ឆេះ​ទ្រង់ទ្រាយ​ធំ រោងចក្រ​ទឹក​ផ្លែ​ឈើ​យ៉ូ​ស អ្នក​សង្គ្រោះ​សន្លប់​ពេល​ពន្លត់ភ្លើង

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ទឹក​ផ្លែ​យ៉ូ​ស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កំ​បូល ភូមិ​ភ្លើង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេរ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​អគារ​រោងចក្រ​យ៉ាងដំណំ រួម​និង​ម៉ាស៊ីន​ផលិត​ទឹក​ផ្លែ​ឈើ​នៅ​ក្នុង​នោះ​ជា​ច្រើន​គ្រឿង ។

គ្រោះ​អគ្គិភ័យ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ កញ្ញា ប៉ុន្តែ​ក្នុង​រយៈពេល​១​ម៉ោង​ក្រោយ​ពី​ការ​ឆេះ​នោះ​ភ្លើង​បាន​រលត់​ទៅ​វិញ ដោយ​បានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២២​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​ជា​ក្រុម​សង្គ្រោះ​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ​៧១១ កងពលតូច​លេខ​៧០ បាន​ដួល​សន្លប់​ឈឹង​បាត់​មាត់​បាត់​ក ដែល​សង្ស័យ​ពី​អាកាសធាតុ​ក្ដៅ គួប​ផ្សំ​និង​សុខភាព​ខ្សោយ រួម​និង​ផល​ប៉ះពាល់​នៃ​ផ្សែងភ្លើង ពេល​ដែល​ស្ត្រី​ខាងលើ​ចូល​ទៅ​ពន្លត់ភ្លើង​កំពុង​ឆេះ  ។

នគរបាល​បានឱ្យ​ដឹង​ថា ទីតាំង​អាគារ​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ យ៉ូ​ស នោះ​មាន​ទទឹង​ប្រហែល​ជាង​៥០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​២៥០​ម៉ែត្រ មាន​កម្ពស់​៣​ជាន់ និង​កំពុង​សាងសង់​បាន​៩០​ភាគរយ មិន​ទាន់​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បំពាក់​ម៉ាស៊ីន សង្វា​ក់​ផលិតកម្ម​រាប់រយ​គ្រឿង​សុទ្ធតែ​ថ្មី​ៗ​សន្លាង​ថែម​ទៀត ។

មិនតែប៉ុណ្ណោះ រោងចក្រ​មួយ​នេះ​នៅ​មិន​ទាន់​ដំណើរការ ហើយ​ក៏​មិន​ទាន់​មាន​កម្មករ​ចូល​ធ្វើការ​នៅ​ក្នុង​នោះ​នៅឡើយ​ទេ  មាន​តែ​កម្មករ​សំណង់ ជាង​ផ្សា​ដែក​ប៉ុណ្ណោះ ដែល​កំពុងធ្វើការ​សាងសង់​អគារ​បង្ហើយ ។

ប្រភព​ដដែល​បន្ត​ថា ការ​ឆាបឆេះ​នោះ​មិន​ទាន់​ដឹង​ថា​បណ្ដាល​មក​ពី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុ​នែ្ត​តាម​ការ​សន្និដ្ឋាន​គឺ ៖ ទី​១-​អាច​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ទី​២-​បណ្ដាល​មក​ពី​កម្ទេច​ផ្កាភ្លើង ដែល​ជាង​ផ្សា​ដែក​ជ្រុះ​ធ្លាក់​លើ​កម្ទេចកម្ទីរ​ជ័រ និង​ស្នោរ​ប្រអប់​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម ។ និង​ទី​៣-​បណ្ដាល​មក​ពី​ភ្លើង​កន្ទុយបារី ដែល​កម្មករ​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ បណ្ដាល​ឱ្យ​ឆាបឆេះ​កម្ទេចកម្ទីរ​ជ័រ​និង​ស្នោរ ។

ខណៈ​ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​កម្លាំង​នគរបាល​មូលដ្ឋាន​រួម​ជាមួយ​អាជ្ញាធរ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ភ្លាម​ៗ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កាន់​ទីនោះ​ជា​បន្តបន្ទាប់​ចំនួន​២២​គ្រឿង​ទៅ​បាញ់​ពន្លត់ រហូត​រលត់​ទៅ​វិញ ក្រោយ​ពេល​ឆេះ​រយៈពេល​១​ម៉ោង ។ គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​អស់​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​នោះ ដែល​ក្រុមហ៊ុន​ទើប​កុម្ម៉ង់​ទិញ​ពី​បរទេស​ថ្មី​ៗ​សន្លាង ត្រូវ​បាន​ភ្លើង​ឆេះ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត ។ ចំណែក​អគារ​រោងចក្រ នោះ​ក៏​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ការ​ឆាបឆេះ​នោះ​មិន​មាន​ផ្សែងហុយ ចេញ​មក​ខាងក្រៅ​​ខ្មួលខ្មាញ់ ប៉ុន្មាន​ទេ គឺ​ហុយ​វល់​នៅ​តែ​ក្នុង​អាគារ​រោងចក្រ​នោះ​ប៉ុណ្ណោះ​ព្រោះ​អគារ​បិទ​ជិត ហើយ​នៅ​ពេល​ដែល​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ទៅ​ដល់​ជួប​ការ​លំបាក​បន្តិច ព្រោះ​គ្មាន​កន្លែង​បាញ់​ទឹក​ចូល ទាល់តែ​វាយបំបាក់​ព្រិល​បង្អួច ទើប​មាន​ប្រហោង​ស៊ក​ទុយោ​ចូល​ទៅ​បាញ់​ទឹក ដោយ​ប្រើ​ពេល​១​ម៉ោង ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ៕