ថៃ ចង់​ដើរតួ​ជា​ស្ពាន​ភ្ជាប់​ប្រទេស​អ្នកមាន G-20 និង​ប្រទេស​ក្រីក្រ G-77 និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-05-2016, 8:19 pm         1464

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ ចង់​ដើរតួ​ជា​ស្ពាន​ភ្ជាប់​ប្រទេស​អ្នកមាន G-20 និង​ប្រទេស​ក្រីក្រ G-77​ឆ្លៀតពេល​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ជឿនលឿន​ទាំង​២០ (G-20) ប្រមុខ​រដ្ឋាភិបាល​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​អ្នកមាន​ទាំងអស់ ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្រីក្រ (G-77) និង​បន្ត​គាំទ្រ​ប្រទេស​ក្រីក្រ​ទាំងអស់​។ នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា ខ្លួន​អាច​ដើរតួនាទី​សម្រាប់​ការតភ្ជាប់​នេះ​បាន ដ្បិត​ក្នុង​ឆ្នាំ ២០១៦​នេះ ថៃ គឺជា​ប្រធាន​នៃ​ប្រទេស G-77 តែម្ដង​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៤ ខែកញ្ញា និយាយថា ថៃ ត្រៀមខ្លួន រួចរាល់​ក្នុង​ដើរតួនាទី​ជា​ស្ពាន​រវាង​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G-20) និង ក្រុម​ប្រទេស​ក្រី​ក្រី (G-77)​។ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ថ្លែង​បែបនេះ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ G-20 នៅ​ទីក្រុង​ហាង​ចូ​វ ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ជា​ម្ចាស់ផ្ទះ​។​

​កិច្ចប្រជុំ G-20 ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ដំ​បួង​នោះ ត្រូវបាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​ទាំងអស់ រួមទាំង​ប្រធានាធិបតី​អាមេរិក​,​រុស្សី​,​កូរ៉េខាងត្បូង​,​ប្រេ​ស៊ី​ល ព្រមទាំង​នាយករដ្ឋមន្ត្រី​អង់គ្លេស​,​ជប៉ុន​,​កាណាដា និង​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត​។ ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​ថៃ និយាយ​ដែរ​ថា របៀបវារៈ​នៃ​កិច្ចប្រជុំ ពិតជា​សំខាន់​ណាស់ និង​បាន​ភ្ជាប់​ទៅនឹង​ការអភិវឌ្ឍ ក៏ដូចជា​តួនាទី​របស់​ចិន ក្នុង​ការតភ្ជាប់​ក្រុម​ប្រទេស G-77 និង​ប្រទេស G-20 ដែល​ថៃ​ក៏​កំពុងតែ​ផ្ដោតលើ​ការងារ​នេះដែរ​។

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ដោយ​លើកឡើង​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​ពិភពលោក​ជួបប្រទះ នាយករដ្ឋមន្ត្រី​ថៃ បានស្នើ​ឲ្យ​គ្រប់​ប្រទេស រួបរួមគ្នា​កាន់តែខ្លាំង ជាជាង​ទុក​ឲ្យ​ប្រទេស​ខ្លះ រងគ្រោះ​តែឯង​នោះ​។ លោក​បន្តថា ប្រទេស​ទាំងអស់ ក៏ត្រូវ​រួម​កម្លាំង​គ្នា បង្កើត​កិច្ច​សហ ប្រតិបត្តិការ​ថ្មី​មួយ ដើម្បី​រុញច្រាន​សេដ្ឋកិច្ច​សកល ទៅកាន់​ផ្លូវ​នៃ​ការអភិវឌ្ឍ​ថ្មី ព្រមទាំង​ការ បង្កើត​ភាពជា​ដៃគូ​សកល​ដែរ​។

​បន្ថែម​ពីលើ​នោះ នាយករដ្ឋមន្ត្រី​ថៃ ក៏​ឆ្លៀតឱកាស​នោះ អំពាវនាវ​បណ្ដា​ប្រទេស G-20 ជួយ​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​ដទៃទៀត ក្នុងការ​ស្វែងរក​ចំណុចខ្លាំង​របស់ខ្លួន និង​ដើម្បី​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុក តាមរយៈ​ធនធាន​ចំណេះដឹង​មាន​ស្រាប់​។ ជាមួយនឹង​ការធ្វើ​ដូច្នេះ ប្រទេស​អ្នកមាន G-20 អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​សម្រាប់​ផលិតផល​ប្រទេស​ក្រីក្រ ដែល​នឹង​ជួយ​ព​ន្លឿ​ន​សេដ្ឋកិច្ច​សកល​ផងដែរ​។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល G-20 ដែល​ចិន​ជា​ម្ចាស់ផ្ទះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែកញ្ញា បន្ទាប់​មេដឹកនាំ​ពិភពលោក​ជាច្រើន ជួបប្រជុំគ្នា​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ជាច្រើន ជាពិសេស​ការស្ដារ​ឡើង​សេដ្ឋកិច្ច​សកល ដែល​កំពុង​ងើបឡើង​យឺតៗ​។ ក្រៅពី​ជំនួប​ពេញអង្គ គេ​ឃើញ​មាន​ជំនួប​ទ្វេភាគី​ជាច្រើន​ផងដែរ សំដៅ​ពង្រឹង​កិច្ចប្រតិបត្តិការ​រវាង​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០៕