គន្លឹះ​ថែរក្សា​ថ្លើម​ឲ្យមាន​សុខភាព​ល្អ​ងាយៗ​

គន្លឹះ​ថែរក្សា​ថ្លើម​ឲ្យមាន​សុខភាព​ល្អ​ងាយៗ​

​បើសិន​ជា​អ្នក​ឧស្សាហ៍​បញ្ហា​ក្អួតចង្អោ ឈឺ​ពោះ និង​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង មានន័យ​ថា ថ្លើម​កំពុងតែ​ធ្វើការ​មិន​បាន​ល្អ​ឡើយ​។ ដើម្បី​ពង្រឹង​ដល់​សុខភាព​ថ្លើម អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ញ៉ាំ​របប​អាហារ និង​ប្រើប្រាស់​របៀប​រស់នៅ​ដែល​ត្រឹមត្រូវ​។

​ថ្លើម​ដែលមាន​សុខភាព​ល្អ​នឹង​ជួយ​ថែរក្សា​រាក​ងាយ ច្រោះ​ជាតិពុល និង​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​។ សំខាន​ដែរ បញ្ហា​របស់​ថ្លើម​ភាគច្រើន​គឺ​វិល​មក​ធម្មតា​វិញ​បើសិនជា​រកឃើញ​ទាន់ពេលវេលា​។

ថ្លើម​គឺជា​សរីរាង្គ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ដុះ​ឡើងវិញ​បាន​នៅពេល​ខូចខាត​ហើយ​។ ករណី​ខ្សោយ​ថ្លើម​បាន​កើតឡើង​ជា​យូរ​មក​ហើយ​។ អ្នក​អាច​បញ្ឈប់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ដើម្បី​កុំ​ឲ្យទៅ​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ដូចជា ក្រិន​ថ្លើម និង​មហា​រីកថ្លើម​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​របប​អាហារ​ដូចខាងក្រោម​នេះ​៖

ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
ថ្លើម​គ្រាន់តែ​អាច​រំលាយ​ជាតិ​ស្រវឹង​មួយចំនួន​តូច​ប៉ុណ្ណោះ​ជា​រៀង​រាល់​ម៉ោង​។ ហេតុនេះហើយ បុរស​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ត្រឹម​តែ​ពីរ​កែវ​ក្នុង​មួយថ្ងៃ និង​ស្ត្រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​។

កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ខ្លាញ់​
ចូរ​កាត់បន្ថយ​ចំនួន​ខ្លាញ់ Saturated Fats, Trans Fats និង Hydrogenated Fats ពី​ក្នុង​របប​អាហារ​។ ចំពោះ​ខ្លាញ់ Saturated Fat មាន​ក្នុង​អាហារ​ចៀន​មាន​ខ្លាញ់​ច្រើន សាច់​ក្រហម និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ Trans និង Hydrogenated Fats ត្រូវបាន​រក​ឃើញ​ក្នុង​អាហារ​កៃ​ឆ្នៃ​។ ថ្លើម​កាលណា​ស្តុក​ទុក​ខ្លាញ់​ទាំងនេះ​ច្រើន​ពេក វា​អាច​បណ្តាលឲ្យ​កើត​ជំងឺខ្លាញ់​រុំ​ថ្លើម​បាន​។

​សម្រក​ទម្ងន់​
ការ​ធាត់​ជ្រុល ជាពិសេស​ការ​ធាតុ​ដុះ​ក្បាលពោះ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នាំឲ្យ​កើត​ជំងឺខ្លាញ់​រុំ​ថ្លើម​។ ចូរ​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​ថែរក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​។ សម្រាប់​អា​ការៈខ្លាញ់​រុំ​ថ្លើម វា​នឹង​បន្ថយ​ការរំលាយ​ជាតិ​ខ្លាញ់​បាន​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​កម្រិត BMI មក​ចន្លោះ​ពី ១៨,៥ ទៅ ២២,៩​។​

ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​ឬ​ស​ឈើ​ខ្មែរ​
ការ​ញ៉ាំ​ថ្នាំខ្មែរ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​រលាកថ្លើម​បាន​។ ដោយសារ​តែ​ថ្លើម​ដើរតួនាទី​ជា​អ្នក​ច្រោះ​ជាតិពុល ការ​ញ៉ាំ​ថ្នាំខ្មែរ​ច្រើនពេក ពិតជា​អាច​បណ្តាលឲ្យ​ខូច​ថ្លើម ឬ​ខ្សោយ​ថ្លើម​បាន​។ នេះ​ដោយសារ​តែ​ថ្នាំ​ខ្មែរ​ភាគច្រើន​មាន​ជាតិ​លោហៈ​ធ្ងន់​។

ញ៉ាំ​អាហារ​សរសៃ​ឲ្យបាន​ច្រើន​
ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យបាន​ច្រើន​ជា​ពិសេស គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​។ សម្រាប់​ប្រូតេអ៊ីន​វិញ ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ត្រី និង​សណ្តែក​ឲ្យបាន​ច្រើន និង​កាត់បន្ថយ​សាច់​ក្រហម​។

ចាក់​វ៉ាក់សាំង​
ចូរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង B​។ រលាក​ថ្លើម​ប្រភេទ A ច្រើន​តែ​ឆ្លង​តាមរយៈ​អាហារ និង​ទឹក ហើយ​រលាក​ថ្លើម​ប្រភេទ B ឆ្លង​តាមរយៈ​ការ​រួមភេទ ឈាម និង​ម្អុរចាក់​ថ្នាំ​។

ហាត់ប្រាណ​ទៀងទាត់​
ការ​ហាត់ប្រាណ​ទៀងទាត់​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ថ្លើម​មាន​សុខភាព​ល្អ​។ ការ​ហាត់ប្រាណ​នឹង​បង្កើន​ថាមពល​ដល់​រាងកាយ បន្ថយ​ស្ត្រេ​សដល់​ថ្លើម និង​ជួយ​បង្ការ​ការ​ធាត់​ជ្រុល​ទៀង​ផង​។ ចូរ​ហាត់ប្រាណ​ដោយ​ការដើរ​លឿន ១៥០​នាទី ក្នុង​រយៈពេល​មួយ​សប្តាហ៍​។

​ប្រយ័ត្ន​ចំពោះ​ថ្នាំ​គ្រាប់​សម្រក​ទម្ងន់​
ថ្នាំ​គ្រាប់​សម្រក​ទម្ងន់​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​នឹង​មាន​សារធាតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ថ្លើម​បាន ដូច្នេះ​មុន​នឹង​ប្រើ​ថ្នាំ​ទាំងនេះ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។