Obama និង Putin និយាយមិនត្រូវគ្នារឿងសង្គ្រាមនៅស៊ីរី ក្នុងជំនួប G20 ប្រទេសចិន

កិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក Barack Obama និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្រោមប្រធានបទ ស្ដីពីការបញ្ឈប់អំពើហិង្សាក្នុងប្រទេសស៊ីរីនោះ ត្រូវបានបញ្ចប់ទៅវិញទាំងគ្មានកិច្ចព្រមព្រៀងគ្នាណាមួយបានធ្វើឡើង ។

ឆ្លៀតក្នុងឱកាសកិច្ចប្រជុំ G20 មេដឹកនាំអាមេរិក និងរុស្ស៊ីបានណាត់គ្នាជួបពិភាក្សា ស្ដីពីការបញ្ឈប់អំពើហិង្សាក្នុងប្រទេសស៊ីរី តែមកទល់ពេលនេះ ពួកគេមិនបានរកឃើញកិច្ចព្រមព្រៀង និងការយល់ស្របគ្នាចំពោះរឿងនេះឡើយ ។

ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ចប់ការចរចាគ្នាមួយ ស្ដីពីគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមរវាងប្រទេសទាំង២ ដើម្បីកំណត់គោលដៅលើក្រុមភេរវកម្មឲ្យបានរឹតតែច្បាស់ និងបង្ការការស្លាប់របស់ជនស៊ីវិលឲ្យបានកាន់តែមានប្រសិទ្ធភាពជាងមុន តែការចរចានេះ ជួបប្រទះនឹងការខ្វែងគំនិតគ្នាជាច្រើន ។

សូមបញ្ជាក់ថា កន្លងមកនេះ រុស្ស៊ី រួមនឹងរដ្ឋាភិបាលលោក Bashar al-Assad បានកំណត់គោលដៅវាយប្រហារ លើក្រុមប្រដាប់អាវុធដែលមានអាមេរិកជាខ្នងបង្អែក ដោយពួកគេចាត់ទុកក្រុមទាំងនោះ ជាក្រុមភេរវកម្ម ដោយឡែកអាមេរិកវិញ មានបំណងចង់រួមដៃជាមួយរុស្ស៊ី វាយប្រហារលោកក្រុម ISIS និងក្រុម Nusra Front ដែលជាអតីតដៃជើងក្រុម al-Qaeda ហើយអាមេរិកសង្ឃឹមថា គេនឹងធ្វើឲ្យមានការផ្លាស់ប្ដូរនយោបាយក្នុងតំបន់ ដោយទម្លាក់លោក al-Assad ចេញពីតំណែង ៕

ប្រភព៖ Kqube


Related Posts