។

 

*** ៨.ទំនាក់​ទំនង​ជា​មួយ​​អ្នក​​ធ្លាប់​ទទួល​បាន​អាហារូបករណ៍៖ លោក ពិសិដ្ឋ បាន​លើក​ឡើង​ថា ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​​ធ្លាប់​ទទួល​បាន​​អាហារូបករណ៍ ពិត​ជា​រឿង​សំខាន់​មួយ​ ។ អ្នក​ធ្លាប់​បាន​អាហារូបករណ៍​ប្រាកដ​ជា​​​យល់​ច្បាស់​ពី​ដំណើរ​ការ​នៃ​​​ការ​ដាក់​ពាក្យ​សុំ។ ដូច​នេះ​​ពួក​គេ​អាច​ចែក​រំលែក​បទ​ពិសោធ​​ផ្ទាល់​ខ្លួន​​ ជា​ពិសេស​​អ្នក​ដាក់​ពាក្យ​អាច​សុំ​ឲ្យ​ពួក​គេ​​​ ជួយ​ណែ​នាំ និង​ពិនិត្យ​មើល​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ មុន​ពេល​ដាក់​ពាក្យ​បាន​​​​​៕​​​​​​​​​​​

 

៨​ចំណុច​សំខាន់​​គួរ​ត្រៀម​ជា​ស្រេច​​ សម្រាប់​ដាក់​អាហារូបករណ៍​

 

អត្ថបទ៖ មាន រតនា