នាំ​គ្នា​លោតទឹក​លេង​ជាន់​គ្នា​លង់​ស្លាប់​ម្នាក់

នាំ​គ្នា​លោតទឹក​លេង​ជាន់​គ្នា​លង់​ស្លាប់​ម្នាក់



ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ គ្រា​ដែល​លោត​ពីលើ​ដើម​អំពិល​បារាំង​ទម្លាក់​ខ្លួន​មក​ក្នុង​ទឹក​ព្រែក ហើយ​ក្មេង​ម្នាក់​ទៀត​លោត​មក​តាម​ក្រោយ​ជាន់​ពីលើ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា នៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ យ៉ុ​ង រ៉ា​វឿ​ន  អាយុ​១៤​ឆ្នាំ ឪពុក​ឈ្មោះ ព្រំ យ៉ុ​ង អាយុ​៥៨​ឆ្នាំ ម្តាយ​ឈ្មោះ ស យឿ​ន  អាយុ​៥៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។

នគរបាល​បាន​ដកស្រង់​សម្ដី​សាក្សី​និយាយ​ថា នា​វេលា​ម៉ាង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​លោតទឹក​លេង​ជាមួយ​មិត្តភក្ដិ​ពីលើ​ដើម​អំពិល​បារាំង ដែល​ដុះ​ទេ​រល​យស​ចូល​មក​ក្នុង​ព្រែក ។ ពេល​ជន​រង​គ្រោះ​លោត​ធ្លាក់​ចូល​ក្នុង​ទឺ​ក ស្រាប់តែ​មិត្តភក្ដិ​ឈ្មោះ សឿ​ន ស៊ី​ម​លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា លោត​មក​តាម​ក្រោយ​ពេល​ធ្លាក់​ដល់​ទឹក​ជើង​បុក​ជាន់​ក្បាល​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ងើប​ពី​ក្នុង​ទឹក​មិន​រួច​លិចលង់​ស្លាប់​តែ​ម្ដង ។

រីឯ​ឈ្មោះ សឿ​ន ស៊ី​ម​លី ងើបឡើង​មក វិញ បាត់​តែ​កុមារ យ៉ុ​ង រ៉ា​វឿ​ន ក៏​ទៅ​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ដឹង និង​នាំ​គ្នា​មក​រាវរក​ជាង​២​ម៉ោង​ទើប​ឃើញ​សព ៕