ម៉េច​ចឹ​ង? ពលរដ្ឋ​ថា​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ សមត្ថកិច្ច​ថា​ទុក​ឲ្យ​ពលរដ្ឋ​រស់

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា បទល្មើស​នៅ​រដូវ​បិទ​នេសាទ​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារ​តែ​មន្ត្រី​ជលផល អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើកភ្លើង​ខៀវ​ឲ្យ​ពួក​ឈ្មួញ​ប្រមូល​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយចិត្ត ។

ពលរដ្ឋ​នាំ​គ្នា​និយាយ​ត្អូញត្អែរ​ថា នៅ​រដូវ​បិទ​នេសាទ​នេះ មាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​ហិនហោច​ដល់​មច្ឆជាតិ​ដូច​ជា របាំង​ណ​រ៉ាវ​សាច់​ក្រហម របាំង​ស្បៃ​មុង រ៉ូ​យ៉ា​ល់ ឡុ​ក និង លូ ជា​ច្រើន​កន្លែង​បាន​ដាក់​ស្ទាក់​ចាប់​ត្រី​នៅ​ក្នុង​ទឹក​ក្បែរ​ៗ​ព្រៃ និង​លាតសន្ធឹង​តាំងពី​មាត់ព្រៃ​រហូត​ដល់​ទៅ​លំហ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្តាយ ដែល​ក្នុង​មួយ​ខ្សែ​ៗ​មាន​ប្រវែង​ពី​២០០​ម៉ែត្រ​-៣០០​ម៉ែត្រ​ទៅ​រាប់​ពាន់​ម៉ែត្រ​ក៏​មាន​នោះ កម្រ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ណាស់​ចំណែក​ពួក​គាត់​ដែល​ដាក់​ឧបករណ៍​នេសាទ​ខ្លី​ៗ​ជា​លក្ខណៈ​គ្រួសារ​វិញ បន្តិច​គេ​ទៅ​កាប់​បំផ្លាញ​ចោល​អស់ ។

ពាក់ព័ន្ធ​បទល្មើស​ខាងលើ​នេះ លោក ព្រុំ សុ​ឃឿ​ន នាយ​សង្កាត់​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ មិន​អាច​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ព្រោះ​ទូរស័ព្ទ​លោក​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។ ចំណែក​លោក ស៊ិ​ន សុ​ភី ហៅ ប្រុស នាយ​រង​សង្កាត់​វិញ​នោះ ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

លោក អ៊ុ​ន បត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ ថ្ងៃស្អែក​លោក​នឹង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ពង្រឹង​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ។

លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​ទទួលស្គាល់​ថា ពិតជា​មាន​បទល្មើស​នេសាទ​ខ្លះ​ៗ​មែន ដោយសារ​តែ​កន្លង​មក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​រហូត​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នាំ​គ្នា​សំណូមពរ​ថា ឆ្នាំ​នេះ​កាលពីដើម​ឆ្នាំ​មាន​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ធ្វើ​ឲ្យ​ពួក​គាត់​សឹងតែ​រក​អ្វី​ទទួលទាន​ពុំ​បាន មាន​ខ្លះ​នាំ​គ្នា​ទៅ​ចងការ​ប្រាក់​គេ​ទៀត​ផង លុះដល់​មានទឹក​បន្តិច​ច​ន្តួ​ច​គាត់​នាំ​គ្នា​នេសាទ​ត្រូវ​បាន​កម្លាំង​ចុះ​បង្ក្រាប​ញឹក​ញ៉ាប់​យ៉ាងនេះ តើ​ឲ្យ​ពួក​គាត់​សង្ឃឹម​អ្វី? គាត់​គ្មាន​ចេះ​អ្វី​ក្រៅពី​របរ​នេសាទ​នេះ​ទេ តើ​ពួក​គាត់​សុំ​តែ​មួយ​រស់​ផង​បាន​ទេ? ដោយសារ​តែ​បញ្ហា​នេះ​ហើយ​លោក​បាន​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត ហើយ​ធ្វើ​ជា​របាយការណ៍​ជូន​ទៅ​ក្រសួង ។ លោកនាយ​ខណ្ឌ​បន្ត​ថា បើ​ប្រជាពលរដ្ឋ​នាំ​គ្នា​សំណូមពរ​យ៉ាង​ដូច្នេះ​ហើយ លោក​មាន​តែ​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ ដោយ​មិន​អាច​សម្លាប់​ពួក​គាត់​បាន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សារព័ត៌មាន​ខ្លះ​វាយប្រហារ​ចំពោះ​រូប​លោក​ថា បាន​ឃុបឃិត​គ្នា​បណ្តោយ​ឲ្យ​មាន​បទល្មើស ។

លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ បញ្ជាក់​ថា បើ​ពលរដ្ឋ​ដាក់​ឧបករណ៍​ក្រឡា​ធំ​ៗ​បន្តិច​នោះ​ត្រឹម​ប្រវែង​១០០​ម៉ែត្រ ទៅ​២០០​ម៉ែត្រ ដើម្បី​រស់ គឺ​លោក​ទុក​ឲ្យ​ពួក​គាត់​រស់​ចុះ ហើយ​លោក​ក៏​ពុំដែល​បាន​ទទួល​ប្រាក់​សូ​ម្បី​តែ​១​រៀល​ពី​ពួក​គាត់​ដែរ ។ ចំណែក​ឧបករណ៍​របាំង​ស្បៃ​ម៉ុង​គឺ​ហាម​ដាច់ខាត សូ​ម្បី​២-៣​ម៉ែត្រ​ក៏​បង្ក្រាប​កាប់​កម្ទេច ឬ​ក៏​សារ​យក​មក​ដុត​កម្ទេច​ចោល​ដែរ រីឯ​រឿង​ថា មាន​ដាក់​ឧបករណ៍​នេសាទ​ខុសច្បាប់​រាប់​ពាន់​ម៉ែត្រ​នោះ លោក​នឹង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕