​មេបក្សប្រឆាំង និងឥស្សរជនមួយចំនួនត្រូវគេគំរាមសម្លាប់

ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំង និងឥស្សរជនល្បីឈ្មោះមួយចំនួនកាលពីម្សិលមិញបានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនបន្ទាប់ពីមានការគំរាមសម្លាប់ហើយបានអំពាវនាវឲ្យសមត្ថកិច្ចស៊ើបអង្កេតរកអ្នកប្រើសារគំរាមសម្លាប់នេះ។

កាលពីម្សិលមិញគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Heang Love បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «កែម ឡី ងាប់មួយហើយបន្តទៀតគឺ កឹម សុខា បន្ទាប់ សុខ ទូច ហើយ ប៊ុត ប៊ុនតិញ, ខុម ចាន់តារាទី ហៅ មីខ្មុំ, ជុន ច័ន្ទបុត្រ, អ៊ូ វីរៈ ឡៅ ប៊ុនហៃ (ឡៅ ម៉ុងហៃ) ពួកវាអស់ជីវិតត្រឹម ២០១៨ ពួកឯងចាំមើលទៅថាអញនិយាយពិតឬនិយាយលេង»។

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ ដែលរងការគំរាមមានប្រសាសន៍ថារូបលោក និងក្រុមគ្រួសារមានការបារម្ភចំពោះការគំរាមនេះហើយលោកស្នើឲ្យអាជ្ញាធរស៊ើបអង្កេតលើករណីគំរាមសម្លាប់រូបលោកនេះ។

ទោះយ៉ាងណា លោកថា លោកនៅតែបន្តធ្វើជាអ្នកវិភាគដដែលបើទោះបីជាលោករងការគំរាមនេះក៏ដោយ។

លោកបន្ថែមថា៖ «រឿងហ្នឹងជារឿងព្រហ្មទណ្ឌអាជ្ញាធរមានកាតព្វកិច្ចស៊ើបអង្កេតលើករណីហ្នឹងទោះបីយើងមិនបាច់ប្តឹងក៏ដោយ…ប៉ូលិសធ្វើការស៊ើបអង្កេតទៅ…ព្យាយាមរកយុត្តិធម៌ជូនជនរងគ្រោះទៅ…ធម្មតាវាប៉ះអារម្មណ៍យើងក្រុមគ្រួសារយើង»។

ប្រហាក់ប្រហែលគ្នានេះដែរលោកបណ្ឌិត សុខ ទូច បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញដែរថាលោកបានចែករំលែកព័ត៌មានគំរាមសម្លាប់លោកនេះតាមប្រព័ន្ធហ្វេសប៊ុក និងថាដូចជាការជូនដំណឹងដល់សមត្ថកិច្ចក្នុងការស៊ើបអង្កេតរកអ្នកសរសេរសារព្រមាននេះ។ លោកថាការគំរាមកំហែងដល់អាយុជីវិតនេះធ្វើឲ្យលោកបារម្ភពីសុវត្ថិភាព និងមិនហ៊ានទៅណាមកណាដោយសេរីដូចពេលមុនទេ។

លោកចាត់ទុកការគំរាមសម្លាប់នេះថាជាការប្រមាថជីវិតរបស់លោក និងថាជាអំពើល្មើសច្បាប់ និងគ្មានសីលធម៌។

លោកបន្ថែមថា៖ «ជាការប្រមាថមើលងាយធំណាស់សម្រាប់ជីវិតមនុស្សគ្មានអ្នកណាជីវិតពីរទេហើយគ្មានអ្នកណាជីវិតថ្លៃជាងអ្នកណាទេ…អ្នកប្រមាថជីវិតគេហ្នឹងមិនត្រឹមតែគ្មានសីលធម៌ទេថែមទាំងជាមនុស្សបាតសង្គមទៀត…ការប្រមាថជីវិតគេជារឿងធ្ងន់ធ្ងរណាស់»។

ទោះយ៉ាងណាលោក សុខ ទូច បញ្ជាក់ថាលោកនៅតែបន្តការងាររបស់លោកដដែលថ្វីបើមានការគំរាមកំហែងដល់អាយុជីវិតម្តងជាពីរដងក៏ដោយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាក្រសួងមហាផ្ទៃត្រូវចាត់វិធានការរកអ្នកសរសេរសារគំរាមសម្លាប់នេះដើម្បីរក្សាសុវត្ថិភាពដល់អ្នកដែលរងការគំរាមសម្លាប់នេះ។

លោកបន្ថែមថា៖ «មិនចាំបាច់មានពាក្យបណ្តឹងទេដោយថានេះជាបទល្មើសឧក្រិដ្ឋមានការគំរាមកំហែងវាជាតួនាទីតែម្តងរបស់ក្រសួងមហាផ្ទៃ»។

ទោះយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានជំរុញឲ្យអ្នកដែលរងការគំរាមសម្លាប់ទាំងនេះដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចដើម្បីសមត្ថកិច្ចងាយស្រួលក្នុងការជួយតាមដានករណីនេះ។

លោកបានបន្តថា៖ «ឥឡូវអ៊ីចេះគ្រាន់ថាអ្នកគំរាមអីក៏ដោយថាបើមានអ៊ីចឹងមែនរាយការណ៍មកសមត្ថកិច្ចមកដើម្បីជួយ…កន្លងមកមានពាក្យបណ្តឹង…ឲ្យមានពន្លឺស៊ើបអង្កេតផង…ដាក់ពាក្យបណ្តឹងមកមានមែនឬក៏អត់?…រកអ្នកបង្កហេតុហ្នឹង»។

គួរបញ្ជាក់ថាកន្លងមកក៏ធ្លាប់មានការគំរាមសម្លាប់លោក កឹម សុខា លោក សុខ ទូច និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរហើយក្នុងការគំរាមសម្លាប់ទាំងបីករណីនេះមានតែករណីគំរាមសម្លាប់លោក ស ខេង និងលោក សុខ ទូច ប៉ុណ្ណោះដែលជនល្មើសត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសចំណែកករណីគំរាមសម្លាប់លោក កឹម សុខា ជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts