វិធីធ្វើ ភ្លាសាច់គោ

ស្រីមេផ្ទះភាគច្រើនតែងតែ មានការពិបាកក្នុងការរកមុខម្ហូបថ្មីៗ ដែលងាយស្រួលធ្វើ មានរស់ជាតិឆ្ងាញ់ ព្រមទាំងល្អចំពោះសុខភាពចំពោះក្រុមគ្រួសារ។ ដូច្នេះថ្ងៃនេះដែលមង្គលការសូមណែនាំដែលម្ហូបមួយមុខទៀតដែលមាន រសជាតិឆ្ងាញ់ ហើយងាយស្រួធ្វើគឺ ” ភ្លាសាច់គោ ” ។
វិធីធ្វើ ភ្លាសាច់គោ
គ្រឿងផ្សំ ៖

– សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ )
– ក្រូចឆ្មារ ចិតសំបកចេញតិចសិន ចាំច្របាច់យកទឹក ( កុំអោយវាខាសំបកក្រូច )
– ម្ទេសប្លោកក្រហម ខៀវ ( ហាន់ជាសសៃៗ )
– គល់ស្លឹកគ្រៃ ( ហាន់ស្ដើងៗ )
– សណ្ដែកគួរ
– ស្លឹកជីគ្រប់មុខ
– សណ្ដែកដី ( បុករៀងម៉ត់បន្តិច )
– ប្រហុកសាច់សុទ្ធ
– ខ្ទឹមក្រហម ( ហាន់ស្ដើងៗ )
– ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
– ស្ករស ម្សៅស៊ុប អំបិល
– ស្ពៃក្ដោប ( ពណ៍ស្វាយ រឺ ស ) ហាន់ជាសរសៃៗស្ដើងៗ
– ម្ទេស ( តាមការចូលចិត្ត )
វិធីធ្វើ ភ្លាសាច់គោ
វិធីធ្វើ៖

– យកសាច់គោមកដាក់ក្នុងចានស្អាតមួយ រួចច្របាច់ទឹកក្រូចឆ្មារចូលអោយរៀងច្រើនបន្តិច ហើយច្របាច់សាច់គោចុះឡើង អោយអស់ឈាម និងឆ្អិនបន្តិច បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មារនោះចេញវិញអោយអស់ រួចទុកមួយអន្លើរ
– យកទឹកក្រូចឆ្មារ ដែលយើងបានច្របាច់ចេញពីសាច់នោះ មកដាំអោយពុះ រួចដាក់ប្រហុកចូល ( ប្រហុកដាក់តិច រឺច្រើន តាមការចូលចិត្ត ) ទុកអោយពុះម្ដងទៀត ទើបដាក់ស្ករស ម្សៅស៊ុប និងអំបិលបន្តិចបានហើយ ព្រោះប្រហុកមានជាតិប្រៃស្រាប់ រួចទុកអោយត្រជាក់បន្តិច
– បន្ទាប់មកយកចាក់លាយជាមួយសាច់ ហើយដាក់គល់ស្លឹកគ្រៃចូល ច្របល់ចូលគ្នាអោយសព្វ ហើយបន្ថែម ខ្ទឹមក្រហម ខ្ទឹមស រួចច្របល់ចូលគ្នាអោយសព្វទៀត
– បន្ទាប់មកដាក់ ស្ពៃក្ដោបពណ៌ស្វាយ ម្ទេសប្លោកក្រហម ម្ទេសប្លោកខៀវ ម្ទេសស្រស់ និងសណ្ដែកគួរចូល ច្របល់ចូលគ្នាអោយសព្វចូលជាតិ រួចដាក់សណ្ដែកដីចូល ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើស្ទើរគ្រឿងអ្វី បន្ថែមរសជាតិបន្តិចទៀត )
– ពេលរៀបទទួលទាន ទើបដាក់ជីរគ្រប់មុខចូល ច្របល់ចូលគ្នាអោយសព្វ រួចជាការស្រេច ៕

អត្ថបទ៖ ដេវីដ
ប្រភព៖ cool1007