ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៧)

ភាគ​៤៧

​ហួង​យុង​រឹតតែ​បាន​ចិត្ត ក៏​គ្រវី​ច្រត់​នោះ​ភ្លែត​ៗ គំហក​ថា​៖
«​ចូរ​ឯង​លែង​ជើង​កុមារ​នោះ​ភ្លាម ហើយ​ត្រូវ​ច្របាច់​សរសៃ​ដៃជើង​គាត់ ឲ្យ​កម្រើក​បាន​វិញ​លឿន​ឡើង​!»
​នៅ​ពេល​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ហួង​យុង លាងជឺ​វង់​បាន​ឮ​សម្ដី​មនុស្ស​ម្នាក់​ស្រែក​ប្រាប់​ស្នៀត​ហួង​យុង គឺ​ជា​សម្ដី ដែល​គេ​ធ្លាប់​ស្គាល់​ដែរ ហើយ​គេ​បុក​ពោះ​ណាស់​ទៅ​ហើយ​ តែ​គេ​ពុំ​ស្មានថា ជា​សម្ដី​របស់​នាយក្រុម​ស្មូម​យាចក​ម្រាម​ដៃ​៩​នោះ​សោះ ព្រោះ​ជាង​១០​ឆ្នាំ​ហើយ​គ្មាន​នរណា​ដែល​បាន​ឃើញ​ស្រមោល​ហុង​ឈី​កុង​ឡើយ។

 

​ឥឡូវ​គេ​ក្រឡេក​ឃើញ​ច្រត់​ពក​នៅ​ក្នុង​ដៃ​ហួង​យុង គេ​ញ័​រន្ធត់​ដូច​សត្វព្រៃ​ជួប​ខ្លា ឬ​ដូច​ជីងចក់​ដាច់​កន្ទុយ គេ​ភ័យ​ស្ទើរ​លស់​ព្រលឹង ក៏​ប្រញាប់​ស្ដាប់​តាម​បញ្ជា​ហួង​យុង​ភ្លាម​។ អម្បាញ់មិញ លាងជឺ​វង់​អង់អាច​ក្លាហាន កាច​សាហាវ​ប៉ុន្មាន ឥឡូវ​នេះ​គេ​ខ្លបខ្លាច​បាក់ស្បាត​ប៉ុណ្ណោះ​។ គេ​លុតជង្គង់​លើ​ដី មុខ​ឡើង​ស្លាំង មាន​ឫកពា​ដូច​ឆ្មា​ធ្លាក់​ទឹក។
​ហួង​យុង​គំហក​ថា៖
«​លោក​អ៊ំ​យើង បញ្ជា​ឲ្យ​យើង​សួរ​អ្នក អម្បាញ់មិញ​លោក​បាន​បន្លឺ​សំឡេង​ជា​ច្រើន​លើក ហេតុ​អ្វី​អ្នក​នៅ​តែ​ព្រហើន ហ៊ាន​រំលោភ​លើ​ពួក​យើង​ជា​ក្មេង​? អ្នក​មក​ទី​នេះ​ដោយ​មាន​បំណង​យ៉ាង​ណា​? ចូរ​ឆ្លើយ​ឲ្យ​ត្រង់​ដើម្បី​យើង​ខ្ញុំ​យក​សេចក្ដី​ទៅ​ជម្រាប​លោក!»

 

​លាងជឺ​វង់​ក្រាប​រាប​ក្បាល​ទល់​ដី បាត់​អស់​ឫក​សង្ហារ​របស់​ឃាតករ​ ជន​មិន​ខ្ពើម​ឈាម​ឆ្លើយ​ឡើង​ញ័រ​ត​តាត់​ថា​៖
«​ខ្ញុំ​បាទ ពិត​ជា​មាន​កំហុស​ដ៏​ធ្ងន់​មែន តែ​មក​ពី​ខ្ញុំបាទ​ពុំ​ស្មាន​ថា ​លោក​នាយ​ក្រុម​អញ្ជើញ​មក​ទី​នេះ​សោះ ខ្ញុំ​បាទ​គ្មាន​បំណង​មិន​ស្ដាប់​បញ្ជា​របស់​លោក ឬ​ព្រហើន​អ្វី​សោះ​ឡើយ​។​»
​ហួង​យុង​នឹក​ឆ្ងល់​ក្រៃលែង នាង​មិន​យល់​សោះ​ថា កញ្ចាស់​នេះ​មាន​វិជ្ជា​យុទ្ធសិល្ប៍​ដោយ​កម្រិត​យ៉ាង​ខ្ពស់ ធ្លាប់​អួតអាង​ទះ​ទ្រូង តាំង​ខ្លួន​ជា​អ្នក​ខ្លាំង​ពូកែ ថែម​ទាំង​ជា​អ្នក​ធ្លាប់​សម្លាប់​មនុស្ស ដោយ​ពុំ​រអើម​ឈាម​ផង តើ​ហេតុអ្វី​គ្រាន់តែ​ឃើញ​ច្រត់​ពក​របស់​ហុង​ឈី​កុង​បែរ​ជា​ខ្លបខ្លាច​ស្ទើរ​បាត់​ព្រលឹង​យ៉ាង​នេះ?

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ