ថៃ​ រិទ្ធី ទៅ​វ៉ៃ​ក្នុង​ទ្រុង​នៅ​ថៃ ​ចុង​សប្ដាហ៍​នេះ

អ្នក​លេង​គុន​ខ្មែរ​ និង​ប្រដាល់​ក្បាច់​​គុន​ចម្រុះ​ក្នុង​ទ្រុង(MMA) ​ ថៃ​ រិទ្ធី​ នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​បាងកក​ប្រទេស​​ថៃ​​ដើម្បី​ចូល​រួម​ប្រកួតក្នុង​​​ព្រឹត្តិការណ៍​ Full Metal Dojo Pressents​ នា​ថ្ងៃ​ទី១០ ខែ​កញ្ញា​ឆ្នាំ​២០១៦ ចុង​សប្ដាហ៍​​​នេះ​​។​

 

 ថៃ​ រិទ្ធី ទៅ​វ៉ៃ​ក្នុង​ទ្រុង​នៅ​ថៃ ​ចុង​សប្ដាហ៍​នេះហ៊ុន ច័ន្ទរាជ (កំពុង​បង្ហាត់​សិស្ស​)

 

លោក​​ ហ៊ុន​ ច័ន្ទរាជ គ្រូ​បង្វឹក​​​​​ក្លឹប Cambodian Top Team ​និង​ជា​គ្រូ​បង្វឹក​របស់​ ថៃ​ រិទ្ធី​ ផ្ទាល់​បាន​ឲ្យ​ដឹង​​ថា​​ លោក​​ និង ថៃ រិទ្ធី នឹង​​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​​​នៅ​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ខាង​មុខ​នេះ​​។ ជើង​ខ្លាំង​ ថៃ​ រិទ្ធី​ នឹង​ត្រូវ​ប្រឈម​ជាមួយ​អ្នក​លេង​ក្បាច់​ចម្រុះ​មក​ពី​ប្រទេស​ហ្វីលីពីន ​Righ Ard Cormmial​ ក្នុង​ប្រភេទ​ទម្ងន់​៦៥គីឡូក្រាម​។

 

លោក​​ ហ៊ុន​ ច័ន្ទរាជ​ បាន​បន្ថែម​ទៀត​ថា ​កីឡាករ​​ហ្វីលីពីន​រូប​នេះ​​ពូកែ​គ្រប់​ក្បាច់​ទាំង​អស់ ​ទាំង​ស្នៀត​ផ្នែក​ក្រោម​ ​និង​ក្បាច់​គុនសេរី​​​ជា​ដើម​ ​ព្រម​ទាំង​​ធ្លាប់​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​ ហ្វីលីពីន​ និង​ ម៉ាឡេស៊ី​ផង​ដែរ។​ «កីឡាករ​ហ្វីលីពីន ​បើ​ខ្ញុំ​ដឹង​គេ​ខ្លាំង​ទាំង​អស់​ តែ​ថៃ​ រិទ្ធី​យើង​ក៏​មិន​អន់​ដែរ​។ ខ្ញុំ​សង្ឃឹម​លើ​ថៃ​ រិទ្ធី​ ៥១%»​។ សម្ដី​របស់​លោក​​​ ហ៊ុន​ ច័ន្ទរាជ។

 

​តាម​ស្ថិតិ​ប្រកួត​​ក្នុង​ទ្រុង​លំដាប់​អន្តរជាតិ​​ ថៃ​ រិទ្ធី​ ​ចូល​រួម​​បាន​៨លើក​ក្នុង​នោះ​​ឈ្នះ៧​ និង​ ចាញ់​១​ដង។ ប្រកួតក្នុង​ទ្រុង​​លើក​ចុង​ក្រោយ​របស់​ ថៃ​ រិទ្ធី​​គឺ​នៅ​ទឹក​ដី​ប្រទេស​ថៃ​ឈ្នះ​កីឡាករ​ថៃ Veerayuth​ ​Uttapan​ ​នៅ​ទឹក​ទី​១ ក្នុង​ព្រឹត្តិការណ៍​ Full Metal Dojo ១០៕

​​​​

ថៃ​ រិទ្ធី ទៅ​វ៉ៃ​ក្នុង​ទ្រុង​នៅ​ថៃ ​ចុង​សប្ដាហ៍​នេះ

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​