សង្ស័យ​ជា​ភាគី​ដែល​ជម្លោះដីធ្លី​ជាមួយ​គ្នា ដែល​ដុត​ចម្ការ​តា​ង៉ែ​ន

ខេត្តបាត់ដំបង ៖ មាន​សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ដំណាំ​តា​ង៉ែ​ន​ជិត​២០០​ដើម នៅ​ក្នុង​ចំការ​មួយ​កន្លែង ត្រូវ​អគ្គី​ភ័យ​ឆេះ​អស់ទាំង​ស្រុង ដែល​គេ​សង្ស័យ​ថា បង្ក​ឡើង​ដោយ​ភាគី​ម្ខាង​ទៀត ដែល​មាន​ដី​ចំ​ម្ការ​នៅ​ក្បែរ​គ្នា​។

កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកញ្ញា នៅ​ចំណុច​ភ្នំ​ស្រង់ ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ​មណ្ឌល ហើយ​ភាគី​នេះ ក៏​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​គ្នា​ដែរ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នោះ​ត្រូវ​គេ​សង្ស័យ​ទំនង​បាន​ចាប់ផ្ដើម​ពី​ដីចម្ការ​របស់​ឈ្មោះ ឡេ​ង រឿ​ន ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ដែល​គាត់​ដុត​ព្រៃ​ក្នុង​ចម្ការ​នៅ​ជាប់មាត់​អូរ​ក្បែរ​ព្រំ​ដី ហើយ​ក៏​ឆេះ​រាលដាល​ឆ្លង​ចូល​ដល់​ចម្ការ​តា​ង៉ែ​ន របស់​ជន​រង​គ្រោះ​ឈ្មោះ ឯប ខុន អាយុ​៥២​ឆ្នាំ ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​នោះ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គេ​មិនឃើញ​ឈ្មោះ ឡេ​ង រឿ​ន នោះ​ព្យាយាម​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​រាលដាល​នោះ​ទេ  ខណៈ​គេ​ឃើញ​កូន​ៗ​ម្ចាស់​ចម្ការ​តា​ង៉ែ​ន បាន​ព្យាយាម​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​ដើម​តា​ង៉ែ​ន តែ​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ចំនួន​ធំ​ទៅ​ហើយ​។ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី ម្ចាស់​ចម្ការ​ឈ្មោះ ឡេ​ង រឿ​ន ដែល​គេ​សង្ស័យ​ថា ជាដើម​ចមនាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​កើតហេតុ​។ រីឯ​ម្ចាស់​ចម្ការ​តា​ង៉ែ​ន​ឈ្មោះ ឯប ខុន បាន​ប្រាប់​តាម​ទូរស័ព្ទ​ក្រោយ​ពេល​កើតហេតុ​បន្តិច​ថា ភ្លើង​នោះ​បាន​ឆេះ​ឆ្លង​ពី​ដីចម្ការ​របស់​ឈ្មោះ ឡេ​ង រឿ​ន ដែល​ម្ចាស់​ចម្ការ​នេះ​ដុត​ព្រៃ​នៅ​តាម​មាត់​អូរ​។

គាត់​និយាយ​ថា ភ្លើង​បាន​រាលដាល​ឆ្លង​ចូល​ចម្ការ​គាត់ ឆេះ​ដើម​តា​ង៉ែ​ន​អស់​ជិត​២០០​ដើម ដែល​លោក​ទើប​ប្រមូល​ផល​បាន​មួយ​ឆ្នាំ​។ លោក ឯប ខុន បាន​បញ្ជាក់​ថា សូ​ម្បី​ទុយោ​ប្រព័ន្ធ​ស្រោចស្រព​ទឹក​ពង្រាយ​ក្នុង​ចម្ការ​ក៏​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​ដែរ​។ លោក​បាន​រាយការណ៍​ប្ដឹង​ទៅ​អាជ្ញាធរ​ភ្លាម​ៗ​ដែរ តែ​មិន​ទាន់​ដឹង​ទំហំ​នៃ​ការ​ខាតបង់​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​និយាយ​ថា សមត្ថកិច្ច​បាន​ទ​ទូល​នូវ​ព័ត៌មាន​នេះ​ហើយ  តែ​ដោយសារ​នៅ​តំបន់​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទើប​មិន​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ តែ​មន្ត្រី​ជំនាញ​នឹង​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ព័ត៌មាន​ខ្លះ​ៗ គឺ​ម្ចាស់​ចម្ការ​តា​ង៉ែ​ន និង​ភាគី​ម្ខាង​ទៀត​ដែល​សង្ស័យ ជា​អ្នក​បង្ក​អគ្គី​ភ័យ ធ្លាប់​មាន​ប្រវត្តិ​វិវាទ​ដីធ្លី​ជាមួយ​គ្នា រហូត​ដល់​ពេល​នេះ​មិន​ទាន់​ដោះស្រាយ បញ្ចប់​នៅឡើយ​ទេ​។ ដូច្នេះ​សមត្ថកិច្ច​ត្រៀម​នឹង​ចុះ​សួរនាំ ដើម្បី​ចាត់វិធានការ​លើ​ករណី​នេះ​ហើយ​៕