ក្រសួង​សុខាភិបាល​បំពាក់​ម៉ាស៊ីន​ស្កេន​រក​វីរុស​ហ៊្សីកា​នៅ​អាកាសយានដ្ឋាន​និង​ច្រក​ព្រំដែន

ម៉ាស៊ីន​ស្កេន​ធំ ៥​គ្រឿង ត្រូវ​បាន​ដាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ច្រក​បាវិត ខេត្ត​ស្វាយរៀង និង​ច្រក​ព្រែកចាក ខេត្ត​កំពត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​វីរុស​ហ៊្សីកា (Zika)។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ អោយ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា ថា ការ​ដំឡើង​ម៉ាស៊ីន​ស្កេន​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ប្រព័ន្ធ​តាមដាន និង​គ្រប់គ្រង​ការ​សាយភាយ​នៃ​វីរុស​ហ៊្សីកា ក្នុង​តំបន់​ដែល​កំពុង​កើន​ឡើង។

បន្ថែម​ពី​លើ​ម៉ាស៊ីន​ធំ​ទាំង ៥ លោក លី សូវ៉ាន់ ថា ក្រសួង​ក៏​បាន​ដាក់​ម៉ាស៊ីន​តូច​ចំនួន ១០ នៅ​តាម​ច្រក​ព្រំដែន​ដទៃ​ទៀត ព្រមទាំង​មាន​ការ​ចែក​លិខិត​ណែនាំ និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ដល់​ប្រជាជន​នៅ​ទីនោះ​ដែរ។

វីរុស​ហ៊្សីកា ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កម្រិត​ឆ្លង​ខ្លាំង​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​ចរាចរ​ច្រើន ឧទាហរណ៍​ដូចជា​ប្រទេស​សិង្ហបុរី ដែល​អ្នក​ឆ្លង​មេរោគ​នេះ​កើន​ឡើង​រហូត​ដល់ ២៣២​ករណី។

របាយការណ៍​ពី​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ សម្រាប់​កម្ពុជា គឺ​មិន​ទាន់​មាន​ការ​ឆ្លង​វីរុស​ហ៊្សីកា​នេះ​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង មាន​ប្រទេស​ថៃ និង​វៀតណាម មាន​វត្តមាន​នៃ​វីរុស​នេះ​ហើយ។ បច្ចុប្បន្ន​នេះ​វីរុស​ហ៊្សីកា នៅ​តំបន់​អាស៊ីអាគ្នេយ៍​ កំពុង​ត្រូវ​បាន​គេ​សិក្សា​ថា តើ​វា​ជា​ប្រភេទ​វីរុស​ស្លូត​ក្នុង​ស្រុក ឬ​ក៏​ជា​ប្រភេទ​ឆ្លង​មក​ពី​ទ្វីប​អាមេរិក​ខាងត្បូង និង​អាមេរិក កណ្ដាល​ដែល​គ្រោះថ្នាក់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ។ ទោះ​បី​ជា​មិន​ទាន់​មាន​លទ្ធផល​សម្រេច​ពី​ការ​សិក្សា​ក៏ដោយ ប្រទេស​នីមួយៗ​ក្នុង​តំបន់​បាន​ចាប់​ផ្ដើម​រៀបចំ​ប្រព័ន្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។