ជយលាភី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​២ បរិច្ចាគ​ប្រាក់​រង្វាន់​ ១០% ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ម្ចាស់​ជយលាភី​កម្មវិធី មុខ​របរ​ខ្ញុំ រដូវ​កាល​ទី​២ របស់​ភីអិនអិន បាន​សម្រេច​ចិត្ត​បរិច្ចាគ​ប្រាក់​រង្វាន់​របស់​ខ្លួន ១០% ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ភ្លាមៗ​ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ​លើ​បេក្ខជន​២​រូប​ផ្សេង​ទៀត​នៅ​វគ្គ​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២ កញ្ញា។

 

បេក្ខជន សែស សុភ័ក្ត្រ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​លើ​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម ដោយ​បាន​បរិច្ចាគ​ប្រាក់​៥០០​ដុល្លារ ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ យុវជន​វ័យ​២៧ ឆ្នាំ​រូប​នេះ បាន​យក​ឈ្នះ​លើ​ការ​ប្រកួត​នានា​អស់​រយៈ​កាល​៩​សប្តាហ៍​កន្លង​ទៅ ក្នុង​ចំណោម​បេក្ខជន​១០​រូប​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​តាំង​ពី​ខែ​កក្កដា ២០១៦ មក។

 

ជយលាភី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​២ បរិច្ចាគ​ប្រាក់​រង្វាន់​ ១០% ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

 

លោក នូ ចំណាប់ ផលិតករ​ប្រតិបត្តិ​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បេក្ខជន សែស សុភ័ក្រ្ត ទទួល​បាន​ជ័យជម្នះ​សម្រាប់​រដូវ​កាល​នេះ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​ពេញ​ចិត្ត​ទៀត​នោះ​គឺ​ទឹក​ចិត្ត​ចូលរួម​ជួយ​សង្គម​របស់​សុភ័ក្រ្ត តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​រង្វាន់​របស់​ខ្លួន​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា”។

 

លោក​បន្ត​ថា៖ “នេះ​បាន​ស​បញ្ជាក់​ថា កម្មវិធី​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អប់រំ​ដល់​យុវជន​កម្ពុជា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​គំនិត​បើក​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​បណ្ដុះ​ចិត្ត​ពួក​គាត់​ឲ្យ​ចេះ​ស្រឡាញ់​សង្គម​ផង​ដែរ”។

 

សុភ័ក្រ្ត និយាយ​ថា៖ “ខ្ញុំ​មិន​គិត​ថា​ប្រាក់​តិច ឬ​ក៏​ច្រើន​នោះ​ទេ តែ​នេះ​គឺ​ជា​ទឹក​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ជួយ​ក្មេងៗ​ ឲ្យ​ពួក​គាត់​មាន​ស្នាម​ញញឹម ខ្ញុំ​ក៏​ចង់​បង្ហាញ និង​បំផុស​គំនិត​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​វ័យ​ស្របាល​ខ្ញុំ​ឲ្យ​ពួក​គាត់​មាន​គំនិត​ថា នៅ​ពេល​គាត់​ទទួល​បាន​ប្រយោជន៍​ពី​សង្គម​ហើយ គួរ​យក​មក​ជួយ​សង្គម​បន្ត”។

 

ជយលាភី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​២ បរិច្ចាគ​ប្រាក់​រង្វាន់​ ១០% ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

 

សប្តាហ៍​មុន កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​នៅ​សល់​៣​រូប​ចុង​ក្រោយ គឺ​បេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និង​បេក្ខនារី កែវ សិរីរត្នន៍ ប្រកួត​លើ​៣​វិញ្ញាសា​ជាប់ៗ​គ្នា​ដើម្បី​រក​អ្នក​ដែល​មាន​សមត្ថភាព​ចុង​ក្រោយ​គេ​ដែល​អាច​ឈ្នះ​វិញ្ញាសា​ទាំង​៣​នេះ ដោយ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ពី​គណៈកម្មការ។

 

វិញ្ញាសា​ទាំង​៣​នោះ រួម​មាន (១០) ធ្វើការ​ក្នុង​ភោជនីយដ្ឋាន​ដោយ​ធ្វើ​ជា​ចុងភៅ​ម្ហូប​អឺរ៉ុប (២) ធ្វើ​ជា​អ្នក​បម្រើ​សេវាកម្ម​ក្នុង​ហាង​សាច់​អាំង​មួយ​កន្លែង​ដែល​បេក្ខជន​ទាំង​៣​ត្រូវ​អនុវត្ត​ផ្ទាល់​ជាមួយ​អតិថិជន​ពិត (៣) ការ​និយាយ​ជា​សាធារណៈ។ ពួកគេ​ទាំង​៣​នាក់​បាន​និយាយ​ទៅ​កាន់​សិស្ស​១២០​នាក់​នៅ​ក្នុង​សាកល​វិទ្យាល័យ​មួយ​ក្រោម​ប្រធាន​បទ «ហេតុ​​អ្វី​ខ្ញុំ​ជា​បេក្ខជន​ដែល​សក្ដិសម​នឹង​ឈ្នះ​ក្នុង​កម្មវិធី​មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២ និង​ទទួល​បាន​ទឹក​ប្រាក់​២០​លាន​រៀល?»។

 

កម្មវិធី​នេះ​បាន​ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្ដោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​​​តម្រូវ​ឲ្យ​​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម​ ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​​ប្រឹងបញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​​រង្វាន់ ទឹក​ប្រាក់​២០​លាន​រៀល។

 

ទស្សនា​ឈុត​ខ្លី​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២៖

 

អត្ថបទ៖ ពាណិជ្ជកម្ម