តើ​យុវជន​ខ្លះ​បាន​ប្រាក់​មក​ពី​ណា​ចាយ​វាយ​ភ្លើត​ភ្លើន?

តើ​យុវជន​ខ្លះ​បាន​ប្រាក់​មក​ពី​ណា​ចាយ​វាយ​ភ្លើត​ភ្លើន?

នាពេលបច្ចុប្បន្ននេះទីកន្លែងកម្សាន្តជាច្រើនត្រូវបានបើកយ៉ាងព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ។ យុវវ័យអាចមានឱកាសដើរលេងជួបជុំសប្បាយ ហ៊ឺហា ភ្លើតភ្លើនជាមួយមិត្តភក្តិ និងចាយវាយមិនសំចៃដៃ។ នេះសុទ្ធតែជាទង្វើផ្ទុយពីគោលបំណងដែលឪពុកម្តាយខិតខំស្វែងរកលុយដើម្បីកូន។ តើពួកគាត់បានប្រាក់មកពីណា នៅពេលដែលយុវវ័យខ្លះគ្មានការងារធ្វើ និងស្ថិតនៅក្នុងបន្ទុកគ្រួសារ?

ក្នុងនាមជាកូនប្រុសទោលក្នុងគ្រួសារអ្នកជំនួញ លោក ណារិទ្ធ បាននិយាយពីការចាយវាយរបស់ខ្លួនថាខ្លួនជាមនុស្សចូលចិត្តដើរលេងច្រើនកាលពីនៅសិក្សាហើយប្រាក់ដែលឪពុកម្តាយទុកឲ្យសម្រាប់ទៅរៀនមិនគ្រប់សម្រាប់ការចាយវាយរបស់លោកឡើយ។ ដើម្បីឲ្យគ្រប់ការចាយវាយពេលខ្លះលោកមានតែកុហកពួកគាត់ថា ខ្លួនត្រូវការលុយទិញសៀវភៅឬរៀនគួរបន្ថែមជាដើម។

យុវជនធ្លាប់ចាយវាយមិនស្កប់ចិត្ដរូបនេះ បានបង្ហាញពីទស្សនៈរបស់លោកថា៖ «លុយមិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរាប់អានមិត្តភក្តិ»។ពីមួយថ្ងៃទៅមួយថ្ងៃ ការដើរលេងបានក្លាយទៅជា«មោហ៍បាំងមុខ» ដែលធ្វើឲ្យលោកមិនបាននឹកគិតពីឪពុកម្តាយដែលខិតខំតស៊ូដើម្បីកូន ខណៈដែលការសប្បាយហ៊ឺហាកាន់តែមានសភាពធំទៅៗរហូតដល់យុវជនឈាមរាវរូបនេះហ៊ានដាក់ម៉ូតូបញ្ចាំដើម្បីយកប្រាក់ទៅដើរលេងជាមួយមិត្តភក្តិ។

នៅពីក្រោយភាពហ៊ឺហាភ្លើតភ្លើននេះ ពួកគេពុំបានដឹងពីផលវិបាកដែលអាចឥទ្ធិពលអាក្រក់ដល់អនាគតរបស់ខ្លួនឡើយ។ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្ស ដៃកាន់កាំភ្លើងខ្លី ឈ្មោះ អាជ្រូក (ឈ្មោះហៅក្រៅ) បានចេញធ្វើសកម្មភាពប្លន់ម៉ូតូ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយនឹងដៃគូពីរនាក់ទៀត។ នេះគឺជារឿងរ៉ាវប្រមាណជា៥ឆ្នាំមុនរបស់សិស្សមួយក្រុមដែលដាច់លុយដោយសារតែជ្រុលខ្លួនដើរផ្លូវខុស។នេះបើយោងតាមការរៀបរាប់របស់យុវជនម្នាក់ទៀតដែលជាអតីតមិត្តភក្ដិរបស់អាជ្រូកដែលសុំមិនបញ្ចេញឈ្មោះ ដោយបាននិយាយថា៖ «បន្ទាប់ពីចេញពីគុក អាជ្រូកបានកែខ្លួន ដោយខិតខំរកលុយ ប៉ុន្តែវាហាក់ដូចជាហួសពេលបន្តិចហើយពីព្រោះអាជ្រូកមិនអាចរកការងារណាល្អធ្វើទេក្រៅពីគាត់ធ្វើជាសន្តិសុខ»។

ស្ថិតក្នុងវ័យ៤៧ឆ្នាំ អ្នកស្រី ចែម ចំរើន ជាអាជីវករមួយរូបនៅតំបន់ភ្នំពេញថ្មី និងជាម្តាយរបស់កូនបីនាក់ដែលសព្វថ្ងៃពួកគេសុទ្ធតែជានិស្សិតសាកលវិទ្យាល័យបានឲ្យដឹងថា ការចំណាយស្មើចំណូលថ្វីដ្បិតតែអ្នកស្រី និងស្វាមីត្រូវបង្កើនរបរនិងការងារច្រើនជាងមុនដើម្បីផ្គត់ផ្គង់គ្រួសារក៏ដោយ ព្រោះការចំណាយចំពោះកូនៗក៏ច្រើនជាងមុនដែរ។ ដូច្នេះជារៀងរាល់ថ្ងៃអ្នកស្រីត្រូវភ្ញាក់តាំងពីម៉ោង៣ទៀបភ្លឺដើម្បីធ្វើម្ហូប ហើយចូលសម្រាកនៅម៉ោង១១យប់បន្ទាប់ពីបិទហាង។

តើ​យុវជន​ខ្លះ​បាន​ប្រាក់​មក​ពី​ណា​ចាយ​វាយ​ភ្លើត​ភ្លើន?

អ្នកស្រីបានឲ្យដឹងពីជីវភាពថា៖ «ពីមុនខ្ញុំរកស៊ីលក់ចាប់ហួយតែមួយមុខ ប៉ុន្តែឥឡូវត្រូវលក់បាយនិងកាត់ក្រណាត់បន្ថែមទៀត ទើបអាចផ្គត់ផ្គង់ការចំណាយក្នុងផ្ទះទាំងអស់បាន»។អ្នកស្រី ចំរើន មានអារម្មណ៍មិនខុសអ្វីពីឪពុកម្តាយដទៃទៀត ដោយបានខិតខំស្វែងរកប្រាក់ដើម្បីឲ្យកូនបានរៀនសូត្រនិងមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ដើម្បីទប់ស្កាត់កុំឲ្យកូនឈប់រៀន អ្នកស្រី ចំរើនបានបញ្ជាក់ថា៖ «បើទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនឲ្យកូនឈប់រៀនដែរ»។ជាទូទៅឪពុកម្តាយជាច្រើនរូបបានជួបបញ្ហាថវិកាខ្លាំងជាងអ្នកស្រី ចំរើន ពោលគឺរូបគាត់ខ្វះខាតប្រាក់កាក់ហើយកូនមិនស្តាប់តាមគន្លងធម៌ថែមទៀត។

អ្នកស្រីជឿង យឿង ដែលជាម្តាយរបស់កូន៦នាក់ បានឲ្យដឹងថា កូនប្រុសម្នាក់របស់អ្នកស្រីចេះតែមានមូលហេតុមកសុំលុយអ្នកស្រីជារឿយៗ។ មានពេលមួយកូននោះមកសុំលុយ២០០ដុល្លារដើម្បីទៅធ្វើការនៅឯប្រទេសថៃ ប៉ុន្តែកូនប្រុសម្នាក់នោះបាត់ពីផ្ទះមិនបាន២ខែផងក៏ត្រឡប់មកវិញ។អ្នកស្រីបានរៀបរាប់ទាំងតឹងទ្រូង ពេលរំឭកពីកូនម្នាក់នោះថា៖ «ធ្វើយ៉ាងម៉េចបើស្រឡាញ់កូន យើងមានតែប្រដៅវា ហើយបើវាមិនស្តាប់ការប្រដែប្រដៅមានតែបណ្តោយវាតែប៉ុណ្ណោះ»។

ការរៀបរាប់ទាំងអស់ខាងលើមិនមែនមានន័យថា យុវវ័យដែលចាយប្រាក់ឪពុកម្ដាយទាំងអស់ សុទ្ធតែបំផ្លិចបំផ្លាញនោះទេ។ ជាទំពាំងស្នងឫស្សីកំពុងតែតស៊ូស្វិតស្វាញក្នុងការសិក្សាដើម្បីកសាងអនាគតដែរនេះបើយោងតាមយុវជន ហាក់ ម៉េង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញមកពីខេត្តកំពង់ស្ពឺ។ស្ថិតក្នុងឆ្នាំទី៤ផ្នែកភាសាអង់គ្លេស លោក ហាក់ ម៉េង បាននិងកំពុងខិតខំសិក្សានិងធ្វើការងារក្រៅម៉ោងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សា ព្រោះរូបលោកជាកូនកំព្រាដែលមានតែបងជាអ្នកជួយផ្គត់ផ្គង់។យុវសិស្ស ហាក់ ម៉េង បានរៀបរាប់ថា៖ «ក្នុងមួយសប្តាហ៍ ខ្ញុំទទួលបានប្រាក់៧ម៉ឺនរៀលពីបងស្រីនិងបងប្រុស ហើយប្រាក់ទាំងអស់នោះខ្ញុំត្រូវប្រើប្រាស់សម្រាប់ការហូបចុកសម្លៀកពាក់ ជួលផ្ទះ និងទិញសម្ភារសិក្សា»។

ជារៀងរាល់ពេលដែលមិត្តរបស់លោកបបួលហៅទៅក្រៅជួបជុំគ្នាលោកបានបញ្ជាក់ថា៖ «ជាទូទៅ ខ្ញុំតែងតែគិតដល់ជម្រើសបី ខ្ចីលុយ ជំពាក់លុយ ឬមិនទៅ។ ការពិចារណាដិតដល់ទៅជម្រើសចុងក្រោយតែងតែស័ក្ដិសមបំផុតសម្រាប់ខ្ញុំ»។គួរបញ្ជាក់ដែរថា យុវជន ហាក់ ម៉េង គឺជាអ្នកដឹកនាំក្រុម WISH ដែលជួយចុះចែកអំណោយដល់កុមារតាមខេត្ត បើទោះបីជាលោកមិនមែនជាមនុស្សមានលុយកាក់ធូរធារច្រើនក៏ដោយ។លោកបានយល់ពីតម្លៃរបស់លុយ និងតម្រូវការរបស់កុមារដែលខ្វះខាតពិតប្រាកដ។ចុះអ្នកវិញ តើអ្នកបានធ្វើអ្វីខ្លះចំពោះថវិការដែលអ្នកមាន ឬប្រាក់ដែលទទួលបានពីញើសឈាមរបស់ឪពុកម្តាយ?ជាការពិត ឪពុកម្តាយគ្រប់រូប តែងតែរំពឹងថា អ្នកនឹងប្រើប្រាស់លុយទាំងនោះឲ្យមានប្រយោជន៍ និងចំគោលដៅក្នុងផ្លូវត្រឹមត្រូវជាពិសេសវាត្រូវតែជាប្រយោជន៍សម្រាប់ការសិក្សា៕

ប្រភព ៖ postkhmer

  • តើ​យុវជន​ខ្លះ​បាន​ប្រាក់​មក​ពី​ណា​ចាយ​វាយ​ភ្លើត​ភ្លើន?已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ចំនេះដឹង
Tags: