គ្រូ​បឹង​កេត​ថា អត់ ​ចាន់​ វឌ្ឍនាកា ប៉ះ​ពាល់​តំបន់​ប្រយុទ្ធ តែ​នៅ​អាច​លើក​ពាន​បាន

“ការ​ពិត អត់​មាន​ចាន់​ វឌ្ឍនាកា ​នឹង​ប៉ះ​ពាល់​ដល់​តំបន់​ប្រយុទ្ធ​មែន ​ប៉ុន្តែ​យើង​នៅ​សល់​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត ​ដែល​អាច​ដាក់​ជំនួស​បាន ហើយ​ទទួល​បាន​ជ័យជម្នះ”។ សម្ដី​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ។

 

គ្រូ​បឹង​កេត​ថា អត់ ​ចាន់​ វឌ្ឍនាកា ប៉ះ​ពាល់​តំបន់​ប្រយុទ្ធ តែ​នៅ​អាច​លើក​ពាន​បានប្រាក់ សុវណ្ណារ៉ា

 

ក្រុម​បឹង​កេត​អង្គរ​នឹង​ប្រកួត​បិទ​រដូវ​កាល​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ ​វេលា​ម៉ោង​៦​ល្ងាច។ ប្រសិន​បើ​បឹង​កេត​ឈ្នះ​ប្រកួត​នេះ ពួកគេ​នឹង​បាន​កាន់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ហើយ។

 

យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ​មាន​ឧបសគ្គ​មួយ​គឺ​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ ចាន់​ វឌ្ឍនាកា ​នោះ​ទេ ព្រោះ​រូបគេ​ទទួល​បាន​កាត​លឿង​២​ដង ​ស្មើ​នឹង​អវត្តមាន​១​ប្រកួត។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ គ្រូ​បង្វឹក​វ័យ​៤៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​និយាយ​ដែរ​ថា​ លោក​កំពុង​តែ​ស្វែង​រក​អ្នក​ជំនួស​ហើយ ព្រោះ​អវត្តមាន​កីឡាករ​មក​ពី​កំពត​នេះ ច្បាស់​ណាស់​ថា​នឹង​ប៉ះ​ពាល់​ដល់​តំបន់​ប្រយុទ្ធ។

 

គ្រូ​បឹង​កេត​ថា អត់ ​ចាន់​ វឌ្ឍនាកា ប៉ះ​ពាល់​តំបន់​ប្រយុទ្ធ តែ​នៅ​អាច​លើក​ពាន​បាន​ចាន់​ វឌ្ឍនាកា

 

លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បន្ថែម​ទៀត​ថា “ហ្នឹង​ហើយ! យើង​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​រក​អ្នក​លេង​ប្រយុទ្ធ​នៅ​ខាង​លើ។ វា​ប៉ះ​ពាល់​នៅពេល​​អត់ កា ​ប៉ុន្តែ​យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​នេះ ដើម្បី​សម្រេច​គោល​បំណង​របស់​បឹង​កេត​អង្គរ”។

 

បឹង​កេត​អង្គរ​បាន​លើក​ពាន​លីគ​កំពូល​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​២០១២ ​ដែល​នេះ​ជា​ឆ្នាំ​ក្លឹប​បង្កើត​ឡើង​តែ​ម្ដង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ វុទ្ធី។ បន្ទាប់​មក​​រដូវ​កាល ​២០១៣ និង​២០១៤ ​បាន​ត្រឹម​ជើង​ឯក​រង ​ហើយ​​ឆ្នាំ​២០១៥​កន្លង​ទៅ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣៕

 

អត្ថបទ៖ មុន្នី រម្យ