ក្រសួង​ការបរទេស​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ពលករ​ខ្មែរ​២៣​នាក់​ពី​ម៉ាឡេស៊ី

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា ក្រសួង​បាន​​​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ២៣​នាក់ ហើយ​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ។ ពលករ​ទាំង ២៣​នាក់ នឹង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​រសៀល ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​១ ប៉ុន្តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ម៉ាឡេស៊ី ចាប់​ខ្លួន​ក្រុម​ពលករ​ខ្មែរ ព្រោះ​ពួកគេ​ធ្វើ​ការ​ខុស​ច្បាប់ និង​ស្នាក់នៅ​ហួស​ពេល​កំណត់។ ក្នុង​ចំណោម​ពលករ​ទាំង ២៣​នាក់​នោះ មាន​ស្ត្រី ៣​នាក់។

ក្រោយ​មាន​សំណូមពរ​ពី​ស្ថានទូត​ខ្មែរ អាជ្ញាធរ​ម៉ាឡេស៊ី បាន​យល់​ព្រម​ដោះលែង​មិន​បញ្ជូន​​ពលករ​ទាំង​នោះ​ទៅ​តុលាការ​ទេ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​មាន​ការ​ទាមទារ​របស់​ស្ថានទូត​ខ្មែរ ថៅកែ​ម៉ាឡេស៊ី បាន​យល់​ព្រម​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ជូន​ពលរដ្ឋ​ទាំង​នោះ។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​ប៉ូលិស​ក្រុង​លីពីង (Leping) ខេត្ត​ជាំងស៊ី (Jiangxi) និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសក៍ (IOM) អន្តរាគមន៍​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ៣​នាក់ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​យក​ទៅ​រៀបការ​ប្ដី​នៅ​ប្រទេស​ចិន ដែល​អ្នក​ទាំង​បី​រូប បាន​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។