​ផឹកស៊ី​ញឹក​ញ៉ាប់​ពេក​អាច​នឹង​មាន​ជំងឺ​ទាំងនេះ​

​ផឹកស៊ី​ញឹក​ញ៉ាប់​ពេក​អាច​នឹង​មាន​ជំងឺ​ទាំងនេះ​

​សម្រាប់​មនុស្ស​ខ្លះ​ចូលចិត្ត​សកម្មភាព​ផឹកស៊ី​ជុំ​មិត្តភក្តិ​ជា​ញឹកញាប់ ប៉ុន្តែ​ទម្លាប់​បែប​នេះ​នឹង​ធ្វើឲ្យ​ពួកគេ​ញ៉ាំ​អាហារ​កាន់តែ​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​រយៈពេល​ខ្លិ ហើយ​ទំនងជា​អាច​មាន​បញ្ហា​នៃ​ការ​គេង​ទៀតផង​។ បញ្ហា​ទាំងនេះ​សុទ្ធ​តែ​ធ្វើឲ្យ​ពួកគេ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដូចជា ការ​ធាត់​ជ្រុល​ជាដើម​។ ក្រៅពី​ធាត់​ហើយ​ពួកគេ​នឹង​អាច​កើត​ជំងឺ​ជាច្រើន​ទៀត​ដូចជា​៖

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ជា​ទៀងទាត់ អ្នក​កំពុងតែ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ហើយ​។ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​ការផលិត​អាំង​ស៊ុយ​លីន ដែល​ជាហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​។ រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ បើសិន​ជា​អ្នក​មិន​អាច​គ្រប់គ្រង​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​បានទែ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​រាងកាយ​ផ្សេងទៀត​ដូចជា ភ្នែក តម្រង​នោម និង​បេះដូង​។

អារម្មណ៍​ប្រែប្រួល​
បញ្ហា​សុខភាព​ផ្សេង​មួយទៀត​ដែល​អាច​កើតឡើង​នៅ​ពេល​អ្នក​ស៊ីផឹក​ញឹក​ញ៉ាប់​ពេក​នោះ​គឺ ការប្រែប្រួល​អារម្មណ៍​តែម្តង​។ ក្នុង​ចំណោម​បញ្ហា​ផ្លូវចិត្ត​ដែល​អាច​កើតមាន​នោះ​គឺ ការ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​។ រឿង​នេះ​អាច​និយាយបាន​ថា អ្នក​មាន​អារម្មណ៍​ថា​ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត​ទើប​បបួល​មិត្តភក្តិ​ទៅ​ផឹកស៊ី ឬ​ផឹកស៊ី​ដើម្បី​បំបាត់​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​។

បញ្ហា​ក្រពះ​ពោះវៀន​
អ្នក​ដែល​ផឹកស៊ី​ជា​ញឹកញាប់​ភាគច្រើន​មាន​បញ្ហា​រលាក​ពោះវៀន ព្រមទាំង​ក្រពះ​កិន​មិនបាន​ល្អ​ដោយសារ​តែ​ក្រពះ​ត្រូវការ​ពេល​ច្រើន​ដើម្បី​រំលាយ​អាហារ​ច្រើនៗ​ដែល​អ្នក​បាន​ញ៉ាំ​។ រឿងនេះ​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បាន​បើសិនជា​មិន​មាន​ការដោះស្រាយ​ភ្លាមៗ​ទេនោះ​។

ជំងឺ​ថង់ទឹកប្រមាត់​
បញ្ហា​ផ្សេង​មួយទៀត​ដែល​ទាក់ទង​នឹង​ការ​គេង​ដែរនោះ​គឺ​ជំងឺ​ថង់ទឹកប្រមាត់​តែម្តង ជាពិសេស​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ច្រើន​កើតឡើង​ដោយសារ​ការ​កក​ខ្លាញ់​ដែលមាន​ក្នុង​ថង់ទឹកប្រមាត់​។

បញ្ហា​បេះដូង​
មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​ស៊ីផឹក​ច្រើន​បែប​នេះ តែងតែ​មាន​បញ្ហា​បេះដូង ព្រោះតែ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ កាលណា​របស់​ទាំងពីរ​នេះ​មាន​ច្រើនពេក វា​នឹង​បណ្តាលឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត​បាន​។ រឿង​នេះ​ប្រហែលជា​គ្រោះថ្នាក់​ខ្លាំងក្លា​បំផុត​ហើយ​សម្រាប់​អ្នក​ចូលចិត្ត​ផឹកស៊ី​ច្រើន​។
​ដូច្នេះ​បើ​សិន​ជា​អ្នក​សម្គាល់​ឃើញថា ខ្លួនឯង​កំពុងតែ​ធ្វើការ​ផឹកស៊ី​ច្រើន និង​ទៀងទាត់​ទៀត​នោះ យក​ល្អ​គួរតែ​ផ្អាក ហើយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។