ធី សុវណ្ណ​ថា ៖ លោក​បណ្ឌិត កែម ឡី ស្លាប់ ធ្វើ​ឲ្យ​CNRP ​ចំណេញ​នយោបាយ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​ថ្មី​ៗ​នេះ បណ្ឌិត កែម ឡី ស្លាប់​ម្នាក់ ធ្វើ​ឲ្យ​CNRP​ចំណេញ​នយោបាយ ប្រជាប្រិយភាព​បាន​យ៉ាង​ខ្លាំង​»​។

បើ​តាម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ដែល​បញ្ចេញ​ទស្សនៈ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook) ក៍បាន​បន្ថែម​ទៀត​ថា ព្រឹត្តិការណ៍​នយោបាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា​ម្សិលមិញ «​ប្រសិនបើ​ក្បួន​ហែ​ញត្តិ​ថ្ងៃនេះ មាន​គ្រាប់បែក​ផ្ទុះ ហើយ​មាន​សកម្មជន​CNRP​ស្លាប់​១០០​នាក់ CNRP​នឹង​ចំណេញ​ខ្លាំង អ្នក​ខាត​គឺ​CPP រាជរដ្ឋាភិបាល​និង​ប្រទេស​កម្ពុជា​ទាំងមូល​។

នេះ​អាច​ជា​ហេតុផល ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​CNRP ហែ​ញត្តិ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ជួយ​ការពារ​អាយុជីវិត​សកម្មជន​CNRP ។ បើ​CNRP មាន​ចេតនា​ល្អ​តំណាងរាស្ត្រ​CNRP អាច​ដាក់​ញត្តិ​ជូន​ស្ថានទូត​នានា​ដោយ​ធម្មតា​មិន​ចាំបាច់​ប្រមូល​កម្លាំង​ពលរដ្ឋ​ទេ​»​។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕