ISIS បំផ្ទុះ​គ្រាប់​បែក៥​កន្លែង ឆក់​យក​ជីវិត​មនុស្ស៤៨​នាក់ នៅ​ស៊ីរី

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៤៨​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស ​ក្នុង​​ការបំផ្ទុះ​គ្រាប់​បែក​ចំនួន ៥​កន្លែង នៅ​ទូទាំង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

ISIS បំផ្ទុះ​គ្រាប់​បែក៥​កន្លែង ឆក់​យក​ជីវិត​មនុស្ស៤៨​នាក់ នៅ​ស៊ីរី

 

 

ក្រោយ​ពេល​កើត​ហេតុ ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​ចេញ​មុខ​អះអាង​ថា​ជា​ទង្វើ​របស់​ខ្លួន។ ការ​បំផ្ទុះ​នេះ​បាន​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង Tartous, Homs, រដ្ឋធានី Damascus និង ភាគ​ខាង​ជើង​ទីក្រុង Al-Hasakah។

 

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៣៥​នាក់​បាន​ស្លាប់ និង ៤៣​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួនៗ​គ្នា ២​ដង នៅ​ទីក្រុង Tartous ដែល​ជា​មូលដ្ឋាន​នៃ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។ រីឯ​នៅ​ក្នុង​ទីក្រុង Al-Hasakah មនុស្ស​ចំនួន ៨​នាក់​បាន​ស្លាប់ និង ២​នាក់​រង​របួស ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​ម៉ូតូ ខណៈ​នៅ​ក្នុង​រដ្ឋធានី Damascus មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៣​នាក់​រង​របួស។ ចំនែក​ឯ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត នៅ​ទីក្រុង Homs មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់ និង ១០​នាក់​ផ្សេង​ទៀត​រង​របួស៕

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ aljazeera