ល្បែងស៊ីសង​ក្នុង​ទឹកដី​ខណ្ឌចំការមន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន​ទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​អំពើចោរកម្ម​លួច​ឆក់​ប្លន់ ក៏ដូចជា​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​។ តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ បាន​ឲ្យ​ដឹងថា​នៅក្នុង​ភោជនីយដ្ឋាន​ធំ​មួយ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២​ខាងកើត​សាលារៀន​ទួល​ទំពូង មាន​គេ​បើក​លេងល្បែង​ស៊ីសង​តាម​អំពើ​ចិត្ត​។ ម្ចាស់​កន្លែង​បើក​ល្បែងស៊ីសង​នោះ​មានឈ្មោះ សៀង ហើយ​បុគ្គល​នេះ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​បើក​លេងល្បែង​ស៊ីសង​នោះបាន​ឲ្យ​ដឹងថា​ឈ្មោះ សៀង មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​យក​តុង​ពី​ល្បែងស៊ីសង​យ៉ាង​ស្ងៀមស្ងាត់​ជា​យូរ​មកហើយ​។ អ្នក​ចូល​លេង​ល្បែងស៊ីសង​នៅ​ជាន់​ខាងលើ​នៃ​ភោជនីយដ្ឋាន​តាមផ្លូវ​លេខ​៤៣២ ខាងកើត​សាលារៀន​ទួល​ទំពូង​នោះ មាន​ទាំង​មន្ត្រីនគរបាល មន្ត្រី​យោធា និង​អ្នកជំនួញ​ធំៗ​មួយចំនួន ព្រោះ​ម្ចាស់​ទីតាំង​បាន​ធានា​សុវត្ថិភាព​ដល់​ពួកគេ​។ ភោជនីយដ្ឋាន​នោះ​នៅក្រោម​មាន​លក់​ចំណីអាហារ​និង​កាហ្វេ ប៉ុន្តែ​ជាន់​ខាងលើ​មាន​ល្បែង​បៀ​ជាច្រើន​ប្រភេទ ហើយ​អ្នកខ្លះ​ចាញ់​អស់​លុយកាក់​ម៉ូតូ​និង​រថយន្ត​ទៀតផង ចំណែក​ឈ្មោះ សៀង អាច​យក​តុង​ពី​វង់ល្បែង​និង​បាន​ចំណូល​ពី​ការ​បញ្ចាំ​ទ្រព្យសម្បត្តិ​ផ្សេងៗ​រាប់រយ​រាប់ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃៗ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ឡើយ​។

​ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ទឹកដី​ខណ្ឌចំការមន​ជាបន្ទាន់ ព្រោះ​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ជាក់ស្ដែង​បន​ល្បែង​ដែល​ឈ្មោះ សៀង ជា​អ្នកបើក​នោះ​មាន​លេងបៀ​ដូចជា អុង​ឌូ បុក​ក្ឌាំង អូស​ផែ និង​ឡាស់​ជាដើម ហើយ​អ្នកញៀន​ល្បែង​ទាំងស្រី​ទាំងប្រុស ទាំង​មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​មួយចំនួន បាន​ចូលទៅ​លេងល្បែង​យ៉ាង​សុខ​ស្រួល​។ បន​ល្បែង​នោះ​មើល​ពី​ខាងក្រៅ​គឺជា​ភោជនីយដ្ឋាន មាន​លក់​កាហ្វេ និង​ចំណីអាហារ​ផ្សេងៗ ប៉ុន្តែ​រថយន្ត​និង​ម៉ូតូ​ដែល​ចត​ត្រៀបត្រា​ខាងមុខ​នោះ គឺជា​របស់​អ្នក​ឡើងទៅ​លេងល្បែង​នៅ​ជាន់​ខាងលើ ហើយ​អ្នកខ្លះ​ត្រូវ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​ម៉ូតូ​រថយន្ត​ជា​បន្តបន្ទាប់​៕

20160331015935លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ Pic15លោក យិន សាន អធិការនគរបាលខណ្ឌចំការមន