ញាក់សាច់ ! BMW បុក​កូ​រ៉ូ​ឡា​ឡើង​ផ្លោង​ស្ត្រី​ម្នាក់​ចេញពី​រថយន្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត BMW លឿន​ដូច​ហោះ​បុក​រថយន្ត​កូ​រ៉ូ​ឡា​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ស្ត្រី​ម្នាក់​ចេញពី​ក្នុង​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​លេខ​៥១ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8368 បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ស្ត្រី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបែក​ជា​បួន អ្នកបើកបរ​មិន​បាន​បន្ថយល្បឿន​ទេ​បើក​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0089 តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​ទិស​ដៅ​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​បុក​រថយន្ត​កូ​រ៉ូ​ឡា​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​វិល​មួយ​ជុំ​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​រថយន្ត​បែក​កញ្ចក់​ខ្ទេច ថែម​ទាំង​ផ្លោង​ស្ត្រី​ដែល​អង្គុយ​ខាងក្នុង​ចេញ​មក​ក្រៅ​រថយន្ត បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង និង​បែកក្បាល​ហូរ​ឈាម​ពេញ​មុខ ចំណែកឯ​បុរស​ដែល​បើករថយន្ត​កូ​រ៉ូ​ឡា​វិញ​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​រថយន្ត​ទាំង​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ព្រមទាំង​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ទាំង​២ រីឯ​រថយន្ត​បង្ក BMW វិញ​វិល​មួយ​ជុំ​ហោះ​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​ខូចខាត​រថយន្ត​មួយ​កំណាត់​ខាង​មុខ​ដូច​គ្នា និង​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច តែ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ បាន​ចុះ​ចេញពី​ក្នុង​រថយន្ត​ហើយ​យក​កាំភ្លើងខ្លី​មួយ​ដើម​យក​មក​សៀ​ចង្កេះ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ដែល​នៅ​ជិត​នឹង​កន្លែង​កើតហេតុ រីឯ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕