ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​លើ​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ចាប់ពី​ថ្ងៃ​៩​កញ្ញា​តទៅ

ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​លើ​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ចាប់ពី​ថ្ងៃ​៩​កញ្ញា​តទៅ



រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ  និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា នឹង​ចាត់វិធានការ​តាម​ច្បាប់​ក្នុង​ការ​ទប់​ស្ដា​ត់​យានយន្ដ​កែ​ច្នៃ​ខុស បច្ចេកទេស និង​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី​ថ្ងៃ​ទី​៩ ខែកញ្ញា​តទៅ ក្នុង​គោលដៅ​រក្សា​សណ្ដាប់ធ្នាប់ សុ​វត្តិភាព​ចរាចរណ៍ និង​ទប់ស្កាត់​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ស្មារតី នៃ​កិច្ចប្រជុំ​ពិភាក្សា​លើ​វិធានការ​ទប់ស្កាត់​យានយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស និង​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​គោលដៅ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍ និង​ទប់ស្កាត់​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន សូម​ប្រាប់​ដល់​ម្ចាស់​យានយន្ដ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦​តទៅ ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​យានយន្ដ​ទាំងឡាយ​ដែល​បាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ។

នៅ​ក្នុង​សេចក្ដីជូនដំណឹង​រៀបរាប់​ទៀត​ថា សូម​យក​យានយន្ដ​របស់​ខ្លួន​ទៅ​កែតម្រូវ​លក្ខណៈ បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​អំពី​ទំហំ​រថយន្ដ ប្រវែង​ទទឹង​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​២,៥០​ម៉ែត្រ លើកលែងតែ​យាន​យ​ន្ដុ​បក​រណ៍​ដែល​មិន​ត្រូវ​ឲ្យ​លើស​ពី​៣​ម៉ែត្រ ។ ប្រវែង​កម្ពស់​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​៤,២០​ម៉ែត្រ ។ ប្រវែង​បណ្ដោយ​អតិបរមា​នៃ​រថយន្ដ​នីមួយ​ៗ​មិន​ត្រូវ​ឲ្យ​លើស​១២,២០​ម៉ែត្រ ។ ប្រវែង​បណ្ដោយ​អតិបរមា​នៃ​រថយន្ដ​នីមួយ​ៗ​ដែល​មាន​សណ្ដោង​សឺ​មី​រុ​ឺ​ម៉ក​មិន​ត្រូវ​ឲ្យ​លើស​ពី​១៦​ម៉ែត្រ​។ ប្រវែង​បណ្ដោយ​អតិបរមា​នៃ​រថយន្ដ​នីមួយ​ៗ​ដែល​មាន​សណ្ដោង​រ៉ី​ម៉ក មិន​ត្រូវ​ឲ្យ​លើស​ពី​១៨​ម៉ែត្រ ។ កម្ពស់​អតិបរមា​នៃ​ទ្រុង​ធម្មតា មិន​ត្រូវ​ឲ្យ​លើស​ពី​០,៥០​ម៉ែត្រ គិត​ពី​ដំបូល​យាន និង​ទទឹង​ទ្រុង​អតិបរមា​មិន​ត្រូវ​ឲ្យ​លើស​ពី​ទទឹង​កាប៊ី​ន ។ កម្ពស់​អតិបរមា​នៃ​ទ្រុង​ជា​ប្រអប់​បិទ​ជិត មិន​ត្រូវ​ឲ្យ​លើស​ពី​០,៨០​ម៉ែត្រ គិត​ពី​ដំបូល​យាន និង​ទទឹង​ទ្រុង​អតិបរមា​មិន​ត្រូវ​លើស​ពី​ទទឹង​ការ​ប៊ី​ន ។

ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​សម្ដែង​នូវ​សេចក្តី​សង្ឃឹម​និង​ជឿជាក់ លើ​ស្មារតី​ភ្ញាក់រឭក​ខ្ពស់​របស់​ម្ចាស់​យានយន្ត​កែ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ និង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ៕