បញ្ហា​បូរណភាព​ទឹកដី​តាម​តំបន់​ព្រំដែន​ភាគ​ខាងកើត នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​

​កិច្ចប្រជុំ​រវាង​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​-​យួន កាលពី​ថ្ងៃទី​២៩-៣០ ខែសីហា ឆ្នាំ​២០១៦ មិន​ចេញ​ជា​លទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ព្រោះ​មន្ត្រី​យួន​បានត្រឹមតែ​សន្យា​ទទួលយក​សំណើ​របស់​កម្ពុជា​ទៅប្រាប់​មេដឹកនាំ​នៃ​រដ្ឋាភិបាល​យួន​ប៉ុណ្ណោះ​។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ គឺ​កិច្ចប្រជុំ​រវាង​មន្ត្រី​ព្រំដែន​កម្ពុជា​-​យួន មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​នោះទេ មានន័យថា​យួន​មិន​បញ្ឈប់​មហិច្ឆតា​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​ឡើយ​។ ជាក់ស្ដែង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​យួន​បានធ្វើ​សកម្មភាព​បំពាន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី ខេត្តស្វាយរៀង និង​ខេត្តតាកែវ យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សកម្មជន​ព្រំដែន​និង​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ការដែល​កិច្ចប្រជុំ​រវាង​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​-​យួន កាលពី​ថ្ងៃទី​២៩-៣០ ខែសីហា ឆ្នាំ​២០១៦ មិនអាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ទៅរួច គឺ​ដោយសារ​ភាគី​ទាំងពីរ​មាន​ចំណុច​ខ្វែងគំនិត​គ្នា​។ រហូតមកដល់​ពេលនេះ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​តាម​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​យួន​មិនទាន់​លុប​ស្រះ​ទឹក​ចំនួន​៨​ដែល​គេ​ជីក​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​នោះទេ ចំណែក​ប៉ុស្ដិ៍​យាម​ចំនួន​ពីរ​គ្រាន់តែ​ផ្អាក​សកម្មភាព​មួយរយៈ​ខ្លី​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​មានការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់ចេញ​នូវ​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី ទប់ទល់​នឹង​សកម្មភាព​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​។

ទន្ទឹមនឹង​នេះដែរ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ប៉ែក​ខាងកើត​ជាប់​ព្រំប្រទល់​ជាមួយ​យួន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់ផ្ដើម​អភិវឌ្ឍន៍​តាម​ព្រំដែន​ឲ្យ​បាន​ឆាប់​ដូច​ការគ្រោងទុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅតាម​ខ្សែ​ព្រំដែន​កាន់តែ​ច្រើនឡើងៗ ហើយ​ក្លាយទៅជា​របង​ការពារ​បូរណភាព​ទឹកដី​។ សេចក្ដីត្រូវការ​ចាំបាច់​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទៅ​រស់​នៅតាម​តំបន់​ព្រំដែន​ភាគ​ខាងកើត​នោះ គឺ​ត្រូវមាន​ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ការយកចិត្តទុកដាក់​ផ្នែក​ជីវភាព​សព្វបែបយ៉ាង​។ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិត​ជាមាន​ឆន្ទៈ​ក្នុង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ព្រំដែន​ភាគ​ខាងកើត​ជាប់​ជាមួយ​ប្រទេស​យួន​មែន គឺ​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​និង​ចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ ហើយ​យួន​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀតឡើយ​។ លើស​នេះ​ទៅទៀត​នៅពេល​តាម​តំបន់​ព្រំដែន​មាន​ប្រឡាយទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​នោះ គឺ​ពុំមាន​ប្រជាកសិករ​ខ្មែរ​ណា​ជួល​ដីស្រែ​តាម​ព្រំដែន​ឲ្យ​ជនជាតិ​យួន​ប្រកប​របរ​កសិកម្ម​តទៅ​ទៀតឡើយ​៕

fn-2016-08-29-08-46-06-2