ជប៉ុន សម្លឹងរកការស្តារមុខមាត់ ពេលជួបថៃ នៅរាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញក្នុងជួបក្រុមជម្រើសជាតិថៃ នៅទីក្រុងបាងកក នារាត្រីនេះ ក្នុងការប្រកួតជម្រុះជុំចុងក្រោយដ៏សំខាន់សម្រាប់យុទ្ធនាការ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។
Japan-and-Thailand

នេះបើយោងទៅខ្សែបម្រើប្រយុទ្ធ Keisuke Honda របស់ក្លិប AC Milan ដែលបានជំរុញឲ្យមិត្តរួមក្រុមរបស់ខ្លួនក្រោកឈរឡើង និងបង្ហាញពីការប្តេជ្ញាចិត្ត។ ក្រុមជម្រើសជាតិជប៉ុន បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពូល B លើទឹកដីខ្លួនឯង នៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Saitama។

ការមិនអាចដណ្តើមបានជ័យជម្នះនៅពេលប្រកួតជាមួយនឹងក្រុមថៃ នឹងធ្វើឲ្យក្រុមជប៉ុនរបស់លោក Vahid Halilhodzic ជួបការងារដ៏លំបាកក្នុងការប្រជែងយកកៅអីស្វ័យប្រវត្តិពីពូលរបស់ពួកគេ ដែលក៏មានក្រុមម្ចាស់ជើងឯកអូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ផងដែរ។

ក្រោយពីចាប់ផ្តើមធ្វើការហ្វឹកហាត់ជាលើកទី១របស់ពួកគេចាប់តាំងពីធ្វើដំណើរទៅដល់ទីក្រុងបាងកក Honda បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «កីឡាករជាច្រើនមើល និងអានព័ត៌មាន ហេតុនេះ ពួកគេដឹងពីអ្វីដែលខ្ញុំនិយាយ។ ខ្ញុំគិតថា ពួកគេនឹងមិនផ្លាស់ប្តូរភ្លាមៗឡើយ ប៉ុន្តែ អាចនឹងដឹងយ៉ាងច្បាស់ថា ពួគគេត្រូវតែខិតខំព្យាយាមបន្ថែមទៀត»។

ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំចង់ផ្តល់ឲ្យពួកគេនូវឱកាសក្នុងការផ្លាស់ប្តូរស្មារតី។ ខ្ញុំត្រូវតែជំរុញឲ្យក្រុមឆ្ពោះទៅមុខ នៅពេលដែលត្រូវតែដើរទៅមុខ ហើយវាមិនមែនតែខ្ញុំម្នាក់ឡើយ។

មានកីឡាករមានបទពិសោធជាច្រើននៅក្នុងក្រុមនេះដែលមានអារម្មណ៍បែបនេះ»។ ក្រុមជម្រើសជាតិថៃ បានផ្តល់ការលំបាកដល់អារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតក្រៅដីរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ នៅមុនពេលចាញ់ដោយសារតែគ្រាប់បាល់ប៉េណាល់ជិតបញ្ចប់ការប្រកួតក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Riyadh។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:១៥យប់៕

ប្រភពព័ត៌មាន៖ Bangkok Post

The post ជប៉ុន សម្លឹងរកការស្តារមុខមាត់ ពេលជួបថៃ នៅរាត្រីនេះ appeared first on CamboSport.