អូបាម៉ា​​​ លុប​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្វីលីពីន​ ក្រោយ​រង​ការ​ប្រមាថ

ប្រធានាធិបតី​​អាមេរិក​ជិត​ផុត​អាណត្តិ​​បារ៉ាក់ អូបាម៉ា បាន​លុប​ជំនួប​​​ប្រជុំ​លើក​ដំបូង​​​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ហ្វីលីពីន​ Rodrigo Duterte ​​បន្ទាប់​ពី​លោក​ Duterte បាន​ពិពណ៌នា​លោក​​​​ជាមួយ​ពាក្យ​អសុរស​​មុន​​កិច្ច​ប្រជុំ​​​។ នេះ​បើ​តាម​​​អ្នក​នាំ​ពាក្យ​សេតវិមាន​​បាន​ប្រាប់​ឲ្យ​ដឹង​​នៅ​ថ្ងៃ​អង្គារ​នេះ។

 

អូបាម៉ា​​​ លុប​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្វីលីពីន​ ក្រោយ​រង​ការ​ប្រមាថ

អូបាម៉ា ត្រូវបាន​ស្វាគមន៍​​នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ Wattay ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ ​​ថ្ងៃ​ទី ៥កញ្ញា ២០១៦

 

លោក Duterte ជា​នាយក​រដ្ឋមន្ត្រី​​​ទើប​​ឡើង​កាន់​អំណាច​តែង​តែ​ប្រកាស​​ធ្វើ​សង្គ្រាម​ជាមួយ​​​ក្រុម​​ជួញ​ដូរ​គ្រឿង​ញៀន​​​ និង​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​​​​ឆៅ​ៗ​​ លើ​ឧក្រិដ្ឋជន​រាប់​ពាន់​នាក់​​​ត្រឹម​រយៈពេល​ពីរ​បី​ខែ​ចុងក្រោយ​នេះ។ លោក​បាន​​​​ហៅ​លោក​អូបាម៉ា ថា​ជា​ «កូន​​សំផឹង» ឬ Son of Bitch ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​កាល​ពី​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ គឺ​មុន​មួយថ្ងៃ​​​​​នៃ​កិច្ច​ប្រជុំ​​តាម​ការ​គ្រោង​ទុក​​​នៅ​ប្រទេស​ឡាវ ដែល​​​​មេដឹកនាំ​​​​អាស៊ីអាគ្នេយ៍​​​​ទាំង​អស់​នឹង​បើក​កិច្ច​ប្រជុំ​​​​កំពូល​ប្រចាំ​ឆ្នាំ។

 

ការ​ជេរ​ប្រមាថ​បែប​នេះ កើត​មាន​ក្រោយ​មន្ត្រី​ពី​សេតវិមាន​បាន​ឲ្យ​ដឹង​ថា​លោក អូបាម៉ា នឹង​មក​ជួប​តទល់​នឹង​លោក Duterte ដើម្បី​ពិភាក្សា​គ្នា​រឿង​ចំណាត់​ការ​របស់​លោក​លើ​ឈ្មួញ​គ្រឿង​ញៀន រួម​ទាំង​ការ​សម្លាប់​ក្រៅ​តុលាការ​ផង។

 

“តើ​គេ​គិត​ថា​ខ្លួន​គេ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​អាយ៉ង​របស់​អាមេរិក​ទេ។ ខ្ញុំ​គឺ​ជា​ប្រធានាធិបតី​របស់​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ ហើយ​ខ្ញុំ​គ្មាន​នាទី​ឆ្លើយ​តប​ចំពោះ​អ្នក​ណា​ក្រៅ​ពី​ជនជាតិ​ហ្វីលីពីន​ឡើយ … កូន​ស្រី​សំផឹង! ខ្ញុំ​ជេរ​អ្នក​ឯង​អីចឹង”។ លោក Durterte និយាយ​ចំអក​ប្រធានាធិបតី​អាមេរិក។

 

​ក្រោយ​រង​ពាក្យ​​គ្រោតគ្រាត​​ដោយ​មិន​ចង់​​ឲ្យ​អាមេរិក​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន ​​លោក​អូបាម៉ា បាន​​សម្រេច​​​​​​​​ជួប​ប្រជុំ​ជាមួយ​​​​​ប្រធានាធិបតី​​​កូរ៉េ​ខាង​ត្បូង​​ប៉ាក់ ហ្គឺនហេ​ ​ដោយ​ពិភាក្សា​អំពី​ការ​តេស្ត​​​​​មីស៊ីល​ជា​បន្ត​បន្ទាប់​​របស់​កូរ៉េខាង​ជើង​វិញ៕

 

អូបាម៉ា​​​ លុប​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្វីលីពីន​ ក្រោយ​រង​ការ​ប្រមាថ

ប្រធានាធិបតីហ្វីលីពីន​ ​ Rodrigo Duterte

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ផ្តល់សិទ្ធិដោយ៖ Reuters