“អនិច្ចា​សន្លឹក​ឆ្នោត​របស់ខ្ញុំ​” ​!

សន្លឹក​ឆ្នោត​(​ជោគវាសនាជាតិ​)​ ដែលអ្នក​បានបោះ​ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​ថ្មីមក​គ្រប់គ្រង​ ដឹកនាំ​ និងរៀបចំ​ប្រទេសជាតិ​ ជោគវាសនា​ប្រជាជន​ ដែនអធិបតេយ្យ​ភាពជាតិ ​ធនធាន​វប្បធម៌ ​អរិយធម៌​ និង​ធម្មជាតិ​របស់ជាតិ​ និងដើម្បី​លើក​ជ្រោង​កិត្យា​នុភាពជាតិ​​ និង​​ឧត្តម​ភាពជាតិ​ សាសនា ​និង​ព្រះមហាក្សត្រ​ វាមិនមែន​ដូចសន្លឹកឆ្នោត​ (​កន្ទុយលេខ​) ​ដែលអ្នក​ត្រូវគូស​ផ្សងសំណាង​លេង​សើច​ ឬគូស​ចោល​ដោយ​ព្រោះតែ​រំពៃ​ចង់បា​នលាភ​សក្ការៈ​បន្តិចបន្តួច​មួយខណៈ​ៗនៅចំពោះ​មុខដែលផ្ដល់​ និងបំភាន់​ដោយ​មនោគមន៍​វិជ្ជា​របស់​មនុស្ស​មួយក្រុម​នោះឡើយ​ ។ ​(​កន្ទុយលេខ​) ​បើ​អ្នកចាក់​ខុសថ្ងៃនេះ​ អ្នកអាច​នឹងមាន​ឱកាស​ផ្សងសំណាង​ម្ដងទៀត​នៅថ្ងៃ​ស្អែក​ ខាងស្អែក​ សប្ដាហ៍​ក្រោយ ​ខែក្រោយ ​ឬនៅ​ពេលណា​មួយ​ដែល​អ្នកមាន​លុយ​មកចាក់​ប្រថុយ​ម្ដងទៀត​តាមអារម្មណ៍​នឹក​ឃើញ​របស់អ្នក​ ប៉ុន្តែ​សម្រាប់​(​ស​ន្លឹក​ឆ្នោត​ជោគវាសនា​ជាតិ​)រ​បស់អ្នក​មួយសន្លឹក​ បើអ្នកគូស​ និងបោះឱ្យ​គណបក្សន​យោបាយ​ណាមួយ​ខុសតែម្ដង ​នោះអ្នក​នឹងមិន​អាចផ្សង​សំណាង​បាននៅ​ថ្ងៃស្អែក ​ឬខែ​ក្រោយ​បានឡើយ​ (​ល្គិកណា​តែមាន​ចលភាព​ណាមួយកើត​ឡើង​ដែល​តម្រូវ​ឱ្យមាន​ការបោះឆ្នោត​សាកលសារ​ជាថ្មីឡើងវិញ​)​ គឺអ្នក​ត្រូវចាំ​រហូតដល់​៥ឆ្នាំ​ (១អាណត្តិ) ​ឯណោះ​ទើបអាច​មានឱកាស​បោះឆ្នោត​សារជាថ្មី​ម្ដងទៀត​ ។​
ការ​បោះឆ្នោត​មួយសន្លឹក​ដែលខ្ញុំ​ឱ្យឈ្មោះ​ថា​ជាសន្លឹកឆ្នោត​នៃ​ជោគវាសនា​ជាតិ​របស់អ្នក​ វាគឺ​ជាការ​ប្រើ​សតិសម្បជញ្ញៈ ​កាប្រើ​ភាព​ជាមនុ​ស្ស​ធំដឹងក្ដី​ដែល​ពេញទៅដោយ​ភាពចាស់ទុំ​របស់អ្នក ​និងការ​ប្រើ​ការង្កេត​ វិភាគ​ និង​វិនិច្ឆ័យ​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​គណបក្ស​នយោបាយ​​ទាំងអស់​ដែលឈរ​ឈ្មោះបោះឆ្នោត ​ដោយត្រូវ​ជ្រើសរើស​ឱ្យបាន​ល្អិតល្អន់​រកមើល​ថា​តើមាន​គណបក្ស​នយោបាយ​ណាមួយ​ដែលល្អ​ប្រសើរ​ជាង​គេបំផុត ​នៅលើ​ឆាក​នយោបាយ​នាពេលបច្ចុប្បន្ន​កាលនេះ​ដែរឬទេ​? ​បើអ្នក​គិតថា​មាន ​តើ​គណបក្ស​នយោបាយ​ដែលល្អ​ប្រសើរ ​និង​គួរជាទីពេញចិត្ត​នោះ​ តើ​គេមាន​គោល​នយោ​បាយ​ល្អ​ប្រសើរ​កម្រិត​ណា​ដែល​អាចជួយ​ស្រោច​ស្រង់​ប្រទេសជាតិ​របស់អ្នក​៖​-​ឱ្យរួច​ផុត​ពីភាព​ក្រីក្រ​ជាកម្រិត​អតិបរមា​ក្នុងរយៈ​ពេលដ៏​ខ្លី​បំផុត​ដែរ​ឬទេ​?​-​ឱ្យ​រួចផុត​ពីនឹម​ត្រួតត្រា​តាម​បែប​ត្រជាក់​​ ឬមហិច្ឆតា​ឈ្លាន​ពាន​យក​ទឹកដី​ពីប្រទេស​ជិតខាង​ដែរឬទេ​?​-​ឱ្យ​ប្រជា​កសិករ​ សិប្បករ ​ឧស្សាហករ ​ពាណិជ្ជករ ​និងអាជីវករ​នៅទូទាំង​ប្រទេស​មានទីផ្សារ​លក់​ផលិតផល​ និង​​កសិផល​នៅក្នុង​ស្រុក​ដែល​ពួកគេ​ផលិត​បានឱ្យ​បាន​ទូលំទូលាយ​ដែរឬទេ​?​ -​ឱ្យ​ប្រជាជន​នៅទូទាំង​ប្រទេស​ឈប់រស់​​នៅក្នុង​ភាពភ័យ​ខ្លាច​, ​ភាពរងទុក្ខ​វេទនា​ទាំងផ្លូវកាយ ​និងផ្លូវចិត្ត​ដែរឬទេ​?​-​ឱ្យ​ឈប់​មានអំពើ​ចោរកម្ម​ ឧក្រិដ្ឋកម្ម ​ឃាតកម្ម ​ពាលកម្ម​ បាបកម្ម​ ការកេងប្រវញ្ច័​ បក្សពួក​និយម​ អំពើពុករលួយ ​ការកាប់បំផ្លាញ​ធនធាន​ព្រៃឈើ​ ធនធាន​វប្បធម៌ជាតិ​ និងអរិយធម៌​ជាតិដែរឬ​ទេ​?​-​ឱ្យ​ប្រជាជន​នៅទូទាំង​ប្រទេស​អាចរស់​នៅក្នុង​សន្តិភាព​ និងសុវត្ថិភាព​ទាំងផ្លូវកាយ ​និងផ្លូវចិត្ត​អស់មួយ​ជីវិត​រ​បស់​ពួកគេ​ដែរឬទេ​? ​-​ឱ្យ​ប្រជាជន​មានការ​អប់រំ​ល្អប្រសើរ​ចេះស្គាល់​ បុណ្យ-បាប​ គុណ-ទោស ​វិនាស-អន្តរាយ​ ដែរឬទេ​?​-​ឱ្យ​ប្រជាជន​នៅខ្មែរ​ទូទាំង​ប្រទេស​បូ​ករួម​ទាំងយុវជន​ចំនួន​ជាង៩០%​មានការងារ​ធ្វើក្នុង​ស្រុក​ដែរឬទេ​? ​-​និង​ តើគណបក្ស​នយោបាយ​នោះ​ មានឆន្ទៈ​ខ្ពង់ខ្ពស់​កម្រិតណា​ដើម្បី​លើក​ទូ​លជ្រោង​ព្រលឹងជាតិ​ សាសនា​ ព្រះមហាក្សត្រ​ឱ្យរុងរឿង​ថ្កុំថ្កើង​ឡើងវិញ​ដែរឬទេ​? ​
*​ចំណុច​សំខាន់​​ៗអស់ទាំងនេះ​ អ្នកត្រូវតែ​ចេះសួរ​ខ្លួនឯង​គ្រប់ពេល​ជានិច្ច​ជាកាល​សារ​ចុះសារ​ឡើង​មុនការ​បោះឆ្នោត​មកដល់ថា​៖ ​តើមាន​គណបក្ស​នយោបាយណា​មួយ​ដែល​អាច​សម្រេច​ចំណុច​គោល​ៗ​ដ៏សំខាន់​​ៗទាំងនេះ​​ដែល​ជាក្ដី​សង្ឃឹម​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប​បាន​ដែរឬទេ​?​ បើសិន​ជាអ្នក​គិតថា​គណបក្ស​មួយនោះ​អាច ​ថាតើ​គេអាច​ធ្វើឱ្យ​សម្រេច​បានក្នុង​កម្រិតណា​ ?​ រី​កចម្រើន​ជាងមុន​?​ ឬ​រេចរិល​ជាងមុន​?​ ជួនកាល​វាអាច​បានត្រឹម​តែ​ជាការ​អង្អែល​តែ​សម្បកក្រៅ​ ។​ អ្នក​គប្បី​ចាំថា​៖ ​អ្នកដែល​ពូកែ​ច្រៀង​ល្បួងលួង​លោម​បំផុត ​មិនមែន​ជាពពួក​ជនល្មោម​កាមតណ្ហា​ឡើយ ​ប៉ុន្តែ​គឺជា​ពពួក​អ្នកនយោបាយ​កម្រិត​បុថុជ្ជន​នេះឯង​ ដូច្នេះ​អ្នកគប្បី​ត្រូវប្រុងប្រយ័ត្ន​ជាមួយ​បុគ្គល​អស់ទាំង​នេះឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ។ សន្លឹក​ឆ្នោត​របស់អ្នក ​គឺមាន​តម្លៃ​ស្មើនឹង​អាយុជីវិត​របស់​ខ្មែរមួយ​ប្រទេស ​ដែលក្នុងនោះ​ក៏បូករួម​ទាំងអាយុ​ជីវិត​ សុភមង្គល​ សុខសន្តិភាព​ សុវត្ថិភាព ​សុខភាព​ និងសុខដុមរមនា​របស់អ្នក ​និងញាតិសន្ដាន​របស់អ្នក​ផងដែរ​ ។ បើអ្នក​មិនដែល​ពិចារណា​សារចុះ​សារឡើង​ឱ្យបាន​ស៊ីជម្រៅ​អំពីតម្លៃ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​របស់អ្នក​ទេ ​ហើយអ្នក​ចេះតែ​បោះៗ​ឱ្យ​គណបក្សនយោបាយ​មួយ​ដែល​មិនកើត​ការណ៍អ្វី​ជាដុំកំភួន ​នោះ​ជោគវាសនា​ប្រទេសជាតិ​របស់​អ្នក​នឹង​ត្រូវធ្លាក់​ក្នុង​រណ្ដៅ​នៃ​វិនាសកម្ម​នៅ​ថ្ងៃណាមួយ​ជាក់ជា​មិនខាន ​។​ ហើយឈប់​ត្អូញ​ដដែល​ជា​ដដែល​អំពី​ភាព​អយុត្តិធម៌​ ការរំលោភបំពាន​ អំពើពុករលួយ ​និងជម្ងឺ​សង្គម​​ដ៏រ៉ាំរ៉ៃ​ផ្សេង​ៗដទៃ​ទៀត​ជាដើម​ វាមិនមែន​ជាកំហុស​របស់​វាសនា​ទេ ​​តែវា​គឺជា​កំហុស​របស់​អ្នក​ទាំង​អស់គ្នា​ ។ វាសនា​គឺត្រឹមតែ​ជាបច្ច័យ​ប៉ុណ្ណោះ​ រីឯអ្នក​ដែលអាច​កែប្រែ​​វាសនា​ពីវិនាស​មកចម្រុង​ចម្រើន​ថ្កុំថ្កើង​បាន​នោះ​គឺជា​រូបអ្នក​ ដូច្នេះ​អ្នកគួរ​គប្បី​រៀន​ចេះអាណិត​អាសូរ​ដល់សន្លឹក​ឆ្នោត​របស់​អ្នកផង ​បើអ្នក​ចេះអាណិត​អាសូរ​សន្លឹក​ឆ្នោត​របស់អ្នក​ នោះ​ក៏ដូច​ជាអ្នក​ចេះអាណិត​អាសូរ​ដល់ជីវភាព​របស់​ខ្លួន​ឯង​ ​និង​ជោគវាសនា​មនុស្ស​រាប់លាន​នាក់​នៅក្នុង​សង្គម​រួមជីវិត​ជាមួយ​អ្នក​ដូច្នេះដែរ​ ៕​
“អនិច្ចា​សន្លឹក​ឆ្នោត​របស់ខ្ញុំ​” ​!

ដោយ៖ ឈូកស
Cool FM 100.7