ឃាត់ខ្លួន​ក្តឹប​ចោរ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​​ពីរ​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ធ្វើការ​ឃាត់ខ្លួន​ក្តឹប​ចោរ​ម្នាក់ ពេល​ដែល​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​មន្ត្រី​អង្គរក្ស​ម្នាក់​មិន​បាន​សម្រេច​នោះ​។ ហេតុការណ៍​នោះ​ដែរ​បា​នប​ង្ក្រ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​៤៦៦ ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រឹម វាសនា អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​លេខ​១១ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ពេល​ដែល​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ញ៉ា អាយុ ២៥​ឆ្នាំ នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង ១A-០៥៧៦ មួយ​គ្រឿង​ចូល​ទៅ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​មន្ត្រី​អង្គរក្ស​ម្នាក់​នោះ​។

មុន​ពេល​កើតហេតុ រូបគេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង​ខាងលើ​ដើម្បី​ដើរ​លួច​ទ្រព្យសម្បត្តិ​គេ ហើយ​ក៏​បាន​ជិះ​ឌុ​ប​គ្នា​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ​របស់​មន្ត្រី​អង្គរក្ស​ខាងលើ ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ា ជា​អ្នក​ចូល​ទៅ​លួច ហើយ​រូបគេ​នៅ​អង្គុយ​លើ​ម៉ូតូ​បញ្ឆេះ​រង់ចាំ​ជា​ស្រេច​នៅ​ខាងក្រៅ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​ខាងក្នុង​ផ្ទះ​ទំនងជា​ប៉ះ​រថយន្ត ក៏​លាន់ឮ​សំឡេង​តេ​ឡេ​រោ​ទិ៍​ឡើង ធ្វើ​ឲ្យ​ភ្ញាក់​ទៅ​ដល់​បុរស​ជា​កូន​ម្ចាស់ផ្ទះ​ខាងលើ​ចេញ​មក​មើល​តែ​មិន​បានឃើញ​អ្វី​ឡើយ​ក៏​បាន​ចូល​ទៅ​ដេក​វិញ​។

ពេល​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​បានឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​រើ​កកាយ​អីវ៉ាន់​ក្នុងផ្ទះ​ក៏​បាន​ស្រែក​ឆោឡោ​ថា ចោរ​ៗ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង ដោយ​ជនសង្ស័យ​ម្នាក់​បាន​រត់​បាត់​គេចខ្លួន​បាត់​ស្រមោល និង​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​ជា​បក្ខពួក​ក៏​បាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​រង​គ្រោះ​មិន​បាន​រង​នូវ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។ ចំណែកឯ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​ធ្វើការ​សាកសួរ និង​កត់​កំណត់ហេតុ នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕