តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​ប៉ុនប៉ង​ធ្វើ​ឃាត

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​នៅ​ចំបក់​៣​ដើម ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី កំពុង​គេច​ខ្លួន​ចេញ​ពី​លំនៅឋាន​ជា​បណ្ដោះអាសន្ន ដើម្បី​ស្វែងរក​ទី​សន្តិសុខ​សម្រាប់​ការពារ​ខ្លួន។ ការ​រត់​គេច​ខ្លួន​នេះ បន្ទាប់​ពី​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​រូប​នោះ​អះអាង​ថា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​មិន​ស្គាល់​មុខ បាន​ទៅ​លប​លួច​បាញ់​ប៉ុនប៉ង​ប្រហារ​រូប​គាត់ ប៉ុន្តែ​មិន​បាន​សម្រេច។

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កំពុង​បើក​ការ​ស៊ើប​អង្កេត​តាម​រក​មុខ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អាវុធ​ខុស​ច្បាប់​មួយ​ក្រុម ដែល​សង្ស័យ​ទៅ​លើ​អំពើ​លប​លួច​ធ្វើ​ឃាត​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់។

ចំណាត់​ការ​ស៊ើប​អង្កេត​នេះ ចាប់​ផ្ដើម​ឡើង​បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​អាវុធ បាន​លប​លួច​ទៅ​បាញ់​រះ​ប៉ុនប៉ង​សម្លាប់​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ចំបក់​៣​ដើម កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​កញ្ញា។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​តំបន់​ចំបក់​៣​ដើម គឺ​លោក ចាន់ រិទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​កន្លែង​លាក់​ខ្លួន​បណ្ដោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា ថា កាល​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ពេល​ដែល​លោក​កំពុង​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​លោក​មិន​ដឹង​ចំនួន និង​មិន​ស្គាល់​មុខ​ច្បាស់ បាន​លួច​ចូល​ទៅ​បាញ់​រះ​ប៉ុនប៉ង​សម្លាប់​រូប​លោក។ លោក ចាន់ រិទ្ធ បញ្ជាក់​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ប្រពន្ធ​កូន​ដែល​នៅ​ឯ​ផ្ទះ​កន្លែង​កើត​ហេតុ៖ «វា​ពិបាក​ដល់​ពេល​ដែល​យើង​មើល​គេ​មិន​ស្គាល់ មិន​ច្បាស់​អ៊ីចឹង ប៉ុន្តែ​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា មក គឺ​មាន​គេ​គំរាម​ខ្ញុំ​រហូត បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​ថៅកែ​ទិញ​ដី​ម្នាក់​មក»

សាក្សី​អ្នក​ដឹង​រឿង​នៅ​កន្លែង​កើត​ហេតុ លោកស្រី ហេង ពុទ្ធី អះអាង​ថា កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៤ ខែ​កញ្ញា លោកស្រី​បាន​ឮ​សំឡេង​គ្រាប់​កាំភ្លើង​យ៉ាង​ខ្លាំង​ជាច្រើន​គ្រាប់​ចេញ​ពី​ផ្ទះ​លោក ចាន់ រិទ្ធ។ លោកស្រី​បាន​ស្ទុះ​ចេញ​ពី​ផ្ទះ រួច​ហើយ​ហៅ​អ្នក​ភូមិ​ខ្លះ​ទៀត​ឲ្យ​ជួយ។ ក្នុង​ពេល​នោះ​ដោយ​មេឃ​ងងឹត​ខ្លាំង លោកស្រី​មិន​បាន​ឃើញ​ក្រុម​ជន​ប្រដាប់​អាវុធ​ដែល​បាញ់​នោះ​ទេ គឺ​ឮ​តែ​សំឡេង​ជើង​រត់​គេច​ខ្លួន​ជាច្រើន​នាក់៖ «ឮ​សំឡេង​គ្រាប់​កាំភ្លើង ខ្ញុំ​ភ័យ​ខ្លាំង​ណាស់! ខ្ញុំ​ស្រែក​ហើយ​រត់​បុក​ទ្វារ យំ​ផង​អី​ផង។ ខ្ញុំ​ស្រែក​ហៅ​ពូ រិទ្ធ តែ​គាត់​មិន​ឆ្លើយ»

ទោះ​បី​ជា​យ៉ាង​ណា អធិការ​រង​នគរបាល​ស្រុក​បន្ទាយស្រី ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក ឡុង សំណាង បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​ពន្យល់​ថា ពីព្រោះ​តែ​សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត៖ «សូម​អធ្យាស្រ័យ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ពីព្រោះ​កម្លាំង​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ។ ចាំ​ប៉ូលិស​បាន​ព័ត៌មាន​ច្បាស់លាស់​សិន»

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ចំនួន​ពីរ គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​លីកាដូ (LICADHO) បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ។

នៅ​កន្លែង​កើត​ហេតុ គេ​បាន​រក​ឃើញ​ស្នាម​គ្រាប់​កាំភ្លើង​ដែល​ជន​មិន​ស្គាល់​មុខ​បាញ់​ចំ​ជញ្ជាំង​ផ្ទះ​របស់​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​នោះ​ចំនួន ៤​គ្រាប់ ដោយ​គ្រាប់​ខ្លះ​បាន​ធ្លុះ​ជញ្ជាំង​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត និង ១​គ្រាប់​ទៀត​ត្រូវ​សសរ​ផ្ទះ​ជិត​គ្រែ ដែល​តំណាង​សហគមន៍​នោះ​ដេក។

ភរិយា​របស់​តំណាង​សហគមន៍​ដែល​គេ​ប៉ុនប៉ង​ធ្វើ​ឃាត លោកស្រី ឃី ភារម្យ មាន​ប្រសាសន៍​ថា រយៈពេល ២​ឆ្នាំ​មក​នេះ គឺ​ប្ដី​របស់​គាត់​ធ្លាប់​មាន​បញ្ហា​ទំនាស់​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​ដណ្ដើម​ដី​គ្នា ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា កន្លង​ទៅ ក៏​ធ្លាប់​មាន​ទំនាស់​ជាមួយ​ឈ្មួញ​ទិញ​ដី​ដែល​មក​បង្ខំ​ឲ្យ​ប្ដី​របស់​គាត់​បញ្ចុះបញ្ចូល​អ្នក​ភូមិ​ឲ្យ​លក់​ដី ដែល​រដ្ឋ​ទើប​តែ​ផ្ដល់​សលាកបត្រ​ខ្លះៗ​នោះ​ទៅ​ឲ្យ​ពួក​គេ។

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស ក៏​បាន​រក​ឃើញ​ថា តំណាង​សហគមន៍​ទំនាស់​ដីធ្លី លោក ចាន់ រិទ្ធ គឺ​មាន​ដីកា​កោះ​ហៅ​របស់​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ឈ្មួញ​ទិញ​ដី​ម្នាក់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។