កាណាដា​យល់​ព្រម​បន្ត​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​លើ​វិស័យ​២​បន្ទាប់​ពី​ផ្អាក​៤​ឆ្នាំ

របាយការណ៍​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ថ្ងៃ​៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ដីពី​ជំនួប​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​កាណាដា លោក ស្តេហ្វាន ឌីយ៉ុន (Stephane Dion) អោយ​ដឹង​ថា រដ្ឋាភិបាល​កាណាដា យល់​ព្រម​បន្ត​ជំនួយ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ការ​ផ្អាក​អស់​រយៈពេល ៤​ឆ្នាំ។ ការ​យល់​ព្រម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា បាន​ធ្វើ​ការ​ស្នើ​សុំ​ទៅ​លោក ស្តេហ្វាន ឌីយ៉ុន អំឡុង​ពេល​លោក​មក​ទស្សនកិច្ច ៣​ថ្ងៃ​នៅ​កម្ពុជា។

បន្ថែម​ពី​លើ​ការ​ជជែក​ពី​គម្រោង​អភិវឌ្ឍន៍​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​កាណាដា លោក ប្រាក់ សុខុន បាន​ស្នើ​សុំ​អោយ​រដ្ឋាភិបាល​កាណាដា បន្ត​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​វិញ លើ​បញ្ហា​ពីរ​ទៀត គឺ​ការ​ទប់ស្កាត់​ផល​លំបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​សកម្មភាព​បោស​សម្អាត​គ្រាប់​មីន បន្ទាប់​ពី​ការ​បញ្ចប់​ជំនួយ​នៅ​ឆ្នាំ​២០១២។

លោក ប្រាក់ សុខុន អោយ​ដឹង​ថា តាម​រយៈ​របាយការណ៍​នោះ​ថា ខាង​រដ្ឋាភិបាល​កាណាដា បាន​យល់​ព្រម​ទៅ​លើ​សំណើ​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ដឹង​បាន​ថា ជំនួយ​នឹង​មាន​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។