អ៊ុំ សំអាន និងមេធាវីធ្វើពហិការមិនចូលរួមសវនាការ

តុលាការក្រុងភ្នំពេញនៅថ្ងៃនេះបានបើកសវនាការជំនុំជម្រះលោក អ៊ំុ សំអាន តំណាងរាស្ត្របក្សប្រឆាំងនិយាយឥតសំចៃ ដែលនគរបាលបានចាប់ដាក់ពន្ធនាគារកាលពីខែមេសា ទោះបីជាលោកនិងមេធាវីរបស់លោក ដើរចេញពីបន្ទប់សវនាការក៏ដោយ។

មេធាវីលោក សំអាន គឺលោក ហែម សុជាតិ លោក សំ សុគង់ និងលោក ជូង ជូងី បានធ្វើពហិការមិនចូលរួមសវនាការនេះ ដោយពួកគាត់លើកឡើងថា សវនាការមិនអាចធ្វើទៅបានទេ ព្រោះមានបណ្តឹងមោឃភាពនៃនីតិវិធីតុលាការកំពុងស្ថិតនៅតុលាការកំពូលនៅឡើយ កូនក្តីរបស់ពួកគាត់នៅមានអភ័យឯកសិទ្ធិ ហើយមិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រងអ៊ិនធើណែតនិងហ្វេសប៊ុក។

លោក សំអាន បាននិយាយថា លោកក៏មិនអាចចូលរួមសវនាការនេះបានដែរ ព្រោះលោកនៅមានអភ័យឯកសិទ្ធិនៅឡើយ។

លោក សំអាន បាននិយាយថា “សវនាការនេះគឺជាការកាត់ក្តីខុសច្បាប់ ពីព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ លុះត្រាតែសភាបោះឆ្នោតដកអភ័យឯកសិទ្ធិពីរភាគបីសិន ប៉ុន្តែសភាមិនបានបោះឆ្នោតពីរភាគបីនៃសំឡេងសរុបទេ។ ខ្ញុំមិនឆ្លើយនឹងតុលាការដែលកាត់ទោសខ្ញុំ នៅពេលដែលខ្ញុំនៅមានអភ័យឯកសិទ្ធិទេ”។

លោក សំអាន ត្រូវបានចាប់ខ្លួនកាលពីខែមេសា ក្នុងពេលដែលលោកវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីស្នាក់នៅក្រៅប្រទេសជាច្រើនខែ ហើយបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើង ដោយសារការបង្ហោះតាមហ្វេសប៊ុកដែលចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីព្រំដែនខុសច្បាប់ ហើយប្រគល់ដីឲ្យវៀតណាម។

រដ្ឋាភិបាលបាននិយាយថា ការចាប់ខ្លួនលោក សំអានស្របច្បាប់ ពីព្រោះការបង្ហោះតាមហ្វេសប៊ុករបស់លោកមិនទាន់បានលុបចោលនៅឡើយ ដែលមានន័យថាលោកត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស ជាខលើកលែងចំពោះអភ័យឯកសិទ្ធិ។

ចៅក្រម ហេង សុខណា បាននិយាយថា ការមិនចូលរួមសវនាការនេះជាការលះបង់សិទ្ធិឆ្លើយរបស់លោក សំអាន និងជាការលះបង់សិទ្ធិការពារក្តីកូនក្តីរបស់មេធាវី។

សាលក្រមនឹងប្រកាសនៅថ្ងៃទី១០ ខែតុលា៕

ប្រភព៖ cambodiadailykhmer


អ៊ុំ សំអាន និងមេធាវីធ្វើពហិការមិនចូលរួមសវនាការ

សង្គ្រោះជាតិចោទរដ្ឋាភិបាលថា រំលោភរដ្ឋធម្មនុញ្ញ

អ៊ុំ សំអាន និងមេធាវីធ្វើពហិការមិនចូលរួមសវនាការ

កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីប៣គ្រាប់នៅថ្ងៃនេះ