Duterte នឹង​ជំរុញ​ការគាំទ្រ​តំបន់​«​អាស៊ាន​គ្មាន​គ្រឿងញៀន​»​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ និពន្ធដោយ : សៅ ផលនិស្ស័យ       September-05-2016, 9:39 pm         316

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Duterte នឹង​ជំរុញ​ការគាំទ្រ​តំបន់​«​អាស៊ាន​គ្មាន​គ្រឿងញៀន​»​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវលោក Duterte នឹងជំរុញការគាំទ្រ«តំបន់អាស៊ានគ្មានគ្រឿងញៀន»ក្នុងកិច្ចប្រជុំកំពុលអាស៊ាននៅឡាវ លោក Rodrigo Duterte បានចេញ​ដំណើរ​ទៅ​ប្រទេស​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ថ្ងៃ​ចន្ទ​ទី ៥​កញ្ញា​នេះ ក្រោយ​លុប​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ​ទៅ​ប្រទេស​ព្រុយ​ណេ​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ បុរស​ខ្លាំង​រូបនេះ​អ​ញ្ចើ​ញ​ទៅ​ឡាវ​ដើម្បី​ទទួល​ញញួរ​អាស៊ាន​ពី​ឡាវ​ដើម្បី​ត្រៀម​ធ្វើជា​ប្រធាន​នៃ​អង្គការ​តំបន់​នេះ​នៅ​ឆ្នាំក្រោយ​ផង​។ លោក Duturte ក៏​នឹង​លើកឡើង​ពី​កង្វល់​ជុំវិញ​បញ្ហា​ភេរវកម្ម  រួមទាំង​ពន្យល់​មេដឹកនាំ​ឯទៀត​ពី «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​ដ៏​ចម្រូងចម្រាស ដែរ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក​នឹង​ជំរុញ​ឲ្យ​តំបន់​ទាំងមូល​លើកស្ទួយ​គោលនយោបាយ​«​អាស៊ាន​គ្មាន​គ្រឿងញៀន​»​ផងដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​បុរស​ខ្លាំង​ហ្វីលីពីន​លោក Rodrigo Duterte ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ផ្លូវការ​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​ទី ៥​កញ្ញា​នេះ ដោយ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​។ យោងតាម​សារព័ត៌មាន​ហ្វីលីពីន Philippines Star  លោក Duterte បានចេញ​ដំណើរ​ពី​ទីក្រុង Davao ឆ្ពោះ​ត្រង់​ទៅ​ទីក្រុង​វៀងចន្ទន៍​តែម្តង​។ គេ​រំពឹងថា លោក​នឹង​មានឱកាស​ជួបពិភាក្សា​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត រួមទាំង​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផងដែរ​។

 តាមពិតទៅ មុន​ចាក​ចេញទៅ​ឡាវ លោក Duterte បានសម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ទៅកាន់​ប្រទេស​ព្រុយ​ណេ​។ កាលវិភាគ​នៃ​ដំណើរ​ដំបូង​គឺ ទៅ​ទស្សនកិច្ច​នៅ​ព្រុយ​ណេ​នៅ​ថ្ងៃអាទិត្យ ហើយ​ថ្ងៃ​ចន្ទ​លោក​ត្រូវ​ចាក​ចេញពី​ព្រុយ​ណេ​ដើម្បី​បន្តដំណើរ​ទៅ​ឡាវ​ទៀត​។ ការសម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ព្រុយ​ណេ​នៅ​នាទីចុងក្រោយ​នេះ កើតឡើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង Davao ដែលជា​ស្រុកកំណើត​របស់លោក​។ ហើយ​ហិង្សា​ប្រដាប់អាវុធ​នេះ​បានសម្លាប់​មនុស្ស​មនុស្ស ១៤​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​។ ក្រោយ​បំផ្ទុះ​គ្រាប់ ក្រុម Abu Sayyaf  ដែលជា​ក្រុម​ឧទ្ទាម​ធំ​មួយ​នៅ​ហ្វីលីពីន​នោះ បានប្រកាសថា​ខ្លួន​ជា​អ្នកបង្ក​ដែរ​។ បច្ចុប្បន្ន ហ្វីលីពីន​ត្រូវ​ស្ថិតក្រោម​បទបញ្ញត្តិ​រដ្ឋធម្មនុញ្ញ​ដែល​ប្រកាស​ដោយ​ប្រធានាធិបតី​ដែល​កំណត់​ដាក់​ប្រទេស​ក្នុង «​ស្ថានភាព​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​»​។ ប៉ូលិស ទាហាន និង​កងកម្លាំងប្រដាប់អាវុធ​ផ្សេង​ត្រូវបាន​គេ​ពង្រាយ​ទៅតាម​ទីតាំង​សំខាន់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​ទប់ស្កាត់​បញ្ហា​ហិង្សា​ប្រដាប់អាវុធ​នានា​ផងដែរ តែ​គ្មាន​ការដាក់​បម្រាម​គោចរ​ឡើយ​។ ពេល​លោក Duterte អវត្តមាន រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​ប្រតិបត្តិ  Salvador Medialdea នឹង​ទទួលបន្ទុក​ជា​ប្រធានាធិបតី​ស្តីទី ដើម្បី​មើល​ការខុសត្រូវ​ប្រទេសជាតិ​។​

​ការអញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ឡាវ​នេះដែរ ក្រៅ​ថា​ពី​បង្ហាញខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ហ្វីលីពីន​ថ្មី លោក Duterte ក៏​ពាំនាំ​បញ្ហា​ប្រឈម​ជាច្រើន​រួមទាំង​បញ្ហា​ភេរវកម្ម​ដែល​លងបន្លាច និង​មាន​បញ្ហា​តំបន់​ផ្សេងទៀត​ជាច្រើន​រួមទាំង​បទឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ។ ហើយ​លោក​ក៏​អញ្ជើញ​ទៅ​ទទួល​ញញួរ​អាស៊ាន​ពី​ឡាវ​ដើម្បី​ត្រៀមលក្ខណៈ​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ ២០១៧ ខាងមុខ​ដែរ​។

១.​លោក Duterte ត្រៀមខ្លួន​ធ្វើជា​ប្រ​ធានា​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០១៧
​វត្តមាន​របស់លោក Duterte នៅ​ឡាវ ជា​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ព្រោះ​វា​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បំផុត​របស់លោក​ផង ហើយ​វា​ជា​ពេលដែល​លោក​ត្រូវ​តំណាង​ឲ្យ​ហ្វីលីពីន​ដើម្បី​បង្ហាញ​ភាពជា​អ្នកដឹកនាំ​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។ ហ្វី​លី​ពី​នឹង​ដឹកនាំ​អាស៊ាន​ស្រប​ពេលដែល​បញ្ហា​ប្រឈម​តំបន់ និង​ពិភពលោក​កើនឡើង​កាន់តែខ្លាំង​។ ដូច​ឃើ​ស្រាប់ ការគ្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​បង្ហាញ​ពី​ការដើរថយក្រោយ​នៃ​សមាហរណកម្ម​តំបន់​។ ការឃោសនាបោះឆ្នោត​នៅ​អាមេរិក​បង្ហាញ​ឲ្យ​ឃើញថា វា​នឹងមាន​ភាពមិនច្បាស់លាស់​ក្នុង​គោលនយោបាយ​ការបរទេស​។ ភាព​តានតឹង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ការកើនឡើង​ចលនា​ភេរវកម្ម​ក៏ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពផុយស្រួយ​នៃ​សន្តិសុខ​តំបន់​ផងដែរ​។ ហើយ​អ្វីដែល​សំខាន់ ហ្វីលីពីន ខ្លួនឯង​ដែល​នឹង​ក្លាយជា​មេដឹកនាំ​ក៏​កំពុង​រង​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​រឿង​បំពារបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដោយ​ប្រើ​«​សង្គ្រាម​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន​»​ដែរ​។​

​ប៉ុន្តែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហ្វីលីពីន Carlos Dominguez បាន​អះអាងថា វា​ជា​ពេលវេលា​សំខាន់ ព្រោះ ហ្វីលីពីន នឹង​ដឹកនាំ​អាស៊ាន​ក្នុងពេលដែល​ស្ថាប័ន​នេះ​មាន​អាយុ ៥០​ឆ្នាំ​ល្មម​។  ហ្វីលីពីន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ច្រើន​កម្រិត​ដូចដែល​ឡាវ​និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​បានធ្វើ​ដែរ ហើយ​រដ្ឋាភិបាល​បាន​បង្កើន​ថវិកាជាតិ​ដើម្បី​សម្រួល​ដល់​ការរៀបចំ​កិច្ចប្រជុំ​នេះដែរ​។

​បន្ទាប់ពី​ចាកចេញ​ពី​ឡាវ ក្រោយ​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោក Duterte នឹង​បន្តដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី ហើយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធាន​ធិបតី​ឥណ្ឌូនេស៊ី Joko Widodo និង​ចុះ​ជួប​សហគមន៍​ប្រជាជន​ហ្វីលីពីន​នៅ​ទីនោះ​ផងដែរ​។ បញ្ហា​ប្រឆាំង​គ្រឿងញៀន​អាចជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​ដែរ ព្រោះ​ឥណ្ឌូនេស៊ី​ក៏​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន​នេះ​ខ្លាំង​ដែរ​។ ប៉ុន្តែ​ឥណ្ឌូនេស៊ី​ត្រឹម​អនុវត្ត​ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​ប៉ុណ្ណោះ មិនមាន​«​សង្គ្រាម​»​ដូច​ហ្វីលីពីន​ទេ​។​

២.​លោក Duterte ត្រៀម​បកស្រាយ​រឿង «​សង្គ្រាម​គ្រឿងញៀន​»​ចំពោះមុខ​មេដឹកនាំ​តំបន់​
​និយាយ​ដល់​កិច្ចប្រជុំ​នៅ​ឡាវ មាន​មេដឹកនាំ​ពិភពលោក​និង​តំបន់​អាស៊ាន​ជាច្រើន​នាក់​បង្ហាញ​បំណង​ចង់​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក Duterte​។ អ្វីដែល​ធ្វើ​ឲ្យ​លោក​ល្បីល្បាញ​គឺ គោលនយោបាយ​កណ្តាប់ដៃ​ដែក​កម្ចាត់​ឈ្មួញ​គ្រឿងញៀន និង អត្តចរិត របស់លោក​តែម្តង​។ តែ​សម្រាប់​ប្រទេស​មួយចំនួន ក៏ដូចជា​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់ សង្គ្រាម​ដែល​លោក​កំពុង​អនុវត្ត​ដែរ​។​

​បើតាម​សារព័ត៌មាន Rappler លោក​ប្រធានាធិបតី​ហ្វីលីពីន នឹង​ត្រៀម​ពន្យល់​បណ្តា​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ផ្សេងទៀត​ពាក់ព័ន្ធ​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស​នេះ​។ អ្នក​ក្រៅ​មិនបាន​យល់ច្បាស់​ពី​បញ្ហា​ដែល​កើតឡើង​នៅ​ហ្វីលីពីន​ឡើយ ហើយ​គេ​រំពឹងថា អ្វីដែល​លោក​បកស្រាយ​នឹង​អាច​ជម្រះ​មន្ទិលសង្ស័យ​និង​ក្តីបារម្ភ​កន្លងមក​ដែរ​។ 

​ក្រៅពីនេះ លោក​ក៏​នឹង​តស៊ូ​មតិ​ដោយ​ជំរុញ​ឲ្យ​មានការ​ធានា​ឲ្យ​បាន​នូវ​តំបន់​«​គ្មាន​គ្រឿងញៀន​»​នៅ​ទូទាំង​អាស៊ាន​ទាំងមូល​ផង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន Charles Jose បាន​លើកឡើងថា ហ្វីលីពីន​នឹង​ជំរុញ​ឲ្យ​មានការ​លើកកម្ពស់​ចំណុច​អាទិភាព​មួយចំនួន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុងនោះ​មាន «​តំបន់​អាស៊ាន​គ្មាន​គ្រឿងញៀន​»​ដែរ​៕