លោក ប៉ុល សារឿន ប្រាប់ឲ្យកងទ័ពត្រូវតែការពារលោក ហ៊ុន សែន និងក្រុមគ្រួសារឲ្យបានដាច់ខាត

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលោកប៉ុល សារឿនបានប្រាប់ទៅកងទ័ពត្រូវ ការពារនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារឲ្យខាងតែបាន និងទប់ស្កាត់មិនឲ្យកើតមានបដិវត្តពណ៌។ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីរំឭកខួបលើកទី៨ នៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ថ្ងៃទី០៤ កញ្ញានេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ថ្លែងពីក្រុងតាខ្មៅ ក្នុងពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ នៃការបង្កើតកងអង្គរក្ស ព្រឹកថ្ងៃទី០៤ កញ្ញា លោកប៉ុល សារឿនអគ្គមេបញ្ជាការកងយោធពលខេមរ ភូមិន្ទបញ្ជាក់ថា លោកហ៊ុន សែនជាអ្នក បានខិតខំពុះពារគ្រប់ឧបសគ្គ ដោះស្រាយការលំបាកគ្រប់បែបយ៉ាង ដែលជារបត់នយោបាយធំៗ នៃអាយុជីវិតរបស់ប្រទេសជាតិ ដើម្បីការពារស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ=ឈ្នះ សំដៅលុបបំបាត់នូវអង្គការចាត់តាំងនយោបាយ និង យោធា របស់របបកម្ពុជាប្រជាធិបតេយ្យ ដើម្បីបង្រួបបង្រួមជាតិខ្មែរតែមួយ។

ស្ថិតក្នុងការមើលឃើញបែបនេះ លោកប៉ុល សារឿនបានលើកឡើងដោយចំហថា មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ពិសេស ត្រូវអនុវត្តឱ្យបានដាច់ខាតនូវតួនាទី ភារកិច្ចការពារសុខសុវត្ថិភាព ឱ្យបាន១០០% ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំង ដាច់ ខាតបដិវត្តពណ៌ ។

សូមបញ្ជាក់ថា នៅរយៈកាលចុងក្រោយនេះ មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានប្ដេជ្ញាដាច់ខាតការពារក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ពីការប៉ុនប៉ងណាមួយដែលចង់ទម្លាក់លោក ហ៊ុន សែន ចេញពីមុខតំណែង។ ការប្រកាសជារឿយៗបែបនេះ ត្រូវបានអ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងយល់ឃើញថា នេះជាសញ្ញានៃការគំរាមកំហែង ទុកជាមុន ហាក់មិនចង់ឲ្យមានការផ្លាស់ប្ដូរតាមរយៈសន្លឹកឆ្នោត ខណៈការបោះឆ្តោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្តោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់ នៅឆ្នាំ២០១៧ និង២០១៨ ខាង មុខ៕

ប្រភព៖ វាយោ


Related Posts