នឹកសម្តីចុងក្រោយ «ឯង​យល់​អត់ ហើយ​បើ​ឯង​មិន​យល់​ទេ ទុកឱ្យអញ​ជា​អ្នក​​យល់»

រាជធានី​ភ្នំពេញ ៖  យុវជន​ម្នាក់​ឱ្យតែ​ផឹក​ស្រវឹង​តែង​រវើរវាយ​នឹកឃើញ​រឿង​ចាស់ ​ដែល​ខំ​ស្រឡាញ់​ស្រី​ម្នាក់ ​តែ​គេ​មិន​ស្រឡាញ់​ខ្លួន ហើយ​ទីបំផុត​បាន​ទៅ​ចងក​នឹង​វល្លិ​ត្រដិត​នៅ​លើ​ដើម​ដូង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ ​កញ្ញា នៅ​ខាងក្រោយ​​សាលា​បឋម​សិក្សា​សាមគ្គី ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។ យុវជន​រូប​នេះ​ឈ្មោះហម មក​រា ហៅគួ​យ អាយុ​២២​ឆ្នាំ ជា​កម្មករ​លី​សែង ស្នាក់​នៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ឈ្មោះជា សុ​ភ័ក្ត្រ ហៅ​តោ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ​ជាមួយ​គ្នា​​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​របស់​គេ​ម្នាក់​ឈ្មោះឡា​ច សំភព ហៅ​កណ្ដៀរ នៅ​ក្រោយ​ផ្ទះបាយ​របស់​​គេ ​។ ក្រោយមក​ គេ​ឃើញ ហម មក​រា ដើរ​កាន់​ដប​ស្រា​ហើយ​និយាយ​តែ​ម្នាក់ឯង លុះ​ពេល​ដើរមក​ជិត​រូបគេ​​បាន​សួរ​ថា ឯង​ឆ្កួត​ទេ​អី ដើរ​និយាយ​តែ​ម្នាក់ឯង​ហ្នឹង? ពេល​នោះ ហម មក​រា ឆ្លើយ​តប​វិញ​ថា «ឯង​យល់​អត់ ហើយ​បើ​ឯង​មិន​យល់​ទេ ទុក​ឲ្យ​អញ​ជា​អ្នក​យល់» បន្ទាប់​មក ​ក៏​ដើរ​ចេញ​ទៅ​បាត់​ទៅ ។

រីឯ​ឈ្មោះ សុ​ភ័ក្ត្រ ហៅ​តោ មិន​ចាប់អារម្មណ៍​ពី​រឿង​នេះ​ទេ និង​បាន​ចេញពីផ្ទះ​ដើរទៅ​ផ្ទះ​មិត្តភក្ដិ​របស់​គេ​ម្នាក់​ទៀត ។ មួយសន្ទុះ​ក្រោយមក ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ ជួប​បុរស​ម្នាក់​ដែល​អង្គុយ​ផឹក​ស៊ីជាមួយ​ឈ្មោះហម មក​រា ក៏​បាន​សួរ​រកមក​រា និង​បាន​ដើរ​រក​រហូត​ប្រទះ​ឃើញ​ចង.ក​នឹង​វល្លិ​ត្រដិត ដែល​ដុះ​លើ​ដើម​ដូង​ ក្នុង​ដី​ឡូត៍​មួយ​នៅ​ជាប់​សាលា​បឋម​សិក្សា​សាមគ្គី​ស្លាប់​បាត់​ទៅ ។

ខណៈនោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង និងរ​ត់ទៅ​ប្រាប់​សន្តិសុខ​សាលា​ឲ្យ​ទៅ​ប្រាប់​សាច់ញាតិ​មក​មើល​ជន​រង​គ្រោះ ។ បើ​តាម​បងប្រុស​បង្កើត​របស់​យុវជន​រូប​នេះ ចន្ទ ភា​រ៉ា បាន​ឲ្យ​ដឹង​ថា ប្អូនប្រុស​របស់​គាត់​ឲ្យ​តែ​ពេល​ផឹក​ស្រវឹង តែងតែមាន​ស្មារតី​មិនល្អ​រវើ​រវាយ​រហូត​ដល់​ស្វាង​ស្រា ​ទើប​គេ​ប្រែ​មក​មាន​ស្មារតី​ធម្មតា​វិញ ។

ម្យ៉ាងទៀត បើ​តាម​មិត្តភក្ដិ​ប្រាប់​ថា ជន​រង​គ្រោះ​ស្រឡាញ់​នារី​ម្នាក់​ តែ​នាង​មិន​ស្រឡាញ់​វិញ ទើប​កន្លង​មក​ គេ​តែង​មាន​បំណង​ធ្វើ​អត្តឃាត​តែ​មិន​បាន​សំរេច ។ លុះ​នៅ​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា​នោះ សង្ស័យ​តែ​ពេល​រូបគេ​ផឹក​ស្រវឹង​ហើយ​នឹកឃើញ​រឿង​ចាស់ ក៏​ចងក​សម្លាប់​ខ្លួន​បែប​នេះ​ទៅ ៕