បាតុភូត​ធម្មជាតិ​ដ៏​អច្ឆរិយ​មួយ នឹង​កើត​ឡើង​នៅ​តំបន់​អង្គរ​ថ្ងៃ​២៣ ​កញ្ញា

កាល​ពី​យប់​មិញ​នេះ ក្រសួង​ទេសចរណ៍​បាន​បង្ហោះ​ព័ត៌មាន​មួយ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ខាង​មុខ នឹង​មាន​បាតុភូត​ធម្មជាតិ​ដ៏​អច្ឆរិយ​មួយ​កើត​ឡើង​នៅ​តំបន់​សៀមរាប​អង្គរ ដោយ​ព្រះ​សុរិយា​នឹង​រះ​ឡើង​ចំ​កណ្ដាល​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ហើយ​វា​ជា​បាតុភូត​ធម្មជាតិ​ដ៏​មហស្ចារ្យ​កម្រ​មាន។

 

បាតុភូត​ធម្មជាតិ​ដ៏​អច្ឆរិយ​មួយ នឹង​កើត​ឡើង​នៅ​តំបន់​អង្គរ​ថ្ងៃ​២៣ ​កញ្ញា

 

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា បាតុភូត​កម្រ​នេះ​​ពិត​ជា​​កើត​មាន​មែន គឺ​នៅ​ខែ​កញ្ញា​រៀង​រាល់​ឆ្នាំ ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ បាតុភូត​ខាង​លើ​នឹង​កើត​ឡើង​ចំ​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ខាង​មុខ។ លោក ង៉ូវ សេងកាក់ បាន​និយាយ​ថា៖ “ធម្មតា​កើត​ឡើង​មួយ​ថ្ងៃ ចន្លោះ ២១ ២២ ២៣ កញ្ញា​ហ្នឹង តែ​ឆ្នាំ​ខ្លះ​កើត​ឡើង ២ដង នៅ​ខែ​មិនា​ក៏​មាន​ដែរ តែ​វា​អាស្រ័យ​លើ​អាកាសធាតុ​ដែរ បើ​ល្អ​ទើប​មើល​ឃើញ​ច្បាស់”។

 

បាតុភូត​ធម្មជាតិ​ដ៏​អច្ឆរិយ​មួយ នឹង​កើត​ឡើង​នៅ​តំបន់​អង្គរ​ថ្ងៃ​២៣ ​កញ្ញា
លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប

 

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​លើក​ឡើង​ថា សម្រាប់​អ្នក​ចង់​ទស្សនា និង​ផ្ដិត​យក​ទិដ្ឋភាព​ខាង​លើ គួរ​ទៅ​ដល់​មុខ​ប្រាសាទ​អង្គរវត្ត​នៅ​ម៉ោង៤ ទៀប​ភ្លឺ ដើម្បី​រក​ទីតាំង​ល្អ មុន​ពេល​ព្រះ​អាទិត្យ​រះ​នា​ម៉ោង៦ ព្រឹក។ បើ​​ទៅ​មិន​ទាន់​ម៉ោង​ទេ ប្រាកដ​ជា​គ្មាន​កន្លែង​ឈរ ព្រោះ​ភ្ញៀវ​បរទេស​ច្រើន​ណាស់ ដែល​រង់​ចាំ​ទិដ្ឋភាព​ប្លែក​ភ្នែក​បែប​នេះ។ ​

 

ចំណែក​លោក លី សែ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់​ថា ជា​ធម្មតា​ខែ​កញ្ញា​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ឡើយ ដែល​គេ​ហៅ​ថា​ជា​ខែ “Low” ព្រោះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ជា​ពេល​វេលា​បំពេញ​ការងារ​ផង។ ប៉ុន្តែ​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​នៅ​តំបន់​អង្គរ​ក្នុង​ខែ​នេះ បាន​ទាក់​ទាញ​ភ្ញៀវ​ច្រើន​ខុស​ពី​រាល់​ដង ហើយ​ការ​លក់​សំបុត្រ​ថ្ងៃ​នោះ​អាច​កើន​ឡើង ២ដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​ផ្សេង​នៃ​ខែ​កញ្ញា​ដូច​គ្នា។

 

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ លោក លី សែ បាន​អះ​អាង​ថា ថ្ងៃ​ដែល​មាន​បាតុភូត​នេះ​កើត​ឡើង គឺ​ភ្ញៀវ​ទេសចរ​កើន​ឡើង​យ៉ាង​គំហុក។ “ថ្ងៃ​ហ្នឹង​ឡើង​ខ្លាំង តែ​ឡើង​បាន​តែ​មួយ​ថ្ងៃ​ទេ… បើ​គិត​ទៅ​លក់​ធម្មតា បាន​ប្រហែល​ជា ៣​ពាន់​សំបុត្រ ប៉ុន្តែ​ថ្ងៃ​នោះ​អាច​ឡើង​ដល់ ៦​ពាន់ មានន័យ​ថា​គុណ​នឹង​២ តែ​បើ​គិត​ជា​រួម​ក្នុង​ខែ​កញ្ញា​តែ​ម្ដង​មិន​កើន​ឡើង​ច្រើន​ទេ”។ លោក លី សែ បន្ថែម។

 

ដោយសារ​នេះ​ជា​បាតុភូត​កម្រ​កើត​មាន ក្រសួង​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ការី​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ទាំង​អស់​ចូល​រួម​ទស្សនា និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ជា​ទី​គយគន់​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ចែក​រំលែក​ព័ត៌មាន​គោលដៅ​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

 

បាតុភូត​ធម្មជាតិ​ដ៏​អច្ឆរិយ​មួយ នឹង​កើត​ឡើង​នៅ​តំបន់​អង្គរ​ថ្ងៃ​២៣ ​កញ្ញា

 

អត្ថបទ៖ គង់ វិសាល