ក្រុមរដ្ឋឥស្លាមទាមទារការទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សរាប់សិបនាក់

ការផ្ទុះគ្រាប់បែកមួយចំនួនដែលបានត្រូវអះអាងទាមទារការទទួលខុសត្រូវដោយពួករដ្ឋឥស្លាម បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៤៨នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតត្រូវរបួសក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ មួយថ្ងៃក្រោយពីពួកជនសកម្មប្រយុទ្ធនេះបានបាត់បង់ផ្នែកចុងក្រោយបង្អស់នៃព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសតួកគី ដែលពួកវាបានត្រួតត្រា។

ការផ្ទុះគ្រាប់បែកទាំងនេះបានកើតមានឡើងនៅក្នុងក្រុង Homs និងក្រុង Tartus ដែលត្រួតត្រាដោយរដ្ឋាភិបាលក្រុង Hasakeh កាន់កាប់ដោយពួក Kurde និងតំបន់ស្រុកស្រែនៅជិតក្រុង Damas។

លោក Rami Abdel Rahman នាយកអង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមានបណ្តាញទំនាក់ទំនងនៅក្នុងប្រទេសស៊ីរីបាននិយាយថា៖ «ជាការពិត ការវាយប្រហារទាំងនេះបានកើតមានឡើងនៅពេលជាមួយគ្នាហើយបានយកប៉ុស្តិ៍សន្តិសុខជាទីដៅនៃការវាយប្រហារ»។

ការវាយប្រហារដ៏ប្រល័យបំផុតបានកើតមានឡើងនៅក្នុងក្រុង Tartus ដែលនៅ ទីនោះ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ការបំផ្ទុះគ្រាប់់បែកពីរដោយពួកភេរវជននៅលើស្ពាន Arzuna បាននាំឱ្យមនុស្សយ៉ាងតិចណាស់៣៥នាក់ស្លាប់ និងធ្វើឱ្យមនុស្ស៤៣នាក់ទៀតរងរបួស។ សេចក្តីរាយការណ៍នេះចែងថា ការផ្ទុះទីមួយបានបណ្តាលមកពីគ្រាប់បែកនៅក្នុងឡានមួយគ្រឿងហើយការផ្ទុះទីពីរបានធ្វើឡើងដោយអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ដែលបានបំផ្ទុះគ្រឿងផ្ទុះ របស់គាត់នៅពេលដែលមានមនុស្សទៅជួយពួកអ្នកត្រូវរបួស។

សង្គ្រាមនៅក្នុងប្រទេសស៊ីរី ដែលមានភាពសាំញ៉ាំដោយសារការគាំទ្ររបស់ស.រ.អា.និងប្រទេសរុស្ស៊ីដល់ភាគីប្រឆាំងគ្នាបានបណ្តាលឱ្យមនុស្សជាង២៩០.០០០នាក់ស្លាប់ ហើយបានបង្ខំឱ្យប្រជារាស្ត្រស៊ីរីរាប់លាននាក់ចាកចេញពីផ្ទះសំបែងពួកគេចាប់តាំងពិខែមីនាឆ្នាំ២០១១មក៕

ប្រភព៖ VOA


Related Posts