មុន​នេះ​បន្តិច ប៉ូលិស​បាញ់​ចោរ​បាក់ជើង

ខេត្តបាត់ដំបង ៖ មុខសញ្ញា​ចោរលួច​កាច់​.​ក​ម៉ូតូ​ដ៍ស​កម្ម​ម្នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង​បាន​រង​បួស​បាក់ជើង ដោយសារ​ប៉ូលិស​បាញ់ ខណៈ​រត់គេច​ពី​សមត្ថកិច្ច ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ២០១៦ ក្នុង​បរិវេណ​មណ្ឌល​សុខភាព​ស្វាយប៉ោ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា ជន​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​ដ៍ស​កម្មនេះ​ឈ្មោះ ជា សំណាង អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​០៥ កញ្ញា ២០១៦ ជន​នេះ​បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បាន​សម្រេច​ម្តង​ហើយ ហើយក៍​ត្រូវ​បាន​សមត្ថកិច្ច​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ប្រមាញ់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ស្រាប់តែ​មុន​ពេល​កើតហេតុ ជន​នេះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក SZ យក​ទៅ​ផ្ញើ​នៅ​ក្នុង​មន្ទីរពេទ្យ​ធំ រួច​បាន​ដើរ​ចូល​ក្នុង​បរិវេណ​មណ្ឌល​សុខភាព​ស្វាយប៉ោ ដោយ​ឈរ​រេរា​ក្បែរ​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ទំនងជា​ប្រុង​លួច​កាច់ក​ទៀត ក៍​ត្រូវ​ប៉ូលិស​ឃើញ​ក៍​ហៅ​សួរនាំ ប៉ុន្តែ​ជន​នេះ​មិន​ឆ្លើយ​បែរជា​រត់គេច​ធ្វើ​ឲ្យ​ប៉ូលិស​ផ្ទុះអាវុធ​បាញ់​ចំ​ជើង​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ឈ្មោះ ជា សំណាង យក​ទៅ​ព្យាបាល​រុំ​មុខរបួស​រួច​ក៍​បញ្ជូន​មក​អធិការ​ក្រុង​បាត់ដំបង​ដើម្បី​សួរនាំ​និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នេះ សមត្ថកិច្ច​បាន​ទៅ​ឆែកឆេរ​នៅ​សណ្ឋាគារ​«​រតនៈ​សោ​ភ័​ណ្ឌ​» ស្ថិត​ក្នុងភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ទី​ដែល​ជន​នេះ​បាន​ជួល​បន្ទប់​ស្នាក់​នៅ ដើម្បី​រក​ភស្តុ​ង​តាង​បន្ថែម ៕