ការ​ស្រាវជ្រាវ​បុរាណវិទ្យា​ទាក់ទង​ការ​រស់នៅ​របស់​ប្រជាជន​តំបន់​អង្គរ

ខេត្តសៀមរាប ៖ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​សាកល្បង​ឈ្វេងយល់​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​សម័យ​អង្គរ បើ​យើង​នឹក​ស្រមៃ​ពី​អង្គរវត្ត យើង​ប្រហែល​គិត​ទៅ​ដល់​ប្រាសាទ​ដ៏​ល្អ​ត្រកាល ហើយ​ធំ​សម្បើម​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ព្រៃ​ក្រាស់ ។ នៅ​ពេល ថ្មី​ៗ​នេះ បុរាណ​វិទូ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ប្រាសាទអង្គរវត្ត​បានសាងសង់ មាន​ដី​ទួល​ជា​ច្រើន​ព័ទ្ធ​ជុំវិញ ដី​ទួល​នេះ​ទំនងជា​កន្លែង​មនុស្ស​រស់នៅ ។ ប្រាសាទអង្គរវត្ត ជា​បេះដូង​នៃ​អាណាចក្រ​អង្គរ​លាតសន្ធឹង​លើ​ផ្ទៃដី​១០០០​គីឡូ​ម៉ែត្រការ៉េ ហើយ​ប្រហែល​មាន​មនុស្ស​រស់នៅ​ដល់​ទៅ​៧៥០.០០០​នាក់ ។ គម្រោង​មហា​អង្គរ GAP (Great Angkor Project) បាន​ចោទសួរ​ថា តើ​ប្រជាជន​សម័យ​អង្គរ​រស់នៅ​កន្លែង​ណា? គម្រោង​នេះ​ជា​កម្មវិធី​ស្រាវជ្រាវ​រួម​របស់​សាកលវិទ្យាល័យ​ស៊ី​ដ​នី ដឹកនាំ​ដោយ​បណ្ឌិត Roland Fletcher និង​អាជ្ញាធរ​ជាតិ​អប្សរា ។

ដើម្បី​ចាប់ផ្តើម​យល់​ដឹង​ពី​ជីវិត​របស់​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ បុរាណ​វិទូ​បាន​ជីកដី​រក សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​របស់​ប្រជាជន​ជំនាន់​នោះ​។ តាម​រយៈ​កំណាយ​នៃ​កន្លែង​រស់នៅ​របស់​គេ យើង អាច​យល់​ដឹង​ពី​ទម្លាប់​ក្នុង​ការ​រស់នៅ​របស់​គេ​ក្នុង​អតីតកាល ។ ការងារ​នេះ​អាច​ផ្តល់​ព័ត៌មាន​បន្ថែម ស្តី​ពី​ភាព​ខុស​គ្នា​រវាង​គ្រួសារ​សហគមន៍ និង​កន្លែង​រស់នៅ ផ្សេង​ៗ ព្រមទាំង​រវាង​អ្នកមាន​វណ្ណៈ​ខ្ពស់ និង​មនុស្ស​សាមញ្ញ ដូច្នេះ​យើង​អាច​ចាប់ផ្តើម​យល់​ដឹង​ពី​សង្គម​នៅ​សម័យ​អង្គរ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ ។

ការ​សិក្សា​បុរាណវិទ្យា​នៅ​សម័យ​អង្គរ​បាន​ផ្តោត​ដំបូង​ទៅ​លើ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ដែល​មាន​សិលាចារឹក​ប្រាប់​យើង​អំពី​អាទិទេព ស្តេច និង​វីរជន ។ យើង​មាន​ព័ត៌មាន​តិចតួច​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ ។ នៅ​ក្នុង​ឆ្នាំ​១២៩៦ បេសកជន​ចិន​ម្នាក់​ឈ្មោះ​ជីវ តា​ក្វា​ន់ បាន​មក​ទស្សនា​ក្រុង​អង្គរ ហើយ​បាន​រៀបរាប់​អំពី​អ្វី​ដែល​លោក​បានឃើញ ។ លោក​បាន​សរសេរ​ថា មនុស្ស​ក្នុង​វណ្ណៈ​ខ្ពស់​រស់នៅ​ក្នុងផ្ទះ​ធំ​ដែល​មាន​ដំបូល​ប្រក់​ក្បឿង ហើយ​មនុស្ស​សាមញ្ញ​រស់នៅ​ក្នុងផ្ទះ​តូច​ដំបូល​ប្រក់​ស្បូវ ។ នេះ​គឺជា​ភស្តុ​តាង​ជាក់ស្តែង​តែ​មួយ​គត់​ស្តី​ពី​គេហដ្ឋាន​សម័យ អង្គរ​។  តែ​យើង​ក៏​បានដឹង​ពី​ការ​រស់នៅ​ជំនាន់​អង្គរ​តាម​រយៈ​រូបចម្លាក់​នៅ​ប្រាសាទបាយ័ន​ដែល​បាន​បង្ហាញ​ពី​គេហដ្ឋាន និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ជំនាន់នោះ ។ ក្រៅពី​នេះ​មាន​បុរាណ​វិទូ​បារាំង និង​ខ្មែរ​មួយ​ក្រុម​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី​ផ្ទះសម្បែង​នៅ​តំបន់​ក្រៅ​បរិវេណ​អង្គរ ឯ​ចំណែក​ការ​សិក្សា​ពី​កន្លែង​រស់នៅ​នៅ​តំបន់​កណ្តាល​អង្គរ​ដែល​ជាទី​ប្រមូលផ្តុំ​នៃ​ប្រាសាទ ហើយ​មាន​មនុស្ស​រស់នៅ​ច្រើន យើង​មាន​ព័ត៌មាន​តិចតួច​ណាស់ ។

ក្នុង​ការ​សិក្សា​ច្រើន​លើក​របស់​គម្រោង GAP លោកស្រី​បណ្ឌិត Miriam Stark បាន​ធ្វើ​កំណាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ដូច​ជា អង្គរវត្ត ដើម្បី​រក​ភស្តុ​តាង​នៃ​លំនៅ​ដ្ឋា​ន​របស់​ប្រជាជន ព្រោះ​សិលាចារឹក​បាន​បញ្ជាក់​ថា មាន​មនុស្ស​មួយ​ចំនួន​រស់នៅ​ជុំវិញ​ប្រាសាទ ឧទាហរណ៍ សិលាចារឹក​នៅ​ប្រាសាទតាព្រហ្ម បាន​រៀបរាប់​អំពី​មនុស្ស​ដែល​មានការ​ងារ​ទាក់ទង​នឹង​ប្រាសាទ ដែល​គេ​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រហែល​២០០០​នាក់ រស់នៅ​ក្នុង​កំពែង​ប្រាសាទ ។

នៅ​ឆ្នាំ​២០១២ ការ​ស្រាវជ្រាវ​លើ​ប្រធានបទ​នេះ​បាន​ទទួល​ជំនួយ​ពី​បច្ចេកទេស​ថ្មី LiDAR ដែល​ប្រើ​កាំរស្មី Laser អាច​មើល​ធ្លុះ​គម្រប​ព្រៃ ដូច្នេះ​អាច​មើលឃើញ​រចនាសម្ព័ន្ធ​លើ​ដី​ដែល​រុក្ខជាតិ​បាន​គ្របដណ្តប់ ។ ក្នុង​ករណី​ប្រាសាទអង្គរវត្ត LiDAR បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ជុំវិញ​ប្រាសាទ​នូវ​ដី​ទួល និង​ដី​ទំនាប ជាប់​ៗ​គ្នា​រៀបរយ​ជា​ក្រឡាចត្រង្គ​តាម​ខ្សែបន្ទាត់​ស្រប​ទៅ​ទិស​ទាំង​បួន ។

ក្នុង​ឆ្នាំ​២០១០ និង​២០១៣ គម្រោង GAP បាន​សិក្សា​លើ​ដី​ទួល​ទាំងនេះ​ដោយ​បាន​កាយ​រណ្តៅ តូច​ៗ​ទំហំ​១​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ ក្នុង​កន្លែង​ជា​ច្រើន​ជុំវិញ​អង្គរវត្ត ។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ភស្តុ​តាង​បញ្ជាក់​ថា ដី​ទួល​ជាទី​កន្លែង​ដែល​មនុស្ស​រស់នៅ ។ បច្ចេកទេស​ធ្យូង​វិទ្យុសកម្ម​បាន​បង្ហាញ​ថា​ដី​ទួល​ទាំងនោះ​ត្រូវ​បាន​រៀបចំ​សម្រាប់​រស់នៅ​ពី​សតវត្ស​ទី​១០ ដល់​សតវត្ស​ទី​១៣ ។ ការ​ស្រាវជ្រាវ​របស់​យើង​ក៏​បាន​បញ្ជាក់​បន្ថែម​ថា នៅ​លើ​ដី​ទួល​ទាំងនោះ​មាន​មនុស្ស​រស់នៅ​ក្រោយ​សម័យ​អង្គរ​ពី​សតវត្ស​ទី​១៥ ដល់​សតវត្ស​ទី​១៧ ។

លទ្ធផល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​យើង​មានការ​រំភើបចិត្ត តែ​កំណាយ តូច​ៗ​បន្ទាប់​មក​បាន​បំផុស សំណួរ​យ៉ាងច្រើន ។ ក្នុង​ខែមិថុនា និង​កក្កដា ២០១៥ ក្រោយ​ពី​បាន​ទទួល​ជំនួយ​របស់​អង្គការ National Geographic បណ្ឌិត Alison Kyra Carter បាន​រៀបចំ​ក្រុម​ស្រាវជ្រាវ​តំណាង​ដោយ​សាកលវិទ្យាល័យ​ស៊ី​ដ​នី និង​អាជ្ញាធរ​អប្សរា​(​លោក​ឆាយ រចនា​) ដើម្បី​ពង្រីក​កំណាយ​លើ​ដី​ទួល​តែ​មួយ​ស្ថិត​ក្នុង​កំពែង​អង្គរវត្ត ។

ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​មាន​ដូច​តទៅ ៖
១-​យើង​ចង់​ដឹង​ថា តើ​ពិតជា​មាន​ប្រជាជន​រស់នៅ​លើ​ដី​ទួល​មែន ឬទេ ? រណ្តៅ តូច​ៗ​ដែល​យើង​បាន​ជីក​បាន​ផ្តល់​ចម្លើយ​វិជ្ជមាន​លើ​សំណួរ​នេះ​។ យើង​សង្ឃឹមថា កំណាយ​ទំហំ​ធំ អាច​ឲ្យ​យើង​រក ឃើញ​សំណល់​នៃ​បំណែក​ផ្ទះ និង​ភស្តុ​តាង​ផ្សេង​ទៀត​នៃ​ការ​រស់នៅ​លើ​ដី​ទួល​នេះ ។

២-​យើង​ចង់​ដឹង​ថា តើ​មនុស្ស​សាមញ្ញ​បាន​រស់នៅ​លើ​ដី​ទួល​នេះ ឬទេ ? យើង​ជឿ​ថា​រឿង​នេះ​ទំនងជា​ពិត ពីព្រោះ​ដី​ទួល​នោះ​មាន​ទំហំ​តូច​ដែល​អាច​ឲ្យ​គេ​គិត​ថា​ផ្ទះ​ក៏​តូច​ដែរ ។ ការ​រក​ឃើញ​ភស្តុ​តាង​ពី​សំណង់ផ្ទះ និង​ប្រភេទ​នៃ​របស់​ប្រើប្រាស់​ដោយ​គ្រួសារ នឹង​ធ្វើ​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់​នូវ​សម្ភារ ផ្សេង​ៗ​ដែល​គេ​បាន​ប្រើប្រាស់ ។

៣-​យើង​ចង់​ដឹង​ថា តើ​ដី​ទួល​នោះ​អាច​បាន​ប្រើប្រាស់​ជា​យូរអង្វែង​ហើយ​ច្រើន​ដង ឬទេ ?
ក្នុង​ឱកាស​យើង​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ យើង​បាន​ជីក​លើ​ដី​ទួល​ដែល បាន​ពិព័រណ៍​នា​ខាងលើ​នូវ​រណ្តៅ​ចំនួន​២២ លើ​ផ្ទៃដី​សរុប​៤១​ម​២ ។ លទ្ធផល ៖ ថ្វីបើ​យើង​មិន​បាន​រក ឃើញ​ទម្រង់​ផ្ទះ​ទាំងមូល យើង​បាន​ប្រទះ​ឃើញ​នូវ​ស្នាមជើង​សរសរ​ដែល​គេ​អាច​ចាត់​ទុក​ថា​ជា ចំណែក​មួយ​នៃ​ផ្ទះ​។ យើង​ក៏​បាន​រក​ឃើញ​ដែរ ៖

១-​ផ្ទាំង​ថ្មភក់​ជា​ច្រើន​៖ យើង​ជឿ​ថា​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរវត្ត​ប្រហែលជា​យក​ថ្មភក់​នេះ ដែល​សល់​ពី​ការ​សាងសង់​អង្គរវត្ត​មក​ប្រើ តែ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​គេ​យក​ថ្ម​ទាំងនោះ​មក​ប្រើ​ធ្វើ​អ្វី​។ យើង​គិត​ថា​ប្រហែល​គេ​យក​វា​ទៅ​ក្រាល​ជា​ផ្លូវ ឬ​ក្រាល​នៅ​ក្រោមផ្ទះ ឬ​ក្រាល​ជុំវិញ​ផ្ទះ ។

២-​ភស្តុ​តាង​នៃ​សកម្មភាព​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ការ​ដាំ​ស្ល ។ នៅ​ត្រង់​ផ្នែក​មួយ​នៃ​ដី​ទួល យើង បាន​រក​ឃើញ​ឥដ្ឋ និង​ដីឥដ្ឋ​ដុត ព្រមទាំង ៖

-​ធ្យូង និង​បំណែក​ចង្ក្រាន​ដែល​ជា​ភស្តុ​តាង​នៃ​ការ​ប្រើ​ភ្លើង សម្រាប់​ដាំ​ស្ល​រៅ​សម័យ​អង្គរ

-​កុលាលភាជន៍ ភាគច្រើន​ជា​កុលាលភាជន៍​ប្រភេទ​ផុយ ហើយ​មាន​ខ្លះ​មាន​ស្នាម​នៃ​ការ​ឆេះ​ពី​ក្រៅ​ដែល​អាច​បណ្តាល​មក​ពី​ការ​ដាក់​ដាំ​ស្ល​នៅ​លើ​ភ្លើង ។ មាន​បំណែក​ក្រឡ​ជំនាន់​អង្គរ​ដែល​មាន ស្រទាប់​រលោង​ពណ៌​បៃតង ឬ​ពណ៌​ត្នោត ព្រមទាំង​ភាជន៍​នាំ​ចូល​ពី​ប្រទេស​ចិន​។ យើង​ក៏​បាន​រក​ឃើញ ខួច​ដែល​នៅ​រូបរាង​ទាំងមូល​ចំនួន​មួយ នៅ​ទីតាំង​ដែល​យើង​សន្និដ្ឋាន​ថា​ជា​លំនៅ​ដ្ឋា​ន ។

-​ក្រៅពី​ភាជន៍​អ្នកជំនាញ​ផ្នែក​រុក្ខជាតិ គឺ​លោកស្រី Cristina Castillo បាន​ស្រាវជ្រាវ​រក​ឃើញ​គ្រាប់ស្រូវ បំណែក​សំបក​ក្រូច គ្រាប់​រុក្ខជាតិ​ក្នុង​អំបូរ​ខ្ញី ព្រមទាំង​សំណល់​រុក្ខជាតិ​ខ្លះ​ដែល​គេ​បាន​ប្រើប្រាស់​ធ្វើ​ជា​ឧស​ថ ។ ការងារ​នេះ​ចាប់ផ្តើម​អោយ​យើង​ឈ្វេងយល់​អំពី​រុក្ខជាតិ ផ្លែ​ឈើ និង​បន្លែ​ដែល​មនុស្ស​រស់នៅ​លើ​ដី​ទួល​នោះ​ប្រហែលជា​បាន​បរិភោគ និង​បាន​ប្រើប្រាស់ ។

ក្រៅពី​នេះ​យើង​បាន​ជីករណ្តៅ​នៅ​លើ​ដី​ទំនាប​៖ ថ្វីបើ​គេ​សង្ស័យ​ថា ទី​នេះ​ជា​ស្រះ​ទឹក អ្នកជំនាញ​ធរណី​សាស្ត្រ​របស់​យើង​បាន​រក​ឃើញ​ថា ទី​នេះ​មានទឹក​ដក់​តែ​នៅ​រដូវភ្លៀង​ទេ។ ដូច្នេះ​មិន​អាច​ដើរតួ​នាទី​ជា​ស្រះ​ផ្តល់​ទឹក​ខួបប្រាំងខួបវស្សា​ឡើយ ។

ការងារ​ទាំងនេះ​ត្រូវ​បន្ត​ដើម្បី​ឆ្លើយ​តប​នឹង​សំនួរ​ជា​ច្រើន​ដែល​នៅ​សេសសល់ ដូច្នេះ​យើង​សង្ឃឹមថា​អាច​បន្ត​ការ​ស្រាវជ្រាវ​រក​ភស្តុ​តាង​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នៅ​សម័យ​អង្គរ ។

ជា​ការ​សន្និដ្ឋាន យើង​យល់​ឃើញ​ថា​ការ​ស្រាវជ្រាវ​មិន​ត្រូវ​ផ្តោត​តែ​លើ​ប្រាសាទ​ទេ ត្រូវ​ផ្តោត​ផង​ដែរ​ទៅ​លើ​ជីវភាព​រស់នៅ និង​សមិទ្ធផល​នៃ​ប្រជាជន​សម័យ​អង្គរ ៕