ប៉ូលិស​ព្រំដែន​រារាំង​គ្រញូង ប៉េ​អឹ​ម​លើកគ្នា​ចាប់​ឱ្យ​មេព្រៃ ទីបំផុត​ឈើ​មាន​តម្លៃ​បាត់ដាន

ប៉ូលិស​ព្រំដែន​រារាំង​គ្រញូង ប៉េ​អឹ​ម​លើកគ្នា​ចាប់​ឱ្យ​មេព្រៃ ទីបំផុត​ឈើ​មាន​តម្លៃ​បាត់ដាន



ខេត្តស្វាយរៀង ៖ មន្ត្រី​នគរបាល​មួយ​រូប​បាន​ទម្លាយ​រឿង​ក្រុម​ឈ្មួញ​លួច​គាស់​ដើម​គ្រញូង​មួយ​ដើម​មាន​មុខកាត់​០៤​តឹក កម្ពស់​ជាង​១០​ម៉ែត្រ នៅ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង ។

ពេល​នោះ​កើត​មានការ​ចម្រុង​ចម្រាសជាមួយ​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចេញ ហើយ​ក៏​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក និង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​ចាប់​យក​ឈើ​គ្រញូង​នោះ ប៉ុន្តែ​មិនដឹង​ថា​បញ្ជូន​ឈើ​នោះ​ទៅ​ណា​ឡើយ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ឆ្លើយ​ថា មិនឃើញ​ស្ថាប័ន​ណា​បញ្ជូន​ឈើ​គ្រញូង​ដែល​កងរាជអាវុធហត្ថ​ចាប់​បាន​នោះ​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ទេ ។

បើ​តាម​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែសីហា មាន​ក្រុម​ឈ្មួញ​មក​ទិញ​គ្រញូង​មួយ​ដើម​នៅ​ក្នុង​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ក្នុង​តម្លៃ​ប្រមាណ​៣​ពាន់​ដុល្លារ ហើយ​បាន​គាស់​យក​ទាំង​ឫស និង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​បាត់​ត្រាស់ ឃុំ​ដូង ស្រុក​រមាស​ហែក ។ ប៉ុន្តែ​ការ​ចរចា​គ្នា​មិន​ត្រូវ​និង​កើត​មានការ​ចម្រូងចម្រាស ដោយសារ​នគរបាល​ព្រំដែន​មិន​អនុញ្ញាត​ឲ្យ​ដឹក​ចេញ​តាម​ច្រករបៀង ។

ក្រោយមក គេ​ឃើញ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ក្រុម​ទៅ​ដល់ ចាប់​ឃាត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹកឈើ​គ្រញូង​នោះ​ឲ្យ​ត្រឡប់​មក​ក្រោយ​វិញ​ដោយ​អះអាង​ថា បញ្ជូន​ទៅ​បញ្ជ​ការដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង ចាត់ការ​តាម​នីតិវិធី ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា មាន​រយៈពេល​៨​ថ្ងៃ​ហើយ មិន​ទាន់​ឃើញ​ឈើ​គ្រញូង​នោះ​ទៅ​ដល់​ដៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ឡើយ ។ រីឯ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក  និង​កងរាជអាវុធហត្ថ​ខេត្ត ឆ្លើយ​ថា មិន​បានដឹង​រឿង​ចាប់​ឈើ​គ្រញូង​នេះ​ទេ ចាំ​រាយការណ៍​ទៅ​មេ​សុំ​ការ​អនុញ្ញាត​ស្រាវជ្រាវ និង​សួរ​ទៅ​មន្ទីរ​ជំនាញ បើ​យ៉ាងណា និង​ប្រាប់​ឲ្យ​ដឹង​វិញ ។

ទោះជា​មានការ​ប្រាប់​បែប​នេះ​ក្តី ក៏​មក​ដល់​ពេល​នេះ​បាត់​ឈឹង​គ្មាន​ដំណឹង ហើយ​បញ្ហា​ឈើ​គ្រញូង​នោះ​ក៏​មិនដឹង​ថា​ទៅ​ពួន​នៅ​កន្លែង​ណា ឬ​ក៏​ជម្លៀស​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណា​បាត់​ទៅ​ហើយ​ក៏​មិនដឹង !