បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ ជា​ស្នាដៃ​អ្នកមាន​លុយ អ្នកមានអំណាច

​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​របស់​រដ្ឋ ក៏ដូចជា​ដី​គម្រក​ព្រៃឈើ​គឺ​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ក្រុម​ជនល្មើស​នៅតែ​បន្តធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អ្នក​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​គឺជា​អ្នកមាន​តំណែង​និង​តួនាទី​ធំ​ជាង​លោក យន្ត មីន ទៅទៀត​ហេតុនេះហើយ​ទើប​ពួកគេ​មិន​ខ្លាច​វិធានការ​របស់លោក យន្ត មីន សូម្បីតែ​ប៉ុន​សរសៃសក់​។ លើស​នេះ​ទៅទៀត​ការចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​របស់​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម ជុំវិញ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ និង​បទល្មើស​ចាក់ដី​លុប​ព្រៃកោងកាង​លិច​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ​។ ​

គួរ​រំលឹក​ដែរ​ថា​កន្លងមក​មាន​ព័ត៌មាន​ស្ដីពី​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​នៅ​មាត​បឹង​កង្កែប​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ថ្មីៗ​នេះ​មន្ត្រី​យោធា​ជាន់ខ្ពស់​មូលដ្ឋាន​សមុទ្រ​រាម​បាន​ចេញមុខ​បញ្ជាក់ថា ពួកគេ​មិនជា​ប់​ពាក់ព័ន្ធ​ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​មាត់បឹង​កង្កែប​នោះឡើយ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម វែកមុខ​ក្រុម​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​មាត់បឹង​កង្កែប ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ជាមិនខាន ព្រោះ​រហូតមក​ដល់ពេលនេះ​រាល់​បទបញ្ជា​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ចេញ​ជា​លទ្ធផល​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កំពុង​ធ្វើសំណើរ​ទៅកាន់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ស្នើសុំ​បង្កើត​សហគមន៍​សម្រាប់​អភិរក្ស​បឹង​កង្កែប និង​ការពារ​ព្រៃកោងកាង​លិច​ទឹក​ដែលជា​ជម្រក​ត្រី​សមុទ្រ​ពង​កូន​បន្ត​ពូជ​។ ដូចនេះ​ទៅទៀត​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះ​ផ្ទៃ​បឹង​កង្កែប និង​ព្រៃកោងកាង​ក្នុង​តំបន់​នេះ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មន្ត្រីជាន់ខ្ពស់ អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​មួយចំនួន​បាន​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិឯកជន ហើយ​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ទៀតផង​។ ជាពិសេស​ក្រសួង​រៀបចំ​ដែនដី​និង​ក្រសួងកសិកម្ម មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ផ្ទៃ​បឹង​កង្កែប និង​ព្រៃកោងកាង​ជុំវិញ​បឹង​នោះ​តទៅទៀត​ទេ ហើយ​គួរ​រក្សាទុក​ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុងស្រុក​ព្រៃនប់​៕

yun-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ  09d0d1e0-41c6-452a-8cec-f978c943d804 3d20e8f6-5adc-4b79-8215-ce3f144281ef