នាំ​គ្នា​ទៅ​យក​មាន់​នៅផ្ទះ​មិត្តភក្តិ ប៉ុន្តែ​បែរជា​…

ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​បាត់​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ផឹកស៊ី​រួច​នាំ​គ្នា​​ទៅ​យក​មាន់​នៅផ្ទះ​មិត្តភក្តិ​ម្នាក់​ទៀត ប៉ុន្តែ​បែរ​ជា​​បើក​រថយន្ត​ទៅ​បុក​ដើម​ត្រ​សេក​ដុះ​នៅ​ក្បែរផ្លូវ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវលំ​ត្រង់​ចំណុច​ម្តុំ​គោក​ម្រះព្រៅ ស្ថិត​ក្នុងភូមិ​កូនខ្លែង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម្នាក់​ឈ្មោះ ញ៉​ក់ រ៉ា​យ៉ុ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ថ្ម​ជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក និង​ម្នាក់​ទៀត​ឈ្មោះ សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ស្រុក​មង្គល​បូ​រី ទាំង​២​នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​អ្នកបើកបរ​រថយន្ត​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​បាន​ស្រវឹងស្រា​ដូច​គ្នា បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1334 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​គោលបំណង​ទៅ​យក​មាន់​នៅផ្ទះ​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​ភូមិ​កូនខ្លែង​ដើម្បី​បន្ត​ការ​ផឹកស៊ី ស្រាប់តែ​បើករថយន្ត​បុក​ដើម​ត្រ​សេក​ដុះ​ក្បែរផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ក៏​សង្ស័យ​រង​ការ​របួស​ផង​ដែរ​តែ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕