​ប្រជា​ជន​សាទរ ​សល់​៤​ថ្ងៃ​ទៀត​ក្រសួង​មាន​ចំណាត់​ការ​លើ​យាន​ច្នៃ​ខុស​បច្ចេកទេស​

ប្រជា​ជន​ជា​ច្រើន​បាន​សំដែង​មតិ​រីករាយ​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​ក្រសួង​សាធារណការ​ថា នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់​ចាប់​ពី​ថ្ងៃ​ទី​៩​កញ្ញា​ខាង​មុខ ចំពោះ​យាន​យន្ត​កែច្នៃ​ខុស​បច្ចេកទេស​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បន្ត​កែ​ច្នៃ​មិន​ស្រប​តាម​បទដ្ឋាន​ធ្វើ​ឲ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាន។​

 

​ប្រជា​ជន​សាទរ ​សល់​៤​ថ្ងៃ​ទៀត​ក្រសួង​មាន​ចំណាត់​ការ​លើ​យាន​ច្នៃ​ខុស​បច្ចេកទេស​

 

​អ្នក​ស្រី​ តូប កក្កដា លក់​សាំង​ដប​តាម​ផ្លូវ និយាយ​ថា ឡាន​វែង​ៗ​ត​កន្ទុយ​ហ្នឹង​ពេល​ជិះ​ពេល​ណា​ស្ទះ​គេ​ស្ទះ​ឯង​គ្រប់​គ្នា។ “ខ្ញុំ​រីករាយ​បើ​ក្រសួង​ចាប់​ពិន័យ​ឡាន​​ទាំង​នោះ​មែន។ ឡាន​វែង​ៗ​នោះ​បើ​ក្រសួង​ចាប់​កាត់​ឲ្យ​ខ្លី​ៗ​ទាំង​អស់​បាន​កាន់​តែ​ឆាប់ កាន់​តែ​ល្អ”។​​

 

“​បើ​ក្រសួង​លែង​ឲ្យ​ឡាន​កែ​ច្នៃ​ហ្នឹង​ឈប់​បើក​ពេល​ថ្ងៃ​ទៀត​ រឹត​តែ​ល្អ ព្រោះ​ឡាន​វែងៗ​នោះ​បង្ក​គ្រោះ​ថ្នាក់​ច្រើន​ដង​ហើយ”។ និស្សិត​នៅ​សាកលវិទ្យាល័យ PPIU បញ្ចេញ​ទស្សនៈ​ដូច្នេះ។ កញ្ញា​សុភក្រ បន្ត​ថា ពេល​ជិះ​ជិត​ឡាន​ទាំង​នោះ​ម្ដង​ៗ​ព្រឺ​ឆ្អឹង​ខ្នង​ណាស់ ខ្លាច​តែ​អីវ៉ាន់​ធ្លាក់​មក​សង្កត់​ពី​លើ​ទេ ព្រោះ​ឡាន​ទាំង​នោះ​ដឹក​លើស​ទម្ងន់​តែ​រហូត​ហ្នឹង។

 

មិន​ខុស​គ្នា​ប៉ុន្មាន លោក ហុង ជា ក៏​ព្រួយ​ចិត្ត​ពេល​ឃើញ​ឡាន​ធំ​ៗ​ កែ​ច្នៃ​ត​ទ្រុង​វែងៗ​ខុស​បច្ចេកទេស​បើក​បរ​លើ​ដង​ផ្លូវ​ដែរ​។ លោក​ថា មិន​ត្រឹម​ធ្វើឲ្យ​ខូត​ខាត​ថ្នល់​នោះ​ទេ សូម្បី​ឡាន​នោះ​ចង់​បត់​ម្តង​ៗ​ក៏​បង្ក​ការ​រំខាន​ដល់​អ្នក​បើក​បរ​ដទៃ​ដែរ។ ​លោក​ថា បើ​ក្រសួង​មាន​វិធានការ​លើ​រថយន្ត​ទាំង​នោះ​មែន នោះ​ជា​ការ​ល្អ។

 

ពាក់​ព័ន្ធ​នឹង​ចំណាត់​ការ​នេះ រដ្ឋ​មន្ត្រី​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុល​ គ្រោង​ប្រើ​វិធាន​ការ​ក្ដៅ​ចំពោះ​ឡាន​ដឹក​លើស​ទម្ងន់​ណា​ដែល​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​ស្ដាប់​នោះ​នឹង​រឹប​អូស​ចាត់​ចូល​ជា​សម្បត្តិ​រដ្ឋ​តែ​ម្ដង។

 

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ ចាប់​ពី​ថ្ងៃ​ ៩ កញ្ញា ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​យានយន្ត​ណា​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស។​ សម្រាប់​រថយន្ត រថយន្ត​សណ្ដោង​រឺម៉ក​និង​ទំហំ​ទ្រុង​រថយន្ត​ដឹក​ទំនិញ​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ​សូម​យក​យាន​របស់​ខ្លួន​ទៅ​កែ​ច្នៃ​ឲ្យ​ស្រប​តាម​លក្ខណៈ​បទដ្ឋាន​ឲ្យ​បាន​ជាកំហិត។​​

 

​ប្រជា​ជន​សាទរ ​សល់​៤​ថ្ងៃ​ទៀត​ក្រសួង​មាន​ចំណាត់​ការ​លើ​យាន​ច្នៃ​ខុស​បច្ចេកទេស​

 

កន្លង​មក ឡាន​កែ​ច្នៃ​ដឹក​លើស​ទម្ងន់​ទាំង​នោះ​ បាន​បង្ក​ជា​វិបត្តិ​ខូច​ខាត​ផ្លូវ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាច្រើន​ ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​រដ្ឋ​ច្រើន​សន្ធឹក​សន្ធាប់៕

 

​​​​អត្ថបទ៖ លឹម សុ​​នា