កងអង្គរក្សរបស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ​​​ហ៊ុន សែន​​​ រំឭកខួបគម្រប់៧ឆ្នាំ

កាលពីម្សិលមិញ លោក ប៉ុល សារឿន  អគ្គមេបញ្ជាការកងទ័ពបានមានប្រសាសន៍ថា កងកម្លាំងរបស់លោក”ស្មោះត្រង់ប្តូរផ្តាច់”ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅពិធីមួយរំឭកខួបគម្រប់៧ឆ្នាំចាប់តាំងពីកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ត្រូវបានបង្កើតឡើងជាអង្គ ភាពផ្សេងមួយចេញពីកងពលតូចលេខ៧០។ កងអង្គរក្សរបស់លោក ហ៊ុន សែន ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ប៉ុន្តែ សារាចរណែនាំកាលពី ខែកញ្ញា ឆ្នាំ២០០៩បានផ្តាច់វាចេញពីកងពលតូចលេខ៧០។សមាជិករបស់កងអង្គរក្សនេះស្ថិតក្នុងចំណោមអង្គភាពដែលមានការហ្វឹកហាត់យ៉ាងល្អ និងបំពាក់សម្ភារគ្រប់គ្រាន់នៅក្នុងកងកម្លាំងប្រដាប់អាវុធ។ នៅពិធីមួយនៅទីបញ្ជាការដ្ឋានអង្គភាពស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំឭកដល់ឱកាសនោះ ឧត្តមសេនីយ៍ ប៉ុល សារឿន  ដែលលោក ហ៊ុន សែន បានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពក្នុងឆ្នាំ២០០៩ដែរនោះបានមានប្រសាសន៍ថា កងទ័ពគឺ “១០០ភាគរយ”ប្តេជ្ញាការពារក្រុមគ្រួសារលោក ហ៊ុន សែន។ អគ្គមេបញ្ជាការកងទ័ពរូបនេះបានមានប្រសាសន៍ថា ”កងទ័ពគឺស្មោះត្រង់ប្តូរផ្តាច់ និងការពារសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ព្រមទាំងក្រុមគ្រួសាររបស់លោក  ១០០ភាគរយ។ទី២យើងនឹងទប់ស្កាត់មិនឱ្យបដិវត្តន៍ពណ៌កើតឡើងក្នុងប្រទេសកម្ពុជាជាដាច់ខាត”។ មេដឹកនាំយោធាកំពូលៗដែលភាគច្រើនក៏ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែរនោះបានកំណត់ការសន្យារបស់ខ្លួនថានឹងស្មោះត្រង់ចំពោះលោក ហ៊ុន សែន ដោយនិយាយថា វាផ្អែកលើឋានៈរបស់លោក ជានាយករដ្ឋមន្ត្រីជាប់ឆ្នោតគឺមិនមែនដោយសារភាពស្មោះត្រង់ចំពោះបុគ្គលទេ។ លោក ហីុង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី បានប្រកាន់ខ្ជាប់ ចំពោះមាគា៌នោះនៅក្នុងសុន្ទរកថារបស់លោកដោយអះអាងថា អង្គភាពស្មោះត្រង់ចំពោះលោក ហ៊ុន សែន ពីព្រោះលោកជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ឧត្តមសេនីយ៍ ហីុង ប៊ុនហៀង បានមានប្រសាសន៍ថា “កងអង្គរក្ស មានភារកិច្ចការពារសុវត្ថិភាពថ្នាក់ដឹកនាំកំពូលក្នុងជួររដ្ឋាភិបាល ស្ថាប័ននានា និងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលស្របច្បាប់ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត”។ លោកបានបន្ថែមថា “ទីណាមានទឹកជំនន់ ឬខ្យល់ព្យុះ ទីនោះមានកងអង្គរក្សដែលមានភារកិច្ចជាសាខារបស់កាកបាទក្រហមកម្ពុជានិងក៏ជាសាខារបស់ក្រសួងធនធានទឹក និងឧតុនិយមផងដែរ”។ កងអង្គរក្សសម្រាំង ប៉ុន្តែសម្ងាត់របស់លោក ហ៊ុន សែន ត្រូវបានចោទប្រកាន់ថា បានរំលោភបំពានសិទ្ធិមនុស្សជាយូរមកហើយ។ កាលពីដើមឆ្នាំនេះ សមាជិក៣រូបរបស់កងអង្គរក្សនេះត្រូវបានរកឃើញពិរុទ្ធភាពពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប នៅខាងក្រៅរដ្ឋសភា។ អំឡុងការតវ៉ាគាំទ្រគណបក្សប្រជាជនកម្ពុជាដែលត្រូវបានប្រកាសដោយលោក ហ៊ុន សែន កងអង្គរក្សដែលស្លៀកពាក់ស៊ីវិលបានទាត់ធាក់ និងទន្ទ្រាំយ៉ាងរន្ធើនលើលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលត្រូវបានរងរបួសធ្ងន់ធ្ងរ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងបាងកករយៈពេលជាច្រើនខែ។ ក្នុងឆ្នាំ១៩៩៧ កងអង្គរក្សរបស់លោកហ៊ុន សែន ក៏ត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយគ្រាប់បែកផងដែរដែលបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់នៅការតវ៉ាមួយដែលដឹកនាំដោយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of […]

The post កងអង្គរក្សរបស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ​​​ហ៊ុន សែន​​​ រំឭកខួបគម្រប់៧ឆ្នាំ appeared first on The Cambodia Daily.