មេដឹកនាំ​​កូរ៉េខាងត្បូង​ និង​ចិន​ជួប​គ្នា ​កូរ៉េខាងជើង​បាញ់​មីស៊ីល​​​​​៣​គ្រាប់

​ប្រទេស​កូរ៉េខាងជើង​​​​បាន​បាញ់​​មីស៊ីល​​ឆ្លង​ទ្វីប​​ចំនួន ​៣​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ នា​ម៉ោង​​ប្រមាណ​ ១២​​​រសៀល​ ​​ បន្ទាប់​ពី​មេដឹកនាំ​​ចិន និង​កូរ៉េខាងត្បូងបាន​​ជួប​គ្នា​ ​​​​​នៅទីក្រុង​ហាង​ចូវ​ នា​ថ្ងៃ​ច័ន្ទ​​ទី​​ ៥កញ្ញានេះ​ ​​​​​​​។

 

មេដឹកនាំ​​កូរ៉េខាងត្បូង​ និង​ចិន​ជួប​គ្នា ​កូរ៉េខាងជើង​បាញ់​មីស៊ីល​​​​​៣​គ្រាប់

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ស្រី ប៉ាក់ ហ្គឺនហេ(ខាង​ឆ្វេង) និង​​ប្រធានាធិបតី​ចិន ស៊ី ជិនពីន​​(ខាង​ស្ដាំ)​ក្នុង​កិច្ចប្រជុំ G20

 

មីស៊ីល​ទាំង​៣គ្រាប់ ​​​ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​​ភាគ​ខាង​ត្បូង​​​​ទីក្រុង​ព្យុងយ៉ាង ដែល​​ជា​ការ​គំរាម​កំហែង​​ថ្មី​ចុង​ក្រោយ​​​បំផុត​របស់​កូរ៉េខាង​ជើង​។ យោធា​កូរ៉េខាងត្បូង​​​ព្យាយាម​​​កំណត់​ប្រភេទ​​មីស៊ីល​​ដែល​បាញ់​ចេញ តែ​​មិន​ទាន់​ទទួល​បាន​​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ។

 

ការ​​បើក​ប្រតិបត្តិការ​​បាញ់​​​​ម្ដង​ ៣គ្រាប់​ខាងលើ​​ ធ្វើ​ឡើង​​ក្រោយ​ពី​​​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង ​និង​​មេដឹកនាំ​ចិន​បាន​ជួប​ប្រជុំ​គ្នា​​​​​ ក្នុង​​​កិច្ច​ប្រជុំ​​មេដឹកនាំ​ពិភពលោក​ G20 ដែល​ប្រារព្ធ​​ធ្វើ​​នៅ​ទីក្រុង​ហាងចូវ ​ប្រទេស​ចិន ថ្ងៃ​នេះ​។ ​ការ​បង្ហាញ​​​សាច់​ដុំ​របស់​ក្រុង​ព្យុងយ៉ាង​​​​​​ ​​គឺ​​​កើត​មាន​​​ក្រោយ​ប្រទេស​ឯកោ​​មួយ​នេះ ​ទើប​​​តេស្ដ​​​​មីស៊ីល​បាញ់​ចេញ​ពី​​នាវាមុជទឹក​ ត្រឹម​តែ​​​២សប្ដាហ៍​​កន្លង​ទៅ​ប៉ុណ្ណោះ ។

 

ក្នុង​​កិច្ច​ប្រជុំ​​ G20 ប្រធានាធិបតី​ចិន​ ស៊ី ជិនពីន​ ​បាន​ប្រាប់​​​សម​ភាគី​កូរ៉េខាងត្បូង​​លោក​ស្រី​ ប៉ាក់ ហ្គឺនហេ​ ថា ​ប្រទេស​ចិន​​សូម​ជំទាស់​​​​ការ​​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD របស់​​អាមេរិក​លើ​ទឹក​ដី​កូរ៉េខាងត្បូង។ ចំណែក​​លោក​​​ស្រី​ ប៉ាក់ ក៏​បាន​ជម្រាប​​លោក​​ ជិនពីន​​ វិញ​ថា ​ការ​តេស្ត​​​​នុយក្លេអ៊ែរ​លើក​ទី​​៤​  និង​​មីស៊ីល​​​ឆ្លង​ទ្វីប​​​​​​ជា​ច្រើន​គ្រាប់​​​របស់​​កូរ៉េខាងជើងនៅ​​ឆ្នាំ​នេះ​ បាន​គំរាមកំហែង​​​ដល់​សន្តិភាព​​ក្នុង​តំបន់​ និង​​​ធ្វើ​ឲ្យ​ប៉ះពាល់​​​​ដល់​ទំនាក់​ទំនង​កូរ៉េខាងត្បូង​​ជាមួយ​ចិន​ទៀត​ផង​។

 

ទោះ​ជា​យ៉ាង​ណា ក្នុង​អំឡុង​កិច្ច​ប្រជុំ​​ លោក​ ជិនពីន​ បាន​បញ្ជាក់​​ការ​ប្ដេជ្ញា​ចិត្ត​​របស់​ចិន​ម្ដង​ទៀត​ថា ចិន​​មិន​គាំទ្រ​​វត្តមាន​​អាវុធ​នុយក្លេអ៊ែរ​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ឡើយ៕

 

មេដឹកនាំ​​កូរ៉េខាងត្បូង​ និង​ចិន​ជួប​គ្នា ​កូរ៉េខាងជើង​បាញ់​មីស៊ីល​​​​​៣​គ្រាប់

 

មេដឹកនាំ​​កូរ៉េខាងត្បូង​ និង​ចិន​ជួប​គ្នា ​កូរ៉េខាងជើង​បាញ់​មីស៊ីល​​​​​៣​គ្រាប់

ប្រព័ន្ធខែលការពារ​មីស៊ីល THAAD នៅកូរ៉េខាងត្បូង

មេដឹកនាំ​​កូរ៉េខាងត្បូង​ និង​ចិន​ជួប​គ្នា ​កូរ៉េខាងជើង​បាញ់​មីស៊ីល​​​​​៣​គ្រាប់

 

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
​ផ្ដល់​សិទ្ធិ​ដោយ៖ Reuter